(ព្រះសីហនុ)៖ រមណីយដ្ឋាន «ទឹកធ្លាក់ក្បាលឆាយ» ដែលជាប្រភេទទឹកជ្រោះឬទឹកធ្លាក់តាមបែបទេសចរណ៍ធម្មជាតិ កំពុងទាក់ទាញបានភ្ញៀវទេសចរយ៉ាងច្រើនកុះករនារដូវវស្សានេះ ដោយសារសម្រស់ធម្មជាតិព្រៃព្រឹក្សាយ៉ាងស្រស់បំព្រង អមជាមួយនឹងវត្តមានទឹកធ្លាក់ពីលើភ្នំ​ និង​ផ្ទាំង​ថ្ម​ដ៏​ខ្ព​ស់ជាមួយ​ទេសភាព​ខ្យល់អាកាស​បរិសុទ្ធ ព្រៃឈើ​ធំៗ​ខ្ពស់ៗ និងភ្នំ​ដ៏​ស្រស់ស្អាត ក្នុងការទាក់ចិត្តភ្ញៀវទេសចរឱ្យទៅលេងកម្សាន្ត។

ទឹកធ្លាក់ក្បាលឆាយនេះមានទីតាំងសំខាន់ដូចជា៖ ហែលទឹក ឬលេងទឹក, ញុំអាហារ, ពិកនិច, ដើរលេងថ្មើរជើង និងមានចំណុចផ្សេងៗជាច្រើនទៀត។

សូមជម្រាបថា ភ្ញៀវទេសចរអាចធ្វើដំណើរចេញពីរាជធានីភ្នំពេញ តាមផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ប្រមាណ ២ម៉ោង នឹងទៅដល់ចំណុចផ្លូវជាតិលេខ៤ ហើយអាចបត់ស្តាំប្រមាណជិត ១គីឡូម៉ែត្រទៀត នឹងឃើញមានផ្លូវបត់ស្តាំមួយទៀត រួចបត់ស្តាំបន្តដំណើរតាមផ្លូវនេះប្រមាណជិត ១០គីឡូម៉ែត្រ ភ្ញៀវទេសចរនឹងឃើញវត្តមាន រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ក្បាលឆាយនេះ ដែលមានមានទីតាំងស្ថិតនៅ ភូមិអូរត្រាវ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជាមួយនឹងស្នូរសំលេងទឹកធ្លាក់យ៉ាង​ពិ​រោះ​រណ្តំ​ អមជាមួយនឹងសំណើចក្អាកក្អាយពីសំណាក់ភ្ញៀវទេសចរកំពុងលេងទឹកយ៉ាងសប្បាយរីករាយ អ្នកនាង ភួង កែវដានេ បានរៀបរាប់ឱ្យភ្នាក់ងារបណ្តាញព័ត៌មាន Fresh News ដឹងនាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ថា នាងពិតជាមានអារម្មណ៍សប្បាយរីករាយ នៅពេលដែលបានមកដល់ទីតាំងរមណីយដ្ឋាន «ទឹកធ្លាក់ក្បាលឆាយ»នេះ។ ជាមួយនឹងស្នូរសំលេងសត្វយំ សំលេងទឹកធ្លាក់យ៉ាងពីរោះរណ្តំ អមជាមួយធម្មជាតិយ៉ាងស្រស់ស្អាតគ្មានពីរនេះ ហាក់ធ្វើឱ្យអ្នកនាងបំភ្លេចអស់រាល់ទុក្ខកង្វល់ទាំងឡាងទាំងពួងបាន។

អ្នកនាង ភួង កែវដានេ បានរៀបរាប់ទៀតថា ជាមួយនឹងធម្មជាតិយ៉ាងស្រស់ស្អាត ទឹកធ្លាក់ពីលើផ្តាំងថ្មភ្នំ យ៉ាងត្រជាក់ស្រេបដល់ក្នុងជម្រៅចិត្តនេះ បានធ្វើឱ្យរូបនាងបាត់អស់ភាពតានតឹង និងភាពសោកសៅក្នុងចិត្ត ហើយទទួលបានតែអារម្មណ៍ស្រស់ស្រាយ និងរីករាយជាខ្លាំង នឹងធ្វើឱ្យរូបនាងមិនចង់ឃ្លាតឆ្ងាយពីទីនេះនោះឡើយ នាងនឹងបន្តមកកាន់ទីនេះម្តងទៀតនៅពេលក្រោយផងដែរ។

ដោយឡែក អ្នកនាង ឆេង សុជាតា ដែលបានមកកាន់ទីតាំងនេះជាមួយគ្រួសារ បានរៀបរាប់ដែរថា រមណីយដ្ឋាន «ទឹកធ្លាក់ក្បាលឆាយ» ជាទីរមណីយដ្ឋានដ៏ល្អឯកមួយនៅក្នុងខេត្តព្រះសីហនុ ក៏ដូចជាសម្រាប់ប្រទេសកម្ពុជា ដែលមានសម្រស់ទឹកធ្លាក់ធម្មជាតិដ៏ទាក់ទាញ ដែលជាទីសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តនារដូវវស្សានេះ។

តែទោះជាយ៉ាងណាអ្នកនាង ឆេង សុជាតា បានរៀបរាប់ដែរថា ទោះបីជាទីនេះមានសម្រស់ធម្មជាតិដ៏ល្អឯកយ៉ាងណាក៏ដោយ តែសម្រាប់ផ្លូវចូលតំបន់រមណីយដ្ឋាននេះហាក់នៅមានកម្រិតនៅឡើយ។ អ្នកនាបានអំពាវនាវដល់អាជ្ញាធរ និងអ្នកពាក់ព័ន្ធធ្វើយ៉ាងណាជួយសម្រួលរៀបចំផ្លូវមួយនេះឱ្យបានល្អប្រសើរជាងនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យបានកាន់តែច្រើនថែមទៀត។

សូមបញ្ជាក់ដែរថា ទឹកធ្លាក់ក្បាលឆាយត្រូវបានរកឃើញក្នុងឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៦៣ និងត្រូវបានរៀបចំជាកន្លែងប្រភពផ្ដល់ទឹកស្អាត សម្រាប់ប្រើប្រាស់នៅក្នុងក្រុងព្រះសីហនុ ប៉ុន្តែការស្ថាបនានោះក៏ត្រូវបានខកខានដោយសារសង្គ្រាមកើតឡើង ហើយតំបន់នោះក៏ក្លាយជាតំបន់លាក់ខ្លួនរបស់ក្រុមខ្មែរក្រហម។ លុះមកដល់ឆ្នាំ១៩៩៧ តំបន់នោះបានប្រែក្លាយជាតំបន់អភិវឌ្ឍន៍។ នៅឆ្នាំ១៩៩៨ តំបន់ក្បាលឆាយត្រូវបានក្រុមហ៊ុនឯកជនដេញថ្លៃរួចចាប់ផ្ដើមកសាងផ្លូវ ប្រែក្លាយតំបន់នេះជារមណីយដ្ឋានទេសចរណ៍សម្រាប់អ្នកទេសចរក្នុង និងក្រៅប្រទេសទៅលេងកម្សាន្តផងដែរ៕