(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីប្រកាសព័ត៌មានទាក់ទិននឹងការវាយលុករបស់រុយស ដែលស្ថិតក្នុងលំដាប់ Hemiptera គ្រួសារ Aleyrodidae គឺជាពពួកចុចបឺតជញ្ជក់យករុក្ខរសពីរុក្ខជាតិមកចិញ្ចឹមជីវិត ខណៈដែលពេលនេះមានខេត្តចំនួន០៣ កំពុងរងការបំផ្លិចបំផ្លាញដំណាំស្រូវ។
កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថាមានខេត្តចំនួន០៣ កំពុងរង់ការបំផ្លាញពីពពួករុយស ដែលក្នុងនោះរួមមានខេត្តព្រៃវែង ខេត្តស្វាយរៀង និងខេត្តតាកែវ។ កញ្ញាបានបន្តថា រុយសនេះមានដងខ្លួនស្រទន់ដែលគ្របដណ្តប់ដោយស្លាបពណ៌សដែលបំផ្លាញដំណាំស្រូវ មានឈ្មោះវិទ្យាសាស្ត្រ Aleurocybotus indicus David & Subramaniam ហើយវដ្តជីវិតរបស់រុយសមានរយៈពេល១៧ ទៅ២៤ថ្ងៃ ដែលរុយស១ក្បាលអាចពងបានពីចន្លោះ ១០០-២០០ពង ហើយវាពងផ្នែកខាងក្រោមនៃស្លឹកស្រូវ។
*ទី១៖ ការបំផ្លាញ
រុយស បំផ្លាញដំណាំស្រូវដោយផ្ទាល់ ដោយជញ្ជក់រុក្ខរសពីស្លឹកស្រូវ (សកម្មខ្លាំងនៅពេលព្រឹក) ធ្វើឱ្យស្លឹកប្រែពណ៌ លឿង និងរួញ។ វាបំផ្លាញខ្លាំងលើស្រូវ ក្នុងវគ្គលូតលាស់ (ពិសេសក្នុងដំណាក់សំណាបនិងបែកគុម្ព)។ ប្រសិនបើប្រជាកររុយសច្រើន បំផ្លាញស្រូវស្ថិតក្នុងវគ្គបង្កើតផល (ពិសេសដំណាក់កាលចេញកូរ ចេញផ្កា) នោះនឹងធ្វើឱ្យគ្រាប់ស្រូវស្កកច្រើន។
*ទី២៖ វិធានការគ្រប់គ្រងនិងកម្ចាត់រុយស
• ចុះពិនិត្យវត្តមានរុយសក្នុងស្រែ យ៉ាងតិច ២-៣ដង ក្នុងមួយសប្តាហ៍
• នៅពេលមានវត្តមានរុយសចន្លោះ ១០-៤០ ក្បាល/គុម្ព ប្រើប្រាស់វិធានការគីមីដោយប្រើថ្នាំកសិកម្ម បាញ់ថ្នាំនៅ ពេលព្រឹកចន្លោះម៉ោង ៦:០០-៩:០០
• សម្អាតស្មៅដែលជាជម្រករុយសទាំងក្នុងនិងបរិវេនស្រែ
• ប្រើអន្ទាក់ស្និតពណ៌លឿង ឬពណ៌បៃតងដោតក្នុងស្រែ
• ក្នុងករណីមានប្រជាកររុយសតិច ប្រើល្បាយទឹកសាប៊ូ ដែលមានសាប៊ូម្សៅចំនួន ៤ស្លាបព្រា លាយប្រេងឆាចំនួន ៨ស្លាបព្រានិងទឹកចំនួន ១០លីត្រ បាញ់នៅពេលព្រឹក ឬល្ងាច
• បាញ់ថ្នាំផ្សំពីរុក្ខជាតិ (ផ្សំស្លឹកទៀប ២គក្រ ស្លឹកប្រេងខ្យល់ ២គក្រ បុកឱ្យម៉ដ្ឋច្របល់ជាមួយទឹក ១០លីត្រ រួចច្រោះ ឱ្យស្អាតហើយបាញ់កន្លែងដែលកើតរុយស)
• ក្នុងករណីត្រូវប្រើប្រាស់ថ្នាំកសិកម្ម ត្រូវជ្រើសរើសថ្នាំកសិកម្មណាដែលមានបញ្ជីការត្រឹមត្រូវដែលមានសារធាតុ សកម្មដូចជា Imidacloprid, Acetamiprid, Pymetrozine (+ Nitenpyram), Dinotefuran (+ Imidaclorpid), និង Chlorpyrifos methyl៕