(ភ្នំពេញ)៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទិ្ធបញ្ញា «គ.ក.ប.» នៅរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធគម្រោងស្តីពី «ការពង្រឹងប្រព័ន្ធម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងផលិតផលសម្គាល់ភូមិសាស្រ្តកម្ពុជាប្រកបដោយចីរភាព»។

ពិធីនេះមានវត្តមានចូលរួមពី លោកស្រី រេប៊ែកកា ប៊ែល តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ព្រមទាំងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងវិស័យឯកជន ស្ថានទូត និងដៃគូរអភិវឌ្ឍន៍ រួមទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។

លោកស្រីរដ្ឋមន្ត្រី បានសម្តែងនូវការគាំទ្រចំពោះការអនុវត្ត «គម្រោងស្តីពីការពង្រឹងប្រព័ន្ធម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងផលិតផលសម្គាល់ភូមិសាស្រ្តកម្ពុជាប្រកបដោយចីរភាព» និងបានថ្លែងអំណរគុណដល់អង្គការ FAO ដែលផ្តល់ជំនួយបច្ចេកទេសសម្រាប់គម្រោងនេះ ដែលនឹងផ្តល់ឱកាសឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍សមត្ថភាព និងដោះស្រាយបញ្ហាប្រឈមរួម ដើម្បីពង្រឹងខ្សែច្រវាក់តម្លៃផលិតផលសម្គាល់ភូមិសាស្ត្រកម្ពុជា។

លោកស្រីរដ្ឋមន្ត្រី រំពឹងថា គម្រោងនេះនឹងផ្តល់នូវការសិក្សាច្បាស់លាស់ ដើម្បីផ្តល់ជាមូលដ្ឋានជាក់លាក់ក្នុងការរៀបចំយុទ្ធសាស្ត្រលើកកម្ពស់ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញកម្ពុជា ព្រមទាំងចូលរួមពង្រឹងសមត្ថភាពរបស់ភាគីពាក់ព័ន្ធផងដែរ។

លោកស្រីរដ្ឋមន្រ្តីបន្តថា ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញគឺជាឧបករណ៍កម្មសិទ្ធិបញ្ញាមួយដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សហគ្រិនភាព ការអភិវឌ្ឍសហគមន៍កសិកម្ម បង្កើនចំណូលរបស់សហគមន៍ បង្កើតភាពប្រកួតប្រជែងផ្នែកពាណិជ្ជកម្ម ដែលរួមចំណែកក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍។

ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មបានចាប់ផ្តើមអភិវឌ្ឍន៍ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ចាប់តាំងពីឆ្នាំ២០០៧ ដើម្បីរៀបចំប្រព័ន្ធអភិវឌ្ឍន៍ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដូចជា៖ ការបង្កើតការិយាល័យម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ការរៀបចំលិខិតបទដ្ឋានគតិយុត្ត និងការអនុវត្តគម្រោងសាកល្បងចុះបញ្ជីការពារ «ម្រេចកំពត» និង «ស្ករត្នោតកំពង់ស្ពឺ» ដែលផលិតផលទាំងនេះមានលក្ខណៈពិសេស ផ្សាភ្ជាប់នឹងតំបន់ភូមិសាស្ត្រ ចំណេះដឹង-ចំណេះធ្វើ និងទំនៀមទម្លាប់របស់ប្រជាពលរដ្ឋក្នុងតំបន់ និងមានកេរ្តិ៍ឈ្មោះល្បី ត្រូវបានចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ។

លោកស្រីរដ្ឋមន្ត្រីបញ្ជាក់ថា ចាប់តាំងពីការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញម្រេចកំពត និងស្ករត្នោតកំពង់ស្ពឺ នៅឆ្នាំ២០១០ រហូតមកដល់បច្ចុប្បន្ន ឃើញថា ចំនួនកសិករផលិត ផ្ទៃដីដាំដុះ និងក្រុមហ៊ុនកែច្នៃវេចខ្ចប់ មានការកើនឡើងគួរឱ្យកត់សម្គាល់ ហើយមានតម្រូវការទីផ្សារក្នុងស្រុកខ្ពស់ ព្រមទាំងបាននាំចេញទៅកាន់បណ្តាប្រទេសនានាជាច្រើន។

ក្នុងនោះ ម្រេចកំពត និងស្ករត្នោតកំពង់ស្ពឺ បានចុះបញ្ជីការពារម៉ាកនៅអន្តរជាតិ ដើម្បីទប់ស្កាត់ការក្លែងបន្លំ និងកសាងកេរ្តិ៍ឈ្មោះផលិតផលកម្ពុជានៅឆាកអន្តរជាតិឱ្យមានភាពល្បីល្បាញ ទទួលបាននូវទំនុកចិត្ត និងការគាំទ្រពីអ្នកប្រើប្រាស់ ព្រមទាំងរួមចំណែកធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទាក់ទាញទេសចរណ៍។ បន្ថែមពីនេះ អំបិលកំពតកែប ក៏កំពុងដាក់ពាក្យស្នើសុំចុះបញ្ជីនៅសហភាពអឺរ៉ុប និងតាមរយៈប្រព័ន្ធច្បាប់ទីក្រុងហ្សឺណែវ ផងដែរ។

លោកស្រីរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍មួយចំនួន រួមមាន៖ (១). ការរៀបចំលិខិតបទដ្ឋានគតិយុត្តចាំបាច់សម្រាប់ការពារ និងអភិវឌ្ឍន៍ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (២). សហការពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍សមាគមម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (៣). បន្តលើកកម្ពស់ និងពង្រឹងសមត្ថភាពរបស់សមាជិកសមាគមម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (៤). ជំរុញការប្រើប្រាស់បច្ចេកវិទ្យាក្នុងការផលិត ផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (៥). ពង្រឹងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់សមាគម និងអង្គភាពចេញវិញ្ញាបនបត្របញ្ជាក់អនុលោមភាព (៦). រៀបចំលិខិតបទដ្ឋានគតិយុត្ត និងហេដ្ឋារចនាសម្ព័ន្ត និងពង្រឹងសមត្ថភាពរបស់ស្ថាប័នពាក់ព័ន្ធឱ្យក្លាយជាអង្គភាពបញ្ជាក់អនុលោមភាពម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (៧). ខិតខំពង្រីកខ្សែច្រវាក់តម្លៃ និងកសាងនវានុវត្តផលិតផល (៨). សហការជំរុញការផ្សព្វផ្សាយ និងកសាងកេរ្តិ៍ឈ្មោះម៉ាកសម្គាល់ភូមិសាស្ត្រទំនិញឱ្យក្លាយជាម៉ាកសញ្ញារបស់ជាតិ និងក្លាយជាគោលដៅទេសចរណ៍។

គួររំលឹកផងដែរថា កម្ពុជាបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ចំនួន ៧ម៉ាក រួមមាន៖ ១- ម្រេចកំពត ២- ស្ករត្នោតកំពង់ស្ពឺ ៣- ក្រូចថ្លុងកោះទ្រង់ ៤- ទឹកឃ្មុំព្រៃមណ្ឌលគិរី ៥- អំបិលកំពតកែប ៦- ទឹកត្រីកំពតកែប និង៧- បង្កងតាកែវ៕