(ភ្នំពេញ)៖ ប្រជាពលរដ្ឋដែលរស់នៅតាមមាត់ទន្លេ ក្នុងក្រុមទី១-២-៣-៤ ភូមិឃ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ បានទទួលការផ្សព្វផ្សាយ និងសំណេះសំណាលអប់រំណែនាំឲ្យរុះរើចេញនូវសំណង់ ដែលលួចសាងសង់ល្មើសច្បាប់ចំនួន២ទីតាំង និងការស្នើសុំកិច្ចសហការផ្ដល់ព័ត៌មានឲ្យបានល្អប្រសើររួមគ្នា ដើម្បីចូលរួមទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ ក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយ និងសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋទូទៅ។
ការចុះធ្វើរដ្ឋបាលដោយកម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ច្រាំងចំរេះទី២ ដឹកនាំដោយលោក វ៉ាន់ ផន ចៅសង្កាត់ និងលោកវរសេនីយ៍ត្រី អ៊ុក សុជាតិ នាយប៉ុស្តិ៍ ក្រោយទទួលបានការដឹកនាំបញ្ជាដោយត្រង់ និងការលើកឡើងដាក់ចេញជាផែនការនៅរៀងរាល់ការបើកកិច្ចប្រជុំផ្សេងៗរបស់លោកអភិបាលខណ្ឌ ជិន ប៊ុនធឿន។
លោក វ៉ាន់ ផន និងលោកវរសេនីយ៍ត្រី អ៊ុក សុជាតិ នៅក្នុងកិច្ចសហការចុះធ្វើរដ្ឋបាលនេះ បានលើកឡើងពីការជំរុញជាប់ជាប្រចាំចំពោះការទប់ស្កាត់ និងបង្ក្រាបបញ្ហាចោរកម្ម ក្មេងទំនើង និងបញ្ហាគ្រឿងញៀន សំដៅរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយ និងសុខសុវត្ថិភាព ស្ដីពីភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពទាំង៧ចំណុច ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរបន្ថែមទៀត ពីសំណាក់លោកអភិបាលខណ្ឌឬស្សីកែវ។
សូមជម្រាបថា លក្ខណៈសម្បត្តិរបស់គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពទាំង៧ចំណុច» របស់រាជរដ្ឋាភិបាលកម្ពុជា រួមមាន៖
*ទី១៖ ការផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាល ប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត
*ទី២៖ គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ
*ទី៣៖ មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍
*ទី៤៖ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង
*ទី៥៖ ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព និងប្រសិទ្ធភាព
*ទី៦៖ មានអនាម័យ មានសោភណ្ឌភាពល្អ និងមានបរិស្ថានល្អ
*ទី៧៖ ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវ ប្រកបដោយប្រសិទ្ធភាព៕