(ភ្នំពេញ)៖ ប្រជាពលរដ្ឋចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកូនខ្ចីជួបការខ្វះខាត រស់នៅភូមិ២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ បានជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលថវិកាឧបត្ថម្ភក្នុងម្នាក់ៗមួយចំនួនផងដែរ ដើម្បីដោះស្រាយបញ្ហាផ្សេងៗ ពីលោកស្រី កាទ័រ ស្រីម៉ី ក្រុមការងារគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារសង្កាត់ តំណាងលោកចៅសង្កាត់ ឡេះ ម៉ាត់ និងលោកអភិបាលខណ្ឌ ជិន ប៊ុនធឿន។

ក្រុមការងារគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារសង្កាត់ច្រាំងចំរេះទី១ ក្នុងឱកាសនេះ និងមុនឧបត្ថម្ភថវិកា បាននាំការផ្ដាំផ្ញើសួរសុខទុក្ខចំពោះក្រុមគ្រួសារ ចាស់ជរា ស្ត្រីមានផ្ទៃពោះ និងស្ត្រីកូនខ្ចីឲ្យយកចិត្តទុកដាក់ថែទាំសុខភាពឲ្យបានល្អប្រសើរ តាមរយៈការរស់នៅស្អាត ដោយមានអនាម័យជាប់ជាប្រចាំ ដើម្បីចៀសឆ្ងាយបានពីការឆ្លងជម្ងឺដង្កាត់ផ្សេងៗ ពីសំណាក់លោកចៅសង្កាត់ និងជាពិសេសលោកអភិបាលខណ្ឌឬស្សីកែវ។

ជាការឆ្លើយតប សម្រាប់ក្រុមគ្រួសារ ចាស់ជរា ស្ត្រីមានផ្ទៃពោះ និងស្ត្រីកូនខ្ចី និងបន្ទាប់ពីទទួលបានថវិកាឧបត្ថម្ភ តាមរយៈក្រុមការងារគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារសង្កាត់ បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមជូនពរផងដែរ ដល់លោកអភិបាលខណ្ឌឬស្សីកែវ និងមន្ត្រីក្រោមឱវាទ៕