(ភ្នំពេញ)៖ សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា (CUS) ទទួលបានជោគជ័យខ្ពស់ ពីមួយឆ្នាំទៅមួយ ដោយអត្រានៃការចុះឈ្មោះ របស់សិស្សិ និស្សិត រហូតដល់ទៅ ១២% និងអត្រានិស្សិតមានការងារ ធ្វើរហូតដល់ ៩៦.៣៩% នេះបើយោងតាមការលើកឡើងរបស់ លោកបណ្ឌិត អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡាក្នុងពិធីចំកិច្ចប្រជុំ ផ្សព្វផ្សាយទិសដៅអភិវឌ្ឍន៍ និងពង្រឹងគុណភាពរបស់សាកលវិទ្យាល័យ។
លោកបានថ្លែងក្នុងកិច្ចប្រជុំ នៅថ្ងៃទី១៨ ខែកញ្ញាថា លោកសូមអបអរសាទរចំពោះលទ្ធផល និងសមិទ្ធផល ដែលសាកលវិទ្យាល័យសម្រេចបានសន្ធឹកសន្ធាប់ ដែលបម្រើដល់វិស័យសិក្សា-ស្រាវជ្រាវ ពិសេសអបអរសាទរ ចំពោះកំណើនអត្រាចុះឈ្មោះចូលរៀន ១២% និងអត្រានិស្សិតមានការងារធ្វើរហូតដល់៩៦.៣៩% ពិសេសកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និស្សិតទាំងអស់ ដែលបាននាំឱ្យសាកលវិទ្យាល័យ សម្រេចបានលទ្ធផលល្អដូចថ្ងៃនេះ ពិសេសសាស្រ្តាចារ្យ និងបុគ្គលិកទាំងអស់បានបេ្តជ្ញា ខំប្រឹងប្រែងឱ្យបានកាន់តែខ្លាំងក្លាថែមទៀត សំដៅធ្វើឱ្យនិស្សិតបញ្ចប់ ការសិក្សាមានសមត្ថភាពជំនាញខ្ពស់។
លោកបន្ដថា ការពង្រឹងការអភិវឌ្ឍន៍ ការអនុវត្តកម្មវិធីសិក្សា ការចុះធ្វើកម្មសិក្សា និងការពិសោធន៍ព្រមទាំងសកម្មភាព និងហេដ្ឋារចនាសម្ព័ន្ធ ធនធានគាំទ្រផ្សេងៗទៀត រួមទាំងការបណ្តុះបណ្តាល ជំនាញភាសាអង់គ្លេស និងកុំព្យូទ័របន្ថែមផង រួមទាំងត្រូវព្យាយាមបន្ថែមទៀត ក្នុងការជំរុញនិស្សិតឱ្យយល់ច្បាស់ពីតួនាទីភារកិច្ច ការគោរពវិន័យក្នុងការសិក្សា-ស្រាវជ្រាវ ឱ្យបានជោគជ័យនឹងក្លាយ ជាអ្នកជំនាញប្រកបដោយគុណវុឌ្ឍិខ្ពស់។
លោកបន្ថែមថា ជាងនេះទៅទៀត ត្រូវប្តេជ្ញាអនុវត្តឱ្យបានកាន់តែល្អថែមទៀត ចំពោះគោលការណ៍ នៃការគ្រប់គ្រងគុណភាពសរុប (TQM) សកម្មភាពសរុប (TAS) ពោលគឺ « ព្រៃទាំងមូលល្អចាប់ផ្តើម ពីដើមឈើមួយដើមៗ ដើមឈើមួយដើមៗល្អ នឹងធ្វើឱ្យព្រៃទាំងមូលល្អ» សំដៅធ្វើឱ្យសម្រេចបានជោគជ័យ ចំពោះបេសកកម្មនៃការបណ្តុះបណ្តាលប្រកបដោយគុណភាព មានសមត្ថភាពវិជ្ជាជីវខ្ពស់ និងបុគ្គលិកលក្ខណសម្បត្តិល្អប្រពៃ។
ទន្ទឹមនឹងនោះ លោក ស្តើង សុខុម ស្ថាបនិក និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា បានថ្លែងកោតសរសើ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ចាប់ពី ដើមរហូតមក ដែលជាលទ្ធផលបច្ចុប្បន្ន សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា CUS មាន០៨ទីតាំងនិងសាខាមានបុគ្គលិក និងសាស្រ្តាចារ្យសរុបជាង ១០០០នាក់ មាននិស្សិតកំពុងសិក្សា ជាងមួយម៉ឺននាក់ និស្សិតដែលបញ្ចប់ការសិក្សា ដោយជោគជ័យរួចហើយជិតបីម៉ឺននាក់និងបានធ្វើកិច្ចសហប្រតិបត្តិការ ជាមួយសាកលវិទ្យាល័យបរទេស ស្ថាប័ន ក្រុមហ៊ុន ជាង៥០០ ដើម្បីបង្កលក្ខណៈឲ្យនិស្សិត ចុះកម្មសិក្សាហាត់ការ រកការងារធ្វើ បង្កើតមុខរបរ ឬសិក្សាបន្តជាដើម៕