(ស្ទឹងត្រែង)៖ ដើម្បីអបអរសាទររុក្ខទិវាជាតិ ទិវាដាំដើមឈើ ៩ កក្ដដា ឆ្នាំ២០២៤ខាងមុខ លោកស្រី កែកុល សោភា អគ្គនាយិកាក្រុមហ៊ុន លីន វតី នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំបុគ្គលិក កម្មករ ដាំដើមឈើចម្រុះ ជាច្រើនប្រភេទ ក្នុងនោះដើមក្ងោកចំនួន៣៥០០ដើម ដែលងាយឆាប់ដុះ ចេញផ្កាបានល្អ ជាសោភ័ណភាព លម្អរតាមផ្លូវសាធារណៈ ពីផ្លូវជាតិចូលទៅក្រុមហ៊ុន ដើម្បីបម្រើឱ្យផលប្រយោជន៍សាធារណៈ និងដាំតាមផ្លូវព័ទ្ធជុំវិញ បរិវេណក្រុមហ៊ុន ដែលស្ថិតនៅភូមិប្រឡាយខ្លុង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

លោកស្រី កែកុល សោភា បានថ្លែងថា ដើមឈើបានបំពេញនូវតម្រូវការដ៏ចាំបាច់របស់មនុស្សគឺ អាហារ និងអុកស៊ីសែន។ លើសពីនេះ ដើមឈើមានសារៈសំខាន់ជាច្រើនដូចជា ផ្ទុកនូវឧស្ម័នកាបូនិច ការពារដីមិនឲ្យបាក់ស្រុត និងផ្តល់ជាជម្រក និងអាហារសម្រាប់សត្វនៅលើផែនដី។ លោកស្រីថា សូមចូលរួមដាំដើមឈើ និងការពារព្រៃឈើទាំងអស់គ្នាដើម្បីភពផែនដី។

លោកស្រីបានឱ្យដឹងទៀតថា «ពិធីរុក្ខទិវា» ជាចលនាបំផុសដាំដើមឈើ ដែលជាប្រពៃណីដ៏ល្អផូរផង់ឧត្តុងឧត្តម របស់ប្រជាជាតិយើង។ ចលនានេះមានតាំងពី សម័យសង្គមរាស្ត្រនិយម ក្រោមព្រះរាជបូជនីយកិច្ច ផ្តួចផ្តើមនិងដឹកនាំ របស់ ព្រះករុណា ព្រះមហាវីរក្សត្រព្រះវររាជបិតាជាតិ ខ្មែរព្រះបរមរតនកោដ្ឋ តាំងពីទសវត្ស៣០មក ដោយមានការចូលរួមយ៉ាងផុសផុល ពីប្រជាពលរដ្ឋគ្រប់ស្រទាប់ ក្លាយទៅជាសកម្មភាពទូលំទូលាយក្នុងចលនាទិវាពលកម្ម ដាំដើមឈើនៅក្នុងសង្គម ដែលទីបំផុតត្រូវបានទទួលស្គាល់ ជាពិធីប្រពៃណីជាតិមួយ ហៅថា ពិធីរុក្ខទិវា ដែលកំណត់ដោយព្រះរាជក្រឹត្យ លេខ ៧៣៨ នស.រកត ចុះថ្ងៃទី៨ ខែ សីហា ឆ្នាំ ១៩៥២។

ជាមួយគ្នានេះ លោកស្រីក៏បានជំរុញឱ្យមានការចូលរួមដាំដើមឈើឱ្យបានគ្រប់ៗគ្នា គ្រប់ប្រភេទ និងគ្រប់ទីកន្លែងឱ្យបានច្រើន តាមលទ្ធភាពដែលអាចធ្វើទៅបាន។ លោកស្រីបានលើកឡើងថា «យើងត្រូវចូលរួមជួយទប់ស្កាត់ បញ្ឈប់ការកាប់ឈើ ការកាប់រានដុតឈូសឆាយដីព្រៃ ដើម្បីថែរក្សា ការពារព្រៃឈើទុកសម្រាប់កូនចៅរបស់យើងនៅគ្រប់ជំនាន់ជាបន្តទៀត»

ម្យ៉ាងវិញទៀតលោកស្រី ក៏មានគោលបំណង សហការជាមួយខាងមន្ត្រី ខាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, មន្ទីរបរិស្ថាន រៀបចំឱ្យមានថ្នាលបណ្តុះកូនឈើគ្រប់ប្រភេទ សម្រាប់ដាំដុះ និងចែកជូន ដល់អង្គភាពផ្សេងៗ តាមវត្តអារាមសាលារៀន ដ៏ដូចជាប្រជាពលរដ្ឋ។

លោកស្រី កែកុល សោភា បានបញ្ជាក់ថា តើដើមឈើបង្រៀនយើងអ្វីខ្លះអំពីជីវិត? ចាស់ៗខ្មែរបានអប់រំទូន្មានក្មេងៗជំនាន់ក្រោយថា ដើមឈើ គឺជាជម្រកយ៉ាងត្រជាក់ត្រជំ សម្រាប់មនុស្ស និងសត្វ ដូចជាដើមឈើ នៅតាមព្រៃភ្នំ ជាជម្រករបស់សត្វព្រៃ ទាំងឡាយជ្រកអាស្រ័យ។ ចំណែករុក្ខជាតិ ដែលដុះក្នុងស្រុក ជាជម្រករបស់សត្វស្រុកទាំងឡាយ និងជាជម្រករបស់មនុស្សផង។

ឯដើមឈើណាដុះ នៅតាមដងផ្លូវគឺជាទីពឹងរបស់អ្នកដំណើរចូលទៅជ្រក សម្រាកកាយ បរិភោគ អាហារ ដោយក្តីរីករាយនៅក្រោមម្លប់ឈើនោះ។ ដោយឡែកដើមឈើណាដែលព្រះសង្ឃ ឬពុទ្ធបរិស័ទបានដាំនៅក្នុងទីអារាម គឺជាដើមឈើដែលមានប្រយោជន៍សម្រាប់ព្រះសង្ឃផង ពុទ្ធបរិស័ទទាំង៨ទិសផង ចូលមកជ្រកក្រោមម្លប់ឈើដ៏ត្រជាក់រីករាយ និងការបំពេញបុណ្យកុសលផ្សេងៗ។

ឈើខ្លះមានផ្កា មានផ្លែ និងស្លឹកជាអាហាររបស់មនុស្ស សត្វទាំងឡាយ ដូចជាដើមដូង ដើមត្នោត ដើម មៀន ដើមស្វាយ ដើមអង្គាដី ម្រុមជាដើម រុក្ខជាតិទាំងនេះ មានប្រយោជន៍ណាស់ សម្រាប់មនុស្ស សត្វទាំងឡាយ និងជា អាហារយ៉ាងពិសេសផង។

បើបុគ្គលណា បានដាំដើមឈើ ទោះជានៅទីណាក្តី រមែងបានប្រយោជន៍ដល់មនុស្ស សត្វទូទៅ និងបានជាទីរាប់អាននៃអ្នកផងទាំងពួង តែងនិយាយថា អ្នកដាំដើមឈើនេះ គឺជាអ្នកមានមេត្តា មានករុណា និងមានបញ្ញាវាងវៃ ទើបបានថែរក្សាដើមឈើទាំងនេះ ទុកឲ្យជាប្រយោជន៍ដល់មនុស្សសត្វទូទៅ។

អ្នកដាំដើមឈើ ជាទានទៅក្នុងបរលោក រមែងបាននូវសម្បត្តិមនុស្ស និងសម្បត្តិទេវតា និងរួចផុតចាកទុក្ខទាំងពួង។ បុគ្គលយល់ពីអត្ថប្រយោជន៍ នៃដើមឈើហើយគប្បី នាំគ្នាដាំដើមឈើ និងជួយថែរក្សាព្រៃឈើឲ្យបានគង់វង្ស ដើម្បីជាប្រយោជន៍សម្រាប់ យើងទាំងអស់គ្នា ព្រោះដាំដើមឈើមួយដើម ដូចបានធ្វើផ្ទះមួយខ្នងឲ្យទៅជាទានអ៊ីចឹងដែរ៕