(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ទាំង៧ នៃរដ្ឋបាលខណ្ឌឬស្សីកែវ បានបន្តចេញយាមល្បាតប្រចាំការតាមគោលដៅសំខាន់ៗ ពិសេសតំបន់ស្មុកស្មាញមួយចំនួន ដើម្បីរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្រោយទទួលបានការដឹកនាំបញ្ជាដោយត្រង់ និងការលើកឡើងដាក់ចេញជាផែនការនូវរៀងរាល់ការបើកកិច្ចជុំផ្សេងៗរបស់លោកអភិបាលខណ្ឌ ជិន ប៊ុនធឿន។
លោក ជិន ប៊ុនធឿន រៀងរាល់ការបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ តែងតែបានលើកឡើង និងជំរុញជាប់ជាប្រចាំដល់អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ធ្វើយ៉ាងណាត្រូវរួមសាមគ្គីភាពផ្ទៃក្នុង លើការយកចិត្តទុកដាក់ខ្ពស់ចំពោះការរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយ និងសុខសុវត្ថិភាព ទាំងការទប់ស្កាត់បង្ក្រាបបញ្ហាចោរកម្ម បញ្ហាក្មេងទំនើង ពិសេសបញ្ហាគ្រឿងញៀន ឲ្យបានល្អប្រសើរបន្ថែមទៀត សំដៅដល់ការចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាពសម្រាប់គោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុច របស់ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា។
លោកអភិបាលខណ្ឌឬស្សីកែវ ក៏បានលើកឡើងពីលក្ខណៈសម្បត្តិរបស់គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពទាំង៧ចំណុច» រួមមាន៖
*ទី១៖ ការផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាល ប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត
*ទី២៖ គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ
*ទី៣៖ មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍
*ទី៤៖ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង
*ទី៥៖ ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព និងប្រសិទ្ធភាព
*ទី៦៖ មានអនាម័យ មានសោភណ្ឌភាពល្អ និងមានបរិស្ថានល្អ
*ទី៧៖ ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវ ប្រកបដោយប្រសិទ្ធភាព៕