(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយ ដោយបានស្នើឲ្យប្រជាកសិករ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករ ចូលរួមសហការផ្តល់ និងផ្លាស់ប្តូរព័ត៌មាន ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដូចជាការធ្លាក់ចុះតម្លៃ ស្រូវជាដើម។
ការស្នើរបស់សហព័ន្ធស្រូវអង្ករ ធ្វើឡើងរយៈពេលប៉ុន្មានសប្តាហ៍នេះ មានការធ្លាក់ចុះនៃតម្លៃស្រូវ ដែលជាក្តីព្រួយបារម្ភ របស់ប្រជាកសិករ និងរាជរដ្ឋាភិបាលផងដែរ ។
សហព័ន្ធស្រូវអង្ករកម្ពុជា បានសុំការសហការពីបងប្អូនប្រជាកសិករ រោងម៉ាស៊ីន និងក្រុមហ៊ុននាំចេញទាំងអស់ ដូចខាងក្រោម៖
- សុំធ្វើការទាក់ទង ទៅប្រធានសហគមន៍កសិកម្មក្នុងមូលដ្ឋាន ដើម្បីប្រមូលបាននូវបញ្ហាប្រឈម នៅក្នុងមូលដ្ឋាននិមួយៗរបស់បងប្អូន ហើយស្នើឲ្យប្រធានសហគមន៍ កសិកម្មធ្វើការទំនាក់ទំនង មកសហព័ន្ធស្រូវអង្ករកម្ពុជា ឲ្យបានឆាប់ដើម្បីស្វែងរកដំណោះស្រាយ ជូនបងប្អូនឲ្យបានឆាប់។
- ស្នើឲ្យសមាជិករោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញទាំងអស់ នៅតាមរាជធានីខេត្ត ទាក់ទងជាមួយសហព័ន្ធ ដើម្បីយកព័ត៌មានបន្ថែម ក្នុងការសហការជួយប្រមូលទិញស្រូវ ពីសហគមន៍កសិករឲ្យអស់ពីលទ្ធភាព ឬអាចជួលកន្លែងសម្រាប់សម្ងួតឬស្តុកទុក ដល់សហគមន៍កសិករដែលកំពុងជួបការលំបាក៕