(ភ្នំពេញ)៖ ជាអ្នកជិះម៉ូតូធំមានបទពិសោធន៍យូរឆ្នាំមួយរូប លោក អ៊ុំ ប៊ុនរ៉េត បានរៀបចំផែនការជិះម៉ូតូធំឆ្លងទ្វីបឆ្លងប្រទេសជាង២០ ពោលគឺពីប្រទេសអាល្លឺម៉ង់ឆ្ពោះមកប្រទេសកម្ពុជា ដើម្បីផ្សព្វផ្សាយពីកិត្តិនាមកម្ពុជា វប្បធម៌ អរិយធម៌ ក៏ដូចជាកត្តាសុខសន្តិភាពនៅកម្ពុជា និងដើម្បីរៃអង្គាសកៀរគរថវិកាពីសប្បុរសជនជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលជាមន្ទីរពេទ្យព្យាបាលជំងឺនិងជួយសង្គ្រោះជីវិតកុមាររាប់លាននាក់នៅកម្ពុជា។
មហាជនមើលឃើញថា នេះជាលើកដំបូងហើយសម្រាប់ប្រទេសកម្ពុជា ដែលមានអ្នកជិះម៉ូតូធំឆ្លងទ្វីបឆ្លងប្រទេសដល់ទៅជាង២០ប្រទេស ស្កាត់ពីអឺរ៉ុបឆ្ពោះមកកាន់មាតុប្រទេស ភ្ជាប់ជាមួយការលើកកម្ពស់មុខមាត់ប្រទេសជាតិ និងធ្វើសកម្មភាពមនុស្សធម៌ដ៏ប្រពៃបែបនេះ។
ថ្លែងប្រាប់ Fresh News នាសប្ដាហ៍នេះ លោក អ៊ុំ ប៊ុនរ៉េត ប្រធានក្លឹបម៉ូតូ BMW កម្ពុជា បានបញ្ជាក់ថា ការជិះម៉ូតូឆ្លងទ្វីបរបស់លោកនឹងចាប់ផ្ដើមពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខឆាប់ៗនេះ ដោយចេញដំណើរពីសារមន្ទីរ BMW នៅទីក្រុងមុយនិក (Munich) ប្រទេសអាល្លឺម៉ង់ បន្តដំណើរទៅកាន់បណ្ដាប្រទេសនានាសរុបជាង២០ប្រទេស មុននឹងមកដល់ប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តសៀមរាប និងបន្តដល់រាជធានីភ្នំពេញ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ពោលគឺចំណាយពេល១១២ថ្ងៃ ឬជិត៤ខែ។
ប្រធានក្លឹបម៉ូតូ BMW កម្ពុជារូបនេះបានបន្តថា «តាមរយៈការជិះម៉ូតូឆ្លងទ្វីបរបស់ខ្ញុំនេះ ខ្ញុំនឹងចូលរួមផ្សព្វផ្សាយពីកិត្តិនាមកម្ពុជា Cambodia ផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ខ្មែរយើងទៅកាន់ប្រជាជននៃប្រទេសនីមួយៗដែលខ្ញុំជិះម៉ូតូឆ្លងកាត់ ដើម្បីឱ្យប្រជាជនទាំងនោះបានស្គាល់បានដឹងថា កម្ពុជាក៏មានអ្នកជិះម៉ូតូឆ្លងទ្វីបឆ្លងប្រទេសដូចអន្តរជាតិដទៃដែរ ហើយខ្ញុំក៏នឹងត្រៀមស្ទិកខឺរទង់ជាតិកម្ពុជាយកទៅបិទនៅតាមទីតាំងដែលក្រុមម៉ូតូជិះទៅដល់នោះ»។
លោក អ៊ុំ ប៊ុនរ៉េត បានបន្តទៀតថា គោលបំណងធំមួយទៀត គឺដើម្បីរៃអង្គាសថវិកាជួយឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលជាមន្ទីរពេទ្យព្យាបាលជំងឺនិងជួយសង្គ្រោះជីវិតកុមាររាប់លាននាក់នៅប្រទេសកម្ពុជា តាមរយៈការចូលរួមបរិច្ចាគពីប្រជាជនខ្មែរដែលរស់នៅក្រៅប្រទេស ដូចជា បារាំង ស្វ៉ីស និងប្រទេសដទៃទៀត ក្រោមស្មារតីខ្មែរជួយខ្មែរ ខ្មែរនៅទីណាក៏គិតគូរពីប្រជាជាតិខ្លួន។
នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤នេះ លោកត្រូវចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញទៅកាន់ប្រទេសអាល្លឺម៉ង់ ដើម្បីរៀបចំត្រៀមលក្ខណៈឱ្យបានរួចជាស្រេច។ នៅប្រទេសអាល្លឺម៉ង់នោះ លោកនឹងចូលរួមក្នុងព្រឹត្តិការណ៍ BMW Motorrad Days 2024 នៅទីក្រុងហ្ការមីស្ឆ (Garmisch town) ក្បែរទីក្រុងមុយនិក ដែលតែងតែរៀបចំឡើងរៀងរាល់ឆ្នាំ ដោយមានក្រុមអ្នកជិះម៉ូតូធំនៅបណ្ដាប្រទេសអឺរ៉ុបចូលរួមយ៉ាងច្រើន។ បន្ទាប់ពីចូលរួមក្នុងព្រឹត្តិការណ៍នេះហើយ លោកនឹងបន្តដំណើរចេញទៅទីក្រុងហ្ស៊ូរិច (Zürich) នៃប្រទេសស្វ៉ីស ដើម្បីជួបជាមួយសប្បុរសជនដែលចូលរួមបរិច្ចាគថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា (ទីនេះជាកន្លែងដែលលោក Beat Richner ធ្លាប់រៀបចំកម្មវិធីរៃអង្គាសថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា) ព្រមទាំងជួបនឹងជាមួយមិត្តភក្តិមួយចំនួនដែលស្នេហាវិស័យកីឡា ដើម្បីកៀរគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផាបន្ថែម។ បន្ទាប់ពីបំពេញការងារនៅទីក្រុងហ្ស៊ូរិចហើយនោះ លោក អ៊ុំ ប៊ុនរ៉េត នឹងបន្តដំណើរទៅកាន់ប្រទេសបារាំង ចំថ្ងៃបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋបារាំង ដើម្បីជួបជាមួយប្រជាពលរដ្ឋខ្មែរនៅបារាំងមួយចំនួន ដែលពួកគាត់ក៏ចូលរួមបរិច្ចាគថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផាតាមរយៈការជិះម៉ូតូឆ្លងទ្វីបរបស់លោកដែរ។ លោកបានបន្ថែមថា នៅមានប្រជាជនតាមប្រទេសផ្សេងៗទៀតដែលលោកនឹងជិះឆ្លងកាត់ នៅពេលទៅដល់ប្រទេសនីមួយៗនោះ លោកនឹងអំពាវនាវកៀរគរថវិកាបន្ថែមទៀត ក្នុងគោលបំណងបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផាដដែល ដែលជាកិច្ចការសង្គមធម៌ មនុស្សធម៌ដ៏សំខាន់។
អ្វីដែលគួរឱ្យស្ងើចសរសើរចំពោះសកម្មភាពនេះ លោក អ៊ុំ ប៊ុនរ៉េត បានប្ដេជ្ញាជួយផ្សព្វផ្សាយពីបរិយាកាសសង្គមនៅប្រទេសកម្ពុជាដែលកំពុងមានសុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញ មានការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកាន់តែរីកចម្រើន ដែលអាចឱ្យភ្ញៀវបរទេសចាប់អារម្មណ៍មកទស្សនា ឬអាចទាក់ទាញអ្នកវិនិយោគឱ្យសម្លឹងមើលឱកាសវិនិយោគនៅកម្ពុជា ខណៈរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏មានគោលនយោបាយជាច្រើនក្នុងការលើកទឹកចិត្តអ្នកវិនិយោគបរទេស ក៏ដូចជាការត្រៀមស្វាគមន៍ចំពោះភ្ញៀវទេសចរអន្តរជាតិពីសំណាក់ប្រជាជនកម្ពុជាផងដែរ។
សូមជម្រាបថា នេះមិនមែនជាលើកដំបូងឡើយដែលលោក អ៊ុំ ប៊ុនរ៉េត ដឹកនាំនិងធ្វើសកម្មភាពមនុស្សធម៌ សប្បុរសធម៌ សង្គមធម៌បែបនេះ ពោលតាំងពីលោកដឹកនាំក្រុមម៉ូតូធំ BMW កម្ពុជា ពីឆ្នាំ២០១៦មក ក្រុមលោកតែងតែធ្វើកម្មវិធីសប្បុរសធម៌ជារៀងរាល់ឆ្នាំ ដើម្បីរៃអង្គាសថវិកាជួយដល់កុមារ និងជួយលើការអប់រំ ដូចជា ការប្រមូលថវិកាជួយដល់សាលាបឋមសិក្សាដូនម៉ៅរីករាយ ខេត្តកំពង់ស្ពឺ ការផ្ដល់សម្ភារសិក្សាជូនដល់សិស្សានុសិស្ស និងដាំដើមឈើជាមួយសិស្សានុសិស្សនានា ការរៃអង្គាសថវិកាជូនដល់អង្គការកុមារគរថ្លង់ កុមារអូទីសឹមជាដើម ការឧបត្ថម្ភថវិកាជីកអណ្ដូងទឹកជូនប្រជាពលរដ្ឋដែលខ្វះប្រភពទឹកប្រើប្រាស់។ កន្លងទៅថ្មីៗនេះ ក្នុងឱកាសខួបលើកទី៩របស់ក្រុមម៉ូតូធំ BMW កម្ពុជា ក៏បានរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាបផងដែរ។
សាវតាររបស់លោក អ៊ុំ ប៊ុនរ៉េត គឺជាប្រធានក្លឹបម៉ូតូ BMW កម្ពុជា ជាអនុប្រធានក្លឹបម៉ូតូ BMW Asia និងជាអគ្គលេខាធិការរងនៃសហព័ន្ធកីឡាយានយន្តកម្ពុជា។ លោកមានបទពិសោធន៍ការងារខាងទីផ្សារ ប្រតិបត្តិការ និងគ្រប់គ្រង លើវិស័យឯកជនមួយចំនួន ដូចជា ទេសចរណ៍ ទូរគមនាគមន៍ សំណង់ និងរមណីយដ្ឋាន។ នៅឆ្នាំ១៩៩៦ លោកបានបញ្ចប់ការសិក្សាថ្នាក់ទុតិយភូមិនៅវិទ្យាល័យសន្ធរម៉ុក ហើយនៅឆ្នាំ២០០០ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងទីផ្សារ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង លុះដល់ឆ្នាំ២០០៥ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ខាងគ្រប់គ្រងពាណិជ្ជកម្ម។
លោក អ៊ុំ ប៊ុនរ៉េត បានបន្ថែមថា «កុមារភាពរបស់ខ្ញុំ ចំពេលដែលប្រទេសកម្ពុជាទើបតែចាកចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ សង្គ្រាមស៊ីវិលមាននៅតាមតំបន់មួយចំនួននៃប្រទេសកម្ពុជានៅឡើយ។ ស្ថានភាពរស់នៅរបស់ប្រជាជនកម្ពុជានាពេលនោះ ផ្សារភ្ជាប់ច្រើនទៅនឹងធម្មជាតិ ជាលក្ខខណ្ឌបណ្តាលឱ្យរូបខ្ញុំមានបទពិសោធន៍នៃការរស់នៅតាមបែបធម្មជាតិជាច្រើន។ ហេតុដូច្នេះហើយ ការចូលចិត្តធ្វើដំណើរផ្សងព្រេងរបស់ខ្ញុំ គឺជាដំណើរជីវិត ក្លាយទៅជាទម្លាប់ ហើយក៏ជាចំណង់ចំណូលចិត្តផងដែរ»៕