(​ថៃ)៖ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ក្រោមកិច្ចសម្របសម្រួលពីអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀននិងឧក្រិដ្ឋកម្ម (UNODC) ប្រទេសនៅទាំង៦ នៃមហាអនុតំបន់ទន្លេមេគង្គមាន៖ ចិន កម្ពុជា ថៃ មីយ៉ាន់ម៉ា ឡាវ វៀតណាម បានសម្ពោធ និងបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី១ នៃក្រុមការងារប្រទេសហត្ថលេខី MOU។

ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានក្រុមសម្របសម្រួលកម្ពុជា បានជម្រាបជូនឱ្យដឹងថា កិច្ចប្រជុំនេះកើតឡើងពីស្មារតីកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី១៤ នៃប្រទេសហត្ថលេខី MoU កាលពីខែកញ្ញា ឆ្នាំ​​២០២៣ នៅទីក្រុងប៉េងកាំងកន្លងទៅ ប្រទេសមាជិកទាំង៦បាន​អនុម័តនូវឯកសារ​សំណើរ​គំនិតផ្តួចផ្តើមរបស់ប្រទេសចិន ស្តីពីការរួមគ្នាដោះស្រាយបញ្ហាគ្រឿង​ញៀនសំយោគ នៅក្នុង​ម​ហា​អនុតំបន់ទន្លេមេគង្គ ។​

ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បន្តថា ក្រុមការងារចំនួន៣រួមមាន៖

*ទី១៖ ក្រុមការងារអប់រំ បង្កាបញ្ហាគ្រឿងញៀន
*ទី២៖ ក្រុមការងារត្រួតពិនិត្យសារធាតុគីមីផ្សំ
*ទី៣៖ ក្រុមការងារកោសល្យវិច័យគ្រឿងញៀន ហើយក្រុមការងារទាំងបីបានអនុម័តដាក់ឱ្យអនុវត្តជាផ្លូវការនៅក្នុងកិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់នៅប្រទេសឡាវ កាលពីចុងខែឧសភា កន្លងទៅ និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ និងកិច្ចប្រជុំប្រចាំឆ្នាំលើកដំបូងនៅថ្ងៃទី២-៣​ខែកក្កដា ឆ្នាំ២០២៤ នេះ។

លោកស្រី លីលី សាង (Ms Lili Sang ) មន្រ្តីកម្មវិធី UNODC ប្រចាំតំបន់អាស៊ីអគ្នេយ៍និងប៉ាស៊ីភិច បានជម្រាបជូនពីគោលបំណងគឺដើម្បីជំរុញកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន ពង្រឹងសមត្ថភាពជំនាញ ដល់មន្ត្រីត្រួតពិនិត្យគ្រឿងញៀន សម្របសម្រួល ចែករំលែកបទពិសោធន៍ វិធីសាស្រ្តល្អៗ និងការវិវត្តន៍ទីផ្សារថ្នាំញៀនសំយោគ ចូលរួមកាត់បន្ថយឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងគ្រឿងញៀន និងការលើកកម្ពស់សុវត្ថិភាពសង្គមពីបញ្ហាគ្រឿងញៀន៕