(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា និងមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ នៃទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិកូរ៉េ (KOICA) បានរៀបចំពិធីប្រគល់សម្ភារបរិក្ខារមួយចំនួន ដើម្បីអនុវត្តន៍គម្រោងជួសជុលក្រុមប្រាសាទព្រះពិធូរជំហានទី២ និងព្រះលានជល់ដំរី។
ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា។
នាឱកាសនោះ លោក Song Youngjun នាយករងនៃទីភ្នាក់ងារ KOICA បានថ្លែងថា កម្ពុជា និងកូរ៉េ មានកិច្ចសហប្រតិបត្តិការលើវិស័យអភិរក្ស និងជួសជុលបេតិកភណ្ឌវប្បធម៌ ជាពិសេសគម្រោងក្នុងតំបន់រមណីយដ្ឋានអង្គរ រយៈពេលជិត១០ឆ្នាំមកហើយ រាប់ចាប់ពីឆ្នាំ២០១៥មក ដែលភាគីទាំងពីរបានចុះហត្ថលេខាលើកដំបូង ក្នុងកិច្ចពិភាក្សាគម្រោងដំណាក់កាលទី១ លើគម្រោងអភិរក្ស និងជួសជុលប្រាសាទព្រះពិធូរ។ ជិត១០ឆ្នាំមកនេះ មានសមិទ្ធផលផ្លែផ្កាជាច្រើន ក្នុងនោះភាពជាដៃគូរដ៏រឹងមាំ និងស្អិតរមួតរវាង KOICA និងអាជ្ញាធរជាតិអប្សរា ក៏បានក្លាយជាសមិទ្ធផលដ៏សំខាន់ និងលេចធ្លោបំផុត។
ចំពោះសម្ភារបរិក្ខារដែលប្រគល់ជូនដល់អាជ្ញាធរជាតិអប្សរា សរុប១១មុខផ្សេងគ្នា រួមមានម៉ាស៊ីនស្កេន 3D, រ៉ាដាពិនិត្យក្រោមដី និងកម្មវិធីវិភាគ និងបកស្រាយទិន្នន័យពីឧបករណ៍ទាំងនោះ រួមនិងសម្ភារមួយចំនួនទៀត។ លោក Song Youngjun បញ្ជាក់ថា ចាប់ពីគម្រោងទី១ រហូតមកដល់បច្ចុប្បន្ននេះ ឧបករណ៍ និងសម្ភារសរុប ៩១មុខហើយ ដែលជាជំនួយផ្ទាល់របស់ KOICA ជូនទៅអាជ្ញាធរជាតិអប្សរា។ មន្រ្តីរូបនេះរំពឹងថា ការទទួលបានសម្ភារប្រើប្រាស់ខាងលើនេះ នឹងផ្តល់អត្ថប្រយោជន៍ច្រើនដល់ការងារអភិរក្ស ក៏ដូចជាការស្រាវជ្រាវថ្មីៗបន្ថែមទៀតនៅតំបន់រមណីយដ្ឋានអង្គរ។
ក្រៅពីកម្មវិធីទទួលសម្ភារប្រើប្រាស់នៃគម្រោងអភិរក្សខាងលើ ក្នុងនោះក៏មានកម្មវិធីប្រគល់ និងទទួលមន្ទីរពិសោធន៍អាជ្ញាធរជាតិអប្សរា-KOICA ផងដែរ។ នាឱកាសនោះ ឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានរំឭកថា មន្ទីរពិសោធន៍នេះបានក្លាយជាមន្ទីរពិសោធន៍ទី១នៅតំបន់អង្គរដែលបានបំពាក់ទៅដោយគ្រឿងបរិក្ខារតាមបែបវិទ្យាសាស្រ្តជាច្រើន ដែលអាចផ្តល់ឱ្យអ្នកសិក្សាស្រាវជ្រាវ អាចសិក្សាវិភាគ និងស្រង់ទិន្នន័យផ្នែកស្ថាបត្យកម្មសិក្សាអំពីថ្មចាស់ ថ្មថ្មី និងលោហៈដែលបានមកពីបណ្តាប្រាសាទនានា ដែលបានក្នុងតំបន់រមណីយដ្ឋានអង្គរ។
ក្នុងនាមថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា និងបុគ្គលិក ឯកឧត្តម គឹម សុធិន បានបង្ហាញមោទនភាព ដែលបានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយស្ថាប័ន KOICA ក៏ដូចជាប្រទេសកូរ៉េ ហើយសង្ឃឹមថា កិច្ចសហប្រតិបត្តិការដ៏ល្អនេះនឹងបន្តទៅមុខបន្ថែមទៀតទាំងវិស័យវប្បធម៌ និងវិស័យផ្សេងៗទៀត៕