(កោះកុង)៖ លោក ប៊ុន លើត អភិបាលខេត្តកោះកុង ក្នុងឱកាសបើកសម្ភោធក្រុមហ៊ុន ស៊ូននឹង អ៊ីមផត អ៊ិចផតចំកាត់ មានទីតាំងនៅ ខេត្តកោះកុង និងកោះរ៉ុងសន្លឹម នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ បានប្រកាសប្រាប់ ឲ្យក្រុមហ៊ុនទាំងអស់ ត្រូវដាក់តម្លៃសេវាកម្មឱ្យត្រឹមត្រូវ និងច្បាស់លាស់ មិនត្រូវដំឡើងថ្លៃ តាមតែអំពើចិត្តឡើយ។

ការសម្ភោធមជ្ឈមណ្ឌលរបស់ក្រុមហ៊ុន ស៊ូន នឹង អ៊ីមផតអ៊ិចផត ចំកាត់នេះ មានការចូលរួមលោកឧត្តមសេនីយ៍ឯក ចៅ តុល នាយរង សេនាធិការចម្រុះ អគ្គបញ្ជាការកងយុទ្ធពលខេមរភូមិន្ទ ជានាយរងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានិងជា មេបញ្ជាការរង នៃបញ្ជារការដ្ឋានអង្គរក្ស រួមទាំងមន្រ្តីក្រោមឱវាទ គ្រប់បណ្តាអង្គភាពជុំវិញខេត្ត និងព្រះសង្ឃលោក គ្រូអ្នកគ្រូ សិស្សានុសិស្ស ចំនួន២០០នាក់។

លោក ឯម ឌីលែន អគ្គនាយករងក្រុមហ៊ុន បានឲ្យដឹងថា មជ្ឈមណ្ឌលរបស់ក្រុមហ៊ុន ត្រូវបានបើកទំព័រថ្មី ដាក់ឲ្យដំណើរការជាផ្លូវការ ដើម្បីបម្រើសេវាកម្ម បម្រើអតិថិជនគ្រប់មជ្ឈដ្ឋាន ហើយថ្ងៃនេះ ខាងក្រុមហ៊ុនត្រូវសម្ភោធ ឲ្យដំណើរការចំនួន២កន្លែង គឺមានទីតាំង នៅកោះកុង និងកោះរ៉ុងសន្លឹម។

លោក ប៊ុន លើត បានស្នើឱ្យភាគីខាងក្រុមហ៊ុន ត្រូវដាក់តម្លៃសេវាឲ្យបានត្រឹមត្រូវ មិនត្រូវដំឡើងថ្លៃសេវា ទៅតាមចិត្តរបស់ខ្លួនឡើយ។

លោកក៏បានថ្លែងអំណរគុណ ចំពោះក្រុមហ៊ុន ស៊ូន នឹង អ៊ីមផតអ៊ិចផតចំកាត់ ដែលជាដៃគូ ក្នុងការបង្កើតសេវាសេដ្ឋកិច្ច និងធ្វើពាណិជ្ជកម្ម នៅលើទឹកដីខេត្តកោះកុង ដើម្បីបម្រើសេវាកម្ម ជូនប្រជាពលរដ្ឋ ទៅតាមតម្រូវការដែលស្របពេល ដែលប្រទេសជាតិកំពុងមានសន្តិភាព និងភាពរីកចម្រើនលើគ្រប់វិស័យផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

ក្នុងឱកាសនោះ ក្រុមហ៊ុនបានឧបត្ថម្ភដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលមកចូលរួមនៅថវិការមួយចំនួនទៀតផងដែរ៕