(ដាណឺម៉ាក)៖ បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសអូស្រ្តាលី ឥឡូវនេះដល់វេនប្រទេសដាណឺម៉ាក វិញម្ដងដែលជាសមាជិក នៃក្រុមចំរុះអន្តរជាតិ បានអះអាងពីការចូលរួមនៅក្នុងការវាយប្រហារ តាមផ្លូវអាកាសដោយច្រឡំ ទៅលើកងទ័ពរដ្ឋាភិបាលស៊ីរី ហើយថាខ្លួននឹងចូលរួមនៅក្នុងការស៊ើបអង្កេត ដើម្បីរកឲ្យឃើញពីភាពពិត ដែលនាំឲ្យកើតកំហុសនេះ។ នេះបើតាមការចុះផ្សាយ របស់សារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០១៦។
យោងតាមការិយាល័យព័ត៌មានយោធាដាណឺម៉ាក យន្ដហោះចម្បាំងធុន F-16 ពីរគ្រឿងរបស់ កងទ័ពអាកាស ដាណឺម៉ាក បានចូលរួមនៅក្នុងការវាយប្រហារតាមផ្លូវអាកាស ទៅលើមូលដ្ឋានទ័ពស៊ីរី នៅក្បែរទីក្រុង Deir ez Zor ដែលបានផ្ដាច់យកជីវិតកងទ័ពរដ្ឋាភិបាលស៊ីរី ៦២ នាក់ និង ១០០ នាក់ផ្សេងទៀត បានរងរបួស។
កាលពីថ្ងៃសៅរ៍ កន្លងទៅ ក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍ថា យន្ដហោះចម្បំាងរបស់ក្រុមចំរុះ អន្តរជាតិ ដឹកនំាដោយសហរដ្ឋអាមេរិក បានវាយប្រហារតាមផ្លូវអាកាសបួនលើក ទៅលើមូលដ្ឋានទ័ពស៊ីរី ដែលស្ថិតនៅ ក្រោមការឡោមព័ទ្ធដោយក្រុម ISIS នៅជិតទីក្រុង Deir ez Zor។ តែយ៉ាងណាក៏ដោយ អ្នកនាំពាក្យមន្ទី Pentagone បានបញ្ជាក់ថាការវាយប្រហារនេះ គឺមានគោលដៅទៅលើក្រុម ISIS តែប៉ុណ្ណោះ ព្រមទំាងបានបញ្ឈប់ប្រតិបត្តិការយោធាជាបន្ទាន់ នៅក្រោយពេលដឹងថាមានការភ័ន្ដច្រឡំ។ ចំណែកឯរដ្ឋបាលរបស់ លោក បារ៉ាក់ អូបាម៉ា ក៏បានសម្ដែងការសូមទោសជាផ្លូវការផងដែរ។
គួរបញ្ជាក់ថា ក្រុមចំរុះអន្តរជាតិដឹកនំា ដោយសហរដ្ឋអាមេរិក បានបើកប្រតិបត្តិការយោធាប្រឆំាងនឹងក្រុម ISIS កាលពីឆ្នាំ២០១៤ ដោយមិនមាន ការយល់ព្រមពីក្រុមប្រឹក្សា សន្តិសុខអង្គការ សហប្រជាជាតិ ឬអាជ្ញាធរស៊ីរី នោះឡើយ៕