(ភ្នំពេញ)៖ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ ស្នើឱ្យក្រសួងមហាផ្ទៃ អន្តរាគមន៍ និងពិនិត្យចំពោះភាពមិនប្រក្រតីលើរបាយការណ៍ និងរាល់សកម្មភាពទាំងអស់របស់ អង្គការសង់ត្រាល់។ នេះបើតាមសំណើរបស់សម្ព័ន្ធសហជីពជាតិ ដាក់ជូនក្រសួងមហាផ្ទៃ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤។
តាមសំណើរបស់ ប្រធានសម្ព័ន្ធសហជីពជាតិ ដែលបណ្តាញព័ត៌មាន FRESH NEWS ទទួលបាន, លោក ហ្វា សាលី បានលើកឡើងថា «ខ្ញុំបាទមានកិត្តិយសសូមជម្រាបឯកឧត្តមរដ្ឋមន្ត្រីមេត្តាជ្រាបថា របាយការណ៍ របស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ គឺមានភាពមិនប្រក្រតី ដែលមិនអាចទទួលយកបាន ដោយសាររបាយការណ៍នោះ មិនមានប្រភព នឹងភស្តុតាង ច្បាស់លាស់ ប្រឌិត បំភ្លៃ គ្មានការស្រាវជ្រាវបែបវិទ្យាសាស្ត្រ និងការអះអាងរបស់លោក ឃុន ថារ៉ូ ថាជារបាយការណ៍ ស្រមោល ក្នុងនោះរួមមានការបែងចែកពណ៌សម្បុរសហជីព ដែលមានចរិកលក្ខណៈញុះញង់ឲ្យមានការរើសអើងគ្នា» ។
ប្រធានសម្ព័ន្ធសហជីពជាតិបានចោទសួរថា តើការសិក្សាស្រាវជ្រាវត្រឹមមនុស្ស៧៨នាក់ ក្នុងចំណោមកម្មករនិយោជិត ប្រមាណជិត១លាននាក់ អាចយកមកធ្វើជារបាយការណ៍តំណាងឲ្យសេរីភាពសហជីពប្រទេសមួយបានដែរឬទេ?
យោងតាមលិខិតដដែលបានសរសេរថា ករណីអង្គការ CENTRAL បង្កើតរបាយការណ៍ដោយមិនមានប្រភពច្បាស់លាស់ និងមិនមានភស្តុតាង ហើយយកចុះផ្សាយបង្កាច់បង្ខូចដល់សេរីភាពសហជីពនៅកម្ពុជាទាំងមូលបែបនេះ វាធ្វើឲ្យសហគមជាតិ អន្តរជាតិ និងអ្នកបញ្ជាទិញ មានការយល់ច្រឡំមកលើរាជរដ្ឋាភិបាល និងស្ថិរភាពនៅកម្ពុជា ក៏ដូចជាធ្វើឲ្យប៉ះពាល់ដល់បរិយាកាសវិនិយោគ ការងាររបស់កម្មករ និយោជិត សហជីព ប៉ះពាល់ដល់ភាពស្អាតស្អំ និងសេដ្ឋកិច្ចរបស់កម្ពុជាយ៉ាងធ្ងន់ធ្ងរ ដែលផ្ទុយស្រឡះពីអ្វីដែលសហជីពបាននិងកំពុងបំពេញការងារ។
ប្រធានសម្ព័ន្ធសហជីពជាតិ ក៏បានស្នើសុំក្រសួងមហាផ្ទៃពិនិត្យរាល់សកម្មភាពជ្រៀតជ្រែកការងារសហជីព ឬនៅពីក្រោយ នៃការចងក្រង សហជីពតាមមូលដ្ឋាន ដែលបានធ្វើកន្លងមក ដែលផ្ទុយពីលក្ខន្តិកៈអង្គការសមាគមដែលចុះបញ្ជីនៅក្រសួងមហាផ្ទៃ និងស្នើកោះអញ្ជើញតំណាងសហជីពការពារសិទ្ធិកម្មករ តាមមូលដ្ឋានទាំងនោះមកផ្តល់ព័ត៌មាន ស្វែងរកការពិតពី ប្រភពនៃការចង់ក្រងសហជីព និងការជ្រោមជ្រែងផ្នែកហិរញ្ញវត្ថុ៕