(សៀមរាប)៖ ក្រុមការងារជំរុញការប្រើប្រាស់ App NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ខេត្តសៀមរាប រួមផ្សព្វផ្សាយជំរុញការប្រើប្រាស់ App NoDrug ក្នុងទិវានិងព្រឹត្តិការណ៍អមនៃទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅខេត្តសៀមរាប នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។
លោក ស៊ុន ចំណាន នាយករងរដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា អនុវត្តតាមការគាំទ្ររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងសេចក្តីអំពាវនាវរបស់លោកសន្តិបណ្ឌិត នេត សាវឿន គណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តសៀមរាបនោះ កម្លាំងយុវជនស.ស.យ.ក.ខេត្ត បានសហការធ្វើសកម្មភាពផ្សព្វផ្សាយការទាញយក App NoDrug មកប្រើប្រាស់ជាផលប្រយោជន៍ដល់សាធារណជនទូទៅ។
ក្នុងនាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ: បានថ្លែងអំណរគុណដល់គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តសៀមរាប ដែលបានផ្តល់ការអនុញ្ញាតនគរបាលផែនប្រឆាំងគ្រឿងញៀនខេត្ត កម្លាំងយុវជនស.ស.យ.ក.ខេត្ត ដែលបានសហការធ្វើសកម្មភាពផ្សព្វផ្សាយការទាញយក App NoDrug មកប្រើប្រាស់ក្នុងទិវា និងព្រឹត្តិការណ៍អមអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនចំនួន៤គោលផ្សេងគ្នា គឺសាលាខេត្ត ការបិទផ្សាយ QR Code លើម៉ូតូកង់បី ទីលានពហុកីឡដ្ឋានប្រកួតបាល់ទាត់រវាងថ្នាក់ដឹកនាំនិងតារា និងពីធីប្រគំតន្រ្តីចម្រុះបុរាណសម័យ។
គួរជម្រាបថា ក្នុងសកម្មភាពពេញមួយថ្ងៃ ក្រុមការងារទាំងអស់គ្នាបានធ្វើសកម្មភាពក្នុងចំណោមមហាជន សាធារណជនចូលរួមសរុបប្រមាណ៥ពាន់នាក់៕