(បន្ទាយមានជ័យ)៖ ស្ពានមួយខ្សែ មានប្រវែងបណ្តោយ ៩០ម៉ែត្រ ទទឹ៥ម៉ែត្រ ឆ្លងកាត់ស្ទឹងសិរីសោភ័ណ ស្ថិតក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ចាប់ផ្តើមបើកការដ្ឋានសាងសង់ហើយ។
ស្ពាននេះ កសាងតាំងពីឆ្នាំ១៩៦០មកម្ល៉េះ មានសភាពចាស់ទ្រុឌទ្រោមពេក បណ្ដាលឲ្យទឹកហូរបោកបក់យ៉ាងខ្លាំងបាក់រលំតាំងពីឆ្នាំ២០១៨។ លុះចូល ឆ្នាំ២០២៤នេះ ស្ពានត្រូវរាជរដ្ឋាភិបាលកសាងឡើងវិញ កំពុងចេញរូបរាងជាបណ្តើរៗហើយ ដើម្បីឲ្យប្រជាពលរដ្ឋធ្វើដំណើរទៅមកបានស្រួល។
ជាក់ស្តែង នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ លោក ជី ស៊ីថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លោក ហ៉ឹល រ៉ាយ៉ា អភិបាលរងខេត្តបន្ទាយមានជ័យ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ លោក ជា យុទ្ធារុន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ លោកស្រី ឆាត សុជា ចៅសង្កាត់ព្រះពន្លា មន្ត្រី អ្នកមុខអ្នកការ ព្រះសង្ឃ និងប្រជាពលរដ្ឋជាច្រើននាក់បានចូលរួមបើកការដ្ឋានសាងសង់ស្ពាននេះបន្ត។
លោក ស្រេង សុផល ថ្លែងថា ការសាងសង់ស្ពានបេតុងមួយខ្សែនេះ តភ្ជាប់ពីភូមិ៣ ឆ្លងកាត់ស្ទឹងទៅភូមិ ព្រៃឫស្សី សង្កាត់ព្រះពន្លា ឆ្លងកាត់ចំវត្តព្រះពន្លាតែម្ដង។
លោក ជា យុទ្ធារុន ឲ្យដឹងថា ការសាងសង់ស្ពាននេះ ផ្តួចផ្តើមឡើងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រាជរដ្ឋាភិបាលអាណត្តទី៧ និងសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានផ្ដល់ជាអំណោយជាស្ពានមួយខ្សែនេះ តាមរយៈ លោក កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ។
លោក ជី ស៊ីថា ថ្លែងថា ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបន្តកសាង និងពង្រឹងមូលដ្ឋានគ្រឹះ តាមរយៈការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងការកសាង ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ផងដែរ។
លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ រួមមានផ្លូវស្ពានគឺជាសរសៃឈាមនៃសេដ្ឋកិច្ចអាចបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋបានមួយកម្រិតបន្ថែមទៀត៕