(ហ្សាការតា)៖ នៅព្រឹកថ្ងៃចន្ទ ទី ១ ខែកក្កដា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំគណៈកម្មាធិការវិនិច្ឆ័យលើកទី ៧ សម្រាប់ពានរង្វាន់អាស៊ាន ។
គណៈកម្មាធិការនេះ ដែលរួមមាន អតីតអគ្គលេខាធិការអាស៊ាន បានធ្វើការពិភាក្សាយ៉ាងផុសផុលដើម្បីវាយតម្លៃដោយការយកចិត្តទុកដាក់ខ្ពស់ និងពិនិត្យមើលបេក្ខជនឈរឈ្មោះពីគ្រប់ប្រទេសក្នុងអាស៊ានទាំងអស់ សម្រាប់ពានរង្វាន់អាស៊ាន ដើម្បីធានាថា ការជ្រើសរើសជ័យលាភី គឺផ្អែកលើឧត្តមភាព និងគុណសម្បត្តិ។
នៅរសៀលថ្ងៃដដែល ក្រោយពីបានបញ្ចប់ការដឹកនាំកិច្ចប្រជុំគណៈកម្មាធិការវិនិច្ឆ័យលើកទី ៧ សម្រាប់ពានរង្វាន់អាស៊ាន រួចមក លោកបណ្ឌិត កៅ គឹមហួន បានរៀបចំអាហារថ្ងៃត្រង់ជូនអតីតអគ្គលេខាធិការអាស៊ានទាំង ៤ រូប ដែលជាសមាជិកគណៈកម្មាធិការនេះ។
ក្នុងនាមជាប្រធានគណៈកម្មាធិការវិនិច្ឆ័យ អគ្គលេខាធិការអាស៊ាន បានសំដែងការថ្លែងអំណរគុណដល់អតីតអគ្គលេខាធិការអាស៊ានទាំង ៤ រូប សម្រាប់ការប្តេជ្ញាចិត្តឥតងាករេ និងបន្តគាំទ្រដល់កិច្ចការរបស់អាស៊ាន។ បទពិសោធន៍ និងជំនាញយ៉ាងសម្បូរបែបរបស់ពួកគាត់ ក្នុងការតំណាងឱ្យទស្សនៈវិស័យតំបន់ បានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍរបស់អាស៊ាន។
លោកអគ្គលេខាធិការអាស៊ាន ក៏បានអនុញ្ញាតឱ្យលោក Takehiro Yasui ប្រធានតំណាងទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំអាស៊ាន ចូលជួបពិភាក្សាការងារ និងជម្រាបលា។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការបច្ចេកទេសអាស៊ាន-ជប៉ុន ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុន និងពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងអាស៊ាន និងជប៉ុន។
នៅក្នុងជំនួបនោះ ប្រធានតំណាង JICA ថ្មីប្រចាំអាស៊ាន លោកស្រី Sachiko Takeda ក៏ត្រូវបានណែនាំឱ្យស្គាល់ផងដែរ។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ឯកឧត្តមអគ្គលេខាធិការអាស៊ាន ក៏បានអញ្ជើញទៅទស្សនាការិយាល័យរបស់ JICA ដែលស្ថិតនៅក្នុងបរិវេណលេខាធិការដ្ឋានអាស៊ាន។
ជាមួយគ្នានេះ អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយលោក Damian Murphy ប្រធានបុគ្គលិកនៃគណៈកម្មាធិការទំនាក់ទំនងកិច្ចការបរទេសនៃព្រឹទ្ធសភាអាមេរិក។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈរិះរកវិធី ដើម្បីពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សហរដ្ឋអាមេរិក ជាពិសេស លើកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ-សន្តិសុខ និងសេដ្ឋកិច្ច រវាងអាស៊ាន និងសហរដ្ឋអាមេរិក។ ភាគីទាំងពីរក៏បានពិភាក្សាលើសេចក្តីព្រាងច្បាប់ ការផ្តល់ការទទួលស្គាល់សមរម្យចាំបាច់ដើម្បីពង្រឹងទំនាក់ទំនង (PARTNER) ជាមួយ សេចក្តីព្រាងច្បាប់អាស៊ាន (ASEAN Act) ដែលបច្ចុប្បន្នកំពុងត្រូវបានពិចារណាដោយព្រឹទ្ធសភាអាមេរិក។
លោកអគ្គលេខាធិការអាស៊ាន ក៏បានជួបពិភាក្សាការងារជាមួយសាស្ត្រាចារ្យ Jeffrey D. Sachs ដែលជាសាស្ត្រាចារ្យសេដ្ឋកិច្ចដ៏ល្បីឈ្មោះ និងជាមេដឹកនាំសកលក្នុងការអភិវឌ្ឍប្រកបដោយចីរភាព។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីវិធីដើម្បីពន្លឿនសកម្មភាពស្តីពីការអភិវឌ្ឍនៅក្នុងអាស៊ាន ព្រមទាំងបានពិភាក្សាកិច្ចការមួយចំនួនទៀតផងដែរ។
ទន្ទឹមនេះ អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយលោក Evgeny Zagaynov ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអាស៊ាន និងលោក Raman Ramanouski ឯកអគ្គរដ្ឋទូតបេឡារុសប្រចាំឥណ្ឌូណេស៊ី។ នៅក្នុងឱកាសនោះ ភាគីទាំងអស់បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការពហុភាគីដែលអាចធ្វើទៅបាននៅក្នុងតំបន់អឺរ៉ុប និអាស៊ី ព្រមទាំងកិច្ចការមួយចំនួនទៀត៕