(ស្វាយរៀង)៖ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ មានការប្រកួតកីឡាបាល់ទាត់មិត្តភាពយុវជនភូមិថ្មី ចំនួន ២៤ក្រុម ក្រោមអធិបតីភាព លោក ចាប តូ អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោក ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទីតាំងឋិតនៅ ភូមិថ្មី សង្កាត់ ច្រកម្ទេសក្រុងបាវិត ខេត្តស្វាយរៀង។
ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់មិត្តភាពនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព បំផុសស្មារតីស្រឡាញ់ ចូលចិត្ត ការលេងកីឡាដើម្បីសុខភាព ចូលរួមលើកស្ទួយកីឡាបាល់ទាត់ ព្រមទាំងលើកទឹកចិត្តយុវជនចូលរួមលេងកីឡាទាំងអស់គ្នា ជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខទាំងឡាយ និង«កីឡារស់ក្នុងសន្តិភាព» ដោយគណៈកម្មការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា អាជ្ញាកណ្តាលមកពីមន្ទីរអប់រំយុវជន និងកីឡាខេត្តស្វាយរៀង មានកីឡាករចូលរួមប្រកួតចំនួន ២៤ភូមិ ស្មើនឹង ២៤ក្រុម ក្នុង ០១ក្រុម ចំនួនកីឡាករ ២០នាក់ សរុបកីឡាករចំនួន ៤៨០នាក់ និងប្រជាពលរដ្ឋចូលរួម នៅក្នុងព្រឹត្តិការណ៍នេះ ជាង ៥០០០នាក់ ។
លោក ចាប តូ ឲ្យដឹងថា ការប្រកួតកីឡានេះ អមដោយការប្រគំតន្រ្តី ពីសំណាក់តារាចម្រៀងល្បីៗ ដូចជា៖ លោក ពូ ឃ្លាំង លោក ដា ភ្លេង និងកញ្ញា ថាន់ នឿងថង រួមទាំងតារាចម្រៀងប្រុស ស្រីវ័យក្មេងជាច្រើនដួងទៀត ដោយមានការផ្សាយផ្ទាល់ចេញពីផេកទូរទស្សន៍សង្គម និងជនមានពិការភាព SDTV News ផេកផ្លូវការរបស់ក្រុមហ៊ុន អ៊ីនធ័រណែត មេគង្គណិត។
នៅក្នុងឱកាសនោះផងដែរ កីឡាករដែលទទួលបានជ័យលាភីរួមមាន៖
*លេខ ១ ទទួលបាន មេដាយមាស ១ ពាន ១ ថវិកា ២.២០០.០០០រៀល ភេសជ្ជ:កីឡាវី-អាក់ទីវ ១០ កេស
*លេខ ២ ទួលបាន មេដាយប្រាក់ ១ ថវិកា ៦០០.០០០រៀល ភេសជ្ជ:កីឡាវី-អាក់ទីវ ៨កេស
*លេខ ៣ ទទួលបាន មេដាយសំរឹទ្ធ ១ ថវិកា ៤០០.០០០ ភេសជ្ជ:កីឡាវី-អាក់ទីវ ៦កេស។
គួរជម្រាបថា ការប្រកួតកីឡាបាល់ទាត់នេះ គាំទ្រឧបត្ថម្ភដោយ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណារដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្រុមហ៊ុនអ៊ីនធ័រណិត មេគង្គណិត ថវិកាចំនួន ៥០០០ដុល្លារ និងក្រុមហ៊ុន វឌ្ឍន: ប្រ៊ូវើរី ភេសជ្ជៈកីឡា វី-អាក់ទីវ ចំនួន ៧៨កេស៕