(ភ្នំពេញ)៖ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានផ្តួចផ្តើមឡើងដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានបញ្ចប់នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ទទួលបានលទ្ធផលជោគជ័យគួរជាទីមោទកៈ ទាំងទិដ្ឋភាពថវិកា និងចំនួនសប្បុរសជន ពោលគឺមានការចូលរួមគាំទ្រពីសប្បុរសជនជាង២៤ម៉ឺននាក់ ជាមួយនឹងថវិកាបរិច្ចាគសរុបសមមូលជាប្រាក់ដុល្លារអាមេរិកចំនួនជាង ៣.៣លានដុល្លារ។
ដើម្បីជ្រាបឱ្យកាន់តែច្បាស់ពីលទ្ធផលនៃយុទ្ធនាការនេះ នៅព្រលប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤នេះ លោក បណ្ឌិត ចន ណារិទ្ធ នាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានដឹកនាំធ្វើសន្និសីទសារព័ត៌មានដើម្បីពីលទ្ធផលនៃយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ បង្ហាញជូនសារធារណជនឱ្យបានដឹងច្បាស់ពីដំណើរការនៃយុទ្ធនាការជាង៣០ថ្ងៃមកនេះ។ សម្រាប់សន្និសីទសារព័ត៌មាននេះបានធ្វើឡើងនៅមន្ទីរពេទ្យជ័យវរ័្មនទី៧ ឬគន្ធបុប្ផាទី៣ ខេត្តសៀមរាប។
នាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផា បានឱ្យដឹងថា បើធៀបនឹងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ពីរលើកកន្លងមកនេះ ឃើញថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ នេះ ទទួលបានការចូលរួមកាន់តែផុសផុលពីសប្បុរសជនក្នុងបណ្តាក្រសួង-ស្ថាប័ន, រាជធានី-ខេត្ត, ក្រុមហ៊ុន-សហគ្រាសទាំងតូចទាំងធំ ទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តនានា ដែលនេះឆ្លុះបញ្ចាំងពីចលនាជាតិដ៏សំខាន់មួយក្នុង «ស្មារតីខ្មែរជួយខ្មែរ» ដើម្បីរួមគ្នានាំក្ដីសង្ឃឹម និងភាពញញឹម ដល់ទារក និងកុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។
សូមជម្រាបថា មូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានស្ថាបនិក និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាប្រធានកិត្តិយស បានរៀបចំយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» នេះឡើង ក្នុងគោលបំណងពីរសំខាន់ៗគឺទី១៖ ដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា និងទី២៖ ដើម្បីរំលឹក និងបំផុសចលនាកៀរគរការបរិច្ចាគក្នុងស្មារតី «ខ្មែរជួយខ្មែរ» ទោះតិចក្ដី ឬច្រើនក្ដី ពីសំណាក់សប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស ដើម្បីរួមគ្នាជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងការផ្ដល់ក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារនៅកម្ពុជា៕
សូមទស្សនាវីដេអូនៃសន្និសីទសារព័ត៌មានទាំងស្រុងដូចខាងក្រោម៖