(បាត់ដំបង)៖ វេទិកាពិគ្រោះយោបល់ ជាមួយសមាគមអង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា នៅមូលដ្ឋានក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង លើកទី៨ ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក អ៊ុយ រី

ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង។ ពិធីនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំសាលា ខេត្តបាត់ដំបង។

ពិធីនេះ ដោយមានការអញ្ជើញចូលរួមពីអភិបាល ក្រុង ស្រុក ប្រធាន មន្ទីរ អង្គភាព នានាជុំវិញខេត្ត កងកម្លាំង សមាគមអង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា ក្នុងនោះដែលក្នុងបញ្ជីមានសរុបចំនួន ១២៧ អង្គភាពមាន៖ អង្គការចំនួន៨២, សហគមន៍២៣, អង្គការអន្តរជាតិ២២ នៅមូលដ្ឋានក្នុងខេត្តជាច្រើននាក់ចូលរួមផងដែរ។

លោក សុខ លូ បានបើកកិច្ចប្រជុំវេទិកាជាមួយសមាគមអង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា នៅមូលដ្ឋានក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង លើកទី៨ ឆ្នាំ២០២៤ថា សូមអស់លោក ដែលជា សមាគមអង្គការ មិនមែនរដ្ឋាភិបាល និងសហគមន៍នានា ត្រូវចូលរួមសហការជាមួយរដ្ឋបាលខេត្តជាប្រចាំ ដើម្បីឲ្យរដ្ឋបាលខេត្តផ្តល់យោបល់ជូន និងកែតម្រូវ មិនមែនធ្វើសកម្មភាពនានារបស់ខ្លួន ដោយមិនបានសហការ និងធ្វើរបាយការណ៍ត្រលប់មកវិញ ជូនរដ្ឋបាលខេត្តជាចាំបាច់ ដើម្បីតាមដានមើលសកម្មភាព សមាគមណា ដែលធ្វើកិច្ចការរបស់ខ្លួន ខុសពីគោលនយោបាយរាជរដ្ឋាភិបាល និងភាពចាំបាច់របស់រដ្ឋបាលខេត្ត។

លោកអភិបាលខេត្ត បានបន្តថា សមាគមអង្គការមិនមែនរដ្ឋាភិបាលនិងសហគមន៍នានា មិនមែនធ្វើសកម្មភាពរបស់ខ្លួន ដោយមិនបានសុំគោលការណ៍ មិនបានរាយការណ៍ និងធ្វើរបាយការណ៍ជូនខេត្តឲ្យបានទាន់ពេលវេលា ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងទទួលយោបល់ និងអនុសាសន៍ថ្មីៗពីថ្នាក់ដឹកនាំខេត្តបានដឹងផងដែរ។

លោក បានបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្ត តែងតែស្វាគមន៍ និងថ្លែងអំណរគុណដល់អង្គការដៃគូ ដែលបានសហការជួយអភិវឌ្ឍន៍មូលដ្ឋាន និងអភិវឌ្ឍន៍ជាតិយើងឲ្យមានការរីកចំរើន ដើម្បីជាប្រយោជន៍ បន្សល់ទុកជូនប្រជាពលរដ្ឋ និងយុវជនក្មេងជំនាន់ក្រោយ ឲ្យចេះស្រលាញ់ និងខិតខំថែរក្សាសមិទ្ធផល ប្រយោជន៍រួមជាតិ យើងឲ្យបានរុងរឿងនាពេលអនាគតផង។

លោកបានអំពាវនាវដល់សមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា សូមមេត្តាចូលរួមជួយផ្តល់ដើមឈើ និងជួយជាកម្លាំង ក្នុងយុទ្ធនាការដាំដើមឈើតាមទិសស្លោក «ផ្ទះ១ខ្នងត្រូវដាំដើមឈើ១ដើម» ដោយចាប់ផ្តើមជំហ៊ានដំបូងពីក្រុងបាត់ដំបង ជាង២ម៉ឺនដើមនាថ្ងៃទី១១ ខែ កក្កដាឆ្នាំ ២០២៤ខាងមុខ និងបន្តដាំនៅតាមស្រុកទីប្រជុំជននានា បន្ថែមទៀតផងដែរ ។

ក្នុងឱកាសនោះដែរ តំណាងអង្គការនានា បានឡើងមានមតិ សំនួរ និងសំណូមពរ ដល់លោកអភិបាលខេត្ត ពីការសុំច្បាប់រដ្ឋបាលខេត្តធ្វើសកម្មភាពនានា ដើម្បីធ្វើការដោះស្រាយ និងឆ្លើយតបក្នុងវេទិកា ពិគ្រោះយោបល់នេះផងដែរ។

ដើម្បីឆ្លើយតបសំនួរ និងសំណូមពរតំណាងអង្គការនានា លោក សុខ លូ បានបញ្ជាក់ថា ក្នុងនាមអង្គការមិនមែនរដ្ឋាភិបាល ដែលមានច្បាប់ត្រឹមត្រូវហើយ គឺមានសិទ្ធធ្វើសកម្មភាពរបស់ខ្លួន ហើយគ្រាន់តែធ្វើសេចក្តីជូនដំណឹងដល់អាជ្ញាធរ និងរដ្ឋបាលខេត្តបានហើយ លើកលែងតែសកម្មភាពនោះ មានលក្ខណៈខុសច្បាប់ប៉ុណ្ណោះ ទើបអាជ្ញាធរយើងមិនអនុញ្ញាត ឲ្យធ្វើសកម្មភាពទាំងនោះបានឡើយ។

ក្នុងឱកាសនោះដែរ លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើងថា សមាគមអង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា ត្រូវសហការជាមួយរដ្ឋបាលខេត្ត ជាដៃគូរប្រតិបត្តិការ ដើម្បីដោះស្រាយបញ្ហាផ្សេងៗក្នុងសង្គម និងរួមគ្នាជួយអភិវឌ្ឃន៍មូលដ្ឋានលើគ្រប់វិស័យ សម្រាប់ជូនជាប្រយោជន៍ជាតិ និងប្រជាពលរដ្ឋយើងឲ្យមានការរីចម្រើនជាបន្តបន្ទាប់ និងនាំគ្នាជួយរក្សាសមិទ្ធផលផ្សេងៗដែលបានធ្វើកន្លងមក បានស្ថិតស្ថេរយូរអង្វែងតទៅ។

លោក សុខ លូ បានបន្ថែមថា មានអង្គការ១មានគោលការណ៍របស់ខ្លួនថា គឺហាមទាំងម្ចាស់ហាង និងអ្នកទិញដែលមានអាយុក្រោយអាយុ១៨ឆ្នាំ ទៅទិញនិងលក់ឲ្យនូវស្រាបៀ និងបារី គឺមិនអនុញ្ញាត ហាមម្ចាស់ហាងមិនឲ្យលក់ និង ហាមមិនឲ្យទិញជាដាច់ខាត នៅតាមបណ្តាហាងនៅជិតសាលារៀន វត្តអារ៉ាមឬ កន្លែង ផ្សេងៗទៀត ជាដើម-ល-៕