Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈកម្មការជាតិសិទ្ធិមនុស្សថៃ ឆ្លើយតបជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជុំវិញការស្នើឲ្យថៃចុះបញ្ជីកម្មករនេសាទ និងបង្កើតយន្ដការត្រួតពិនិត្យបញ្ហាសិទ្ធិមនុស្ស

19-09-2016 15:57

(ភ្នំពេញ)៖ គណៈកម្មការជាតិសិទ្ធិមនុស្សថៃ (NHRCT) ដែលមានលោក វ៉ត ធីងសាមិត្ត ជាប្រធាន ឆ្លើយតបជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលមានលោក កែវ រ៉េមី ជាប្រធាន ជុំវិញការស្នើឲ្យលើកទឹកចិត្តរាជរដ្ឋាភិបាលថៃ ឲ្យធ្វើការចុះបញ្ជីកម្មករនេសាទ និងបង្កើតយន្ដការមួយ ដើម្បីត្រួតពិនិត្យ បញ្ហាសិទ្ធិមនុស្សក្នុងឧស្សាហកម្មនេសាទ ព្រោះថាកន្លងមកកម្ពុជាបានសង្កេតឃើញថា កម្មករនេសាទកម្ពុជា ត្រូវបានបង្ខិតបង្ខំឲ្យធ្វើការ និងបង្ខំឲ្យប្រើប្រាស់គ្រឿងញៀន ដើម្បីបន្ដធ្វើការដោយគ្មានពេលសម្រាក។

ការបើលិខិតឆ្លើយតប របស់ គណៈកម្មការជាតិសិទ្ធិមនុស្សថៃ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីប្រយុទ្ធប្រឆាំង និងការជួញដូរមនុស្ស បច្ចុប្បន្នរាជរដ្ឋាភិបាលថៃ បានបន្ដចុះឈ្មោះ ពលករទេសន្ដប្រវេសន៍ដែលមិនទាន់មានឯកសារត្រឹមត្រូវ មកពីប្រទេសជិតខាង ដូចជាប្រទេសមីយ៉ាន់ម៉ា ឡាវ និងកម្ពុជា ដើម្បីដាក់ពួកគេឲ្យស្ថិតនៅក្រោមការការពារស្របច្បាប់ ចំពោះកម្មករដែលបានចុះបញ្ជីហើយ ត្រូវបានតម្រូវឲ្យបំពេញបែបបទបញ្ជាក់ពីអត្តសញ្ញាណជាតិ ដើម្បីទទួលបានអត្តសញ្ញាណប័ណ្ណសំគាល់ខ្លួនពីរដ្ឋាភិបាល នៃប្រទេសរៀងៗខ្លួន។

​NHRCT បន្ថែមថា «នឹងដាក់ទណ្ឌកម្មធ្ងន់ធ្ងរដល់ប្រធានកប៉ាល់ និងម្ចាស់ទូកនេសាទដែលប្រើកម្លាំងពលករតាមសមុទ្រ ដែលគ្មានឯកសារ អត្តសញ្ញាណត្រឹមត្រូវ ឬមិនផ្ដល់កិច្ចសន្យាជាលាយលក្ខណ៍អក្សរ ដល់ក្រុមការងារតាមទូក និងផ្ដន្ទាទោសប្រធានកប៉ាល់ ដែលបានរំលោភលើរាងកាយកម្មករលើទូក ព្រមទាំងបានផ្ដល់ជំនួយដល់ពលករទេសន្ដប្រវេសន៍ថែមទៀត»

ជាងនេះទៅទៀត NHRCT បានបញ្ជាក់ប្រាក់លោក កែ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាថា កុំឲ្យលោកមានការព្រួយបារម្មណ៍ពីបញ្ហានេះ ហើយគណៈកម្មការនឹងបន្ដពិនិត្យស្ថានភាព ពលករទសន្ដប្រវេសន៍នៅក្នុងប្រទេស និងត្រៀមរៀបចំដើម្បីផ្ដល់ជំនួយនានាដល់ពលករទសន្ដប្រវេសន៍កម្ពុជា ដែលកំពុងធ្វើការនៅក្នុងទឹកដីថៃ៕

ខាងក្រោមនេះ ជាលិខិតឆ្លើយតប និងលិខិតស្នើរបស់កម្ពុជា ដែលមានខ្លឹមសារទាំងស្រុង៖