(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃចន្ទទី១៩ ខែកញ្ញា ឆ្នាំ២០១៦នេះ បានអំពាវនាវដល់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុទាំងអស់ នៅក្នុងប្រទេសកម្ពុជា បន្ថយអត្រាការប្រាក់សម្រាប់ប្រជាកសិករ ហើយពន្យាពេលទារបំណុលពីកសិករមួយរយៈ ស្របពេលដែលកសិកភាគច្រើន កំពុងជួបហានិភ័យ ដោយសារការធ្លាក់ចុះនៃតម្លៃស្រូវ។ (សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន)
ការអំពាវនាវនេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រជាកសិករជាច្រើននាក់ នៅខេត្តបាត់ដំបងដែលជាការផលិតស្រូវដ៏ធំមួយក្នុងប្រទេសកម្ពុជា លើកគ្នាតវ៉ាបិទ ផ្លូវជាតិលេខ៥ ដើម្បីស្នើឱ្យរាជរដ្ឋាភិបាល និងអាជ្ញាធរទប់ស្កាត់ការធ្លាក់ចុះ នៃតម្លៃស្រូវនៅក្នុងប្រទេសដែលកើតឡើងរយៈពេល ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។
ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត សាលកវិទ្យាល័យបញ្ញាជាតិ នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យកសិកររក្សាភាពស្ងប់ស្ងាត់ ហើយអំពាវនាវឱ្យធនាគារ និងមីក្រូហិរញ្ញវត្ថុទាំងអស់នៅក្នុងប្រទេសកម្ពុជា បន្ថយអត្រាការប្រាក់សម្រាប់ប្រជាកសិករ ហើយពន្យាពេលទារបំណុល។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំក៏អំពាវនាវចំពោះធនាគារពាណិជ្ជទាំងឡាយ បានទទួលនូវប្រាក់កម្ចីដែលក្នុងនោះរដ្ឋក៏បានធានានូវហានិភ័យ៥០ភាគរយ អំពាវនាវចំពោះខាងមីក្រូហិរញ្ញវត្ថុទាំងឡាយ សូមមេត្តាយោគយល់ចំពោះប្រជាពលរដ្ឋដែលស្ថិតក្នុងស្ថានភាពលំបាកនេះ ដល់ដំណាក់កាលដែលត្រូវសងគាត់ លក់ស្រូវមិនដាច់ឬស្រូវបានថោកពេក គាត់មិនអាចសងបាន សុំកុំប្តឹងតុលាការទៅរឹបអូសផ្ទះគាត់ដីធ្លីគាត់ បន្ថែមពីលើនេះស្នើឱ្យមានការយោគយល់ ពន្យារពេលសង ហើយបើអាចធ្វើទៅរួចគឺមិនយកការប្រាក់ ឬបន្ថយអត្រាការប្រាក់ចំពោះកសិករដែលបានខ្ចីទុនពីយើង»។
សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញឱ្យឈ្មួញនាយទុនបញ្ចេញទុនរបស់ខ្លួន ដើម្បីទិញស្រូវពីកសិករនៅក្នុងតម្លៃមួយសមរម្យ ហើយអំពាវនាវទៅដល់អាជ្ញាធរ មូលដ្ឋានទាំងអស់ឲ្យទប់ស្កាត់សកម្មភាពឈ្មួញខិលខូច ដែលប្រើល្បិចទម្លាក់តម្លៃស្រូវរបស់ប្រជាកសិករខ្មែរផងដែរ។ «ពាណិជ្ជកម្មដែលរកស៊ីជាមួយស្រូវអង្ករ ត្រូវបញ្ចេញទុនដើម្បីជួយទិញ ក្នុងតម្លៃស្រូវដែលស្រូវក្រអូបស្រូវល្អ មិនទាបជាង៨៤០រៀលហើយបើគេហ៊ានទិញដល់១០០០រៀលឬ២០០០រៀលល្អណាស់»។
កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ រាជរដ្ឋាភិបាលកម្ពុជា សម្រេចឱ្យប្រើប្រាស់ប្រាក់បម្រុងប្រមាណ២៧លានដុល្លារអាមេរិក ដើម្បីជួយសង្រ្គោះការធ្លាក់ចុះ នៃតម្លៃស្រូវអង្ករនៅក្នុងប្រទេសកម្ពុជាផងដែរ។ ប្រាក់បម្រុងនេះមាន ២០លានដុល្លារជារបស់រាជរដ្ឋាភិបាល និង ៧លានដុល្លារទៀតជារបស់ធនាគារអភិវឌ្ឍន៍ជនបទ។
សម្តេចតេជោ ហ៊ុន សែន បានអះអាងបន្ថែមថា ដើម្បីដោះស្រាយបញ្ហាដំណាំស្រូវនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានស្នើដល់រដ្ឋាភិបាលចិនផ្តល់កម្ចីប្រមាណ ៣០០លានដុល្លារថែមទៀត យកមកកសាងទីតាំងមួយចំនួន ជារោងម៉ាស៊ីន, ម៉ាស៊ីនសម្ងួត, ឃ្លាំងស្តុក និងធ្វើជាទុនសម្រាប់បង្វិលជាដើម ការពារហានិភ័យផ្សេងទៀតលើបញ្ហាស្រូវអង្ករ៕