(ភ្នំពេញ)៖ ភាពច្រណែននិន្ទាមួយរបស់មេខ្លោងក្បត់ជាតិបីជំនាន់ សម រង្ស៉ី ខណៈពលរដ្ឋខ្មែរទាំងក្នុងនិង ក្រៅប្រទេស កំពុងរីករាយនឹងមានមោទនភាពចំពោះកម្មវិធី CoolApp ដែលជាស្នាដៃលើកដំបូងបង្អស់របស់កូនខ្មែររស់នៅក្នុងស្រុកនោះ ទណ្ឌិត សម រង្ស៉ីបានលេចមុខប្រឆាំងសារជាថ្មី។

ទណ្ឌិតជាមេខ្លោងក្បត់ជាតិបីជំនាន់រូបនេះ បាននិយាយរារាំងព្យាយាមមិនឱ្យពលរដ្ឋខ្មែរដោនឡូតកម្មវិធី CoolApp ដែលកូនខ្មែរក្នុងស្រុកព្យាយាមបង្កើតឡើង ដើម្បីការរត់ប្រណាំងជាមួយ ប្រទេសក្នុងតំបន់ និងពិភពលោកតាមភាពវិវត្តន៍នៃសម័យឌីជីថលដ៏ទំនើបនេះឡើយ។

ទណ្ឌិតរូបនេះបានចោទថា កម្មវិធី CoolApp បានបង្កើតឡើងតាមគំរូរបស់ចិនដើម្បីឱ្យរដ្ឋាភិបាលកម្ពុជាអាចស្រង់ព័ត៌មានពីមនុស្ស និងក្រុមនានាក្នុងបំណងចង់លួចយកព័ត៌មានឯកជន ពីពួកគេនិងក្នុងបំណងធ្វើទុក្ខបុកម្នេញដល់ប្រជាពលរដ្ឋ។

កម្មវិធី CoolApp បានប្រកាសដំណើរការរបស់ខ្លួន នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ព្រមទាំងប្រកាសអំពាវនាវឲ្យ ប្រជាពលរដ្ឋប្រើប្រាស់កម្មវិធីរបស់ខ្មែរមួយនេះ។ ស្ថាបនិកបង្កើតកម្មវិធីនេះគឺលោក លឹម ជាវុត្ថា បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានទូទៅរួចមកហើយថា «CoolApp បានប្រើនូវប្រព័ន្ធរក្សាការសំងាត់បំផុត គឺប្រព័ន្ធ Encryption ដែលគេពុំអាចមើល ឬអានសារ ដែលសរសេរបានឡើយ សូម្បីតែក្រុមហ៊ុន CoolApp នោះក៏ដោយ៖

ការបង្កើតកម្មវិធី «CoolApp» ជាលើកដំបូងរបស់កូនខ្មែរនៅក្នុងស្រុកនេះ បានទទួលការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋ, មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ជាពិសេសថ្នាក់ដឹកនាំស្ថាប័នកំពូល របស់ព្រះរាជាណាចក្រកម្ពុជា។

ស្ថាប័នកំពូលៗនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងមោទនភាពនៃការបង្កើតកម្មវិធី CoolApp នៃស្នាដៃដំបូងរបស់កូនខ្មែរ ខណៈទិសដៅរបស់រាជរដ្ឋាភិបាល បានចាត់ទុកកត្តាបច្ចេកវិទ្យាគឺជាអាទិភាពគន្លឹះមួយក្នុងចំណោមអាទិភាពគន្លឹះទាំង៥។

ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបង្កើតកម្មវិធី CoolApp មានប្រយោជន៍ជាខ្លាំងដែលការបង្កើតនេះ គឺដើម្បីកត្តាសន្តិសុខនៃសុវត្ថិភាពជាតិ និងការធានាថា កម្ពុជាមានបណ្តាញសង្គម នេះដោយខ្លួនឯងបើសិនជា «ករណីបណ្តាញទំនាក់ទំនងរបស់បរទេស ជួបការរអាក់រអួលដោយប្រការណាមួយ»

ចំណែកស្ថាប័នរដ្ឋសភាបានចេញសេចក្តីប្រកាសថ្ងៃទី២៦ មិថុនា ឆ្នាំ២០២៤ ដោយសម្តែង «ការកោតសរសើរនិងវាយតម្លៃខ្ពស់ប្រកបដោយមោទកភាព ដល់កិច្ចខិតខំប្រឹងប្រែងរហូតដល់បានបង្កើតទំនាក់ទំនង សង្គមថ្មីមួយដែលមានឈ្មោះ CoolApp»

ភាពច្រណែននិន្ទារបស់ទណ្ឌិត សម រង្ស៉ី មិនមែនត្រឹមតែកម្មវិធី CoolApp តែមួយនោះឡើយ សូម្បីតែរាជរដ្ឋាភិបាលប្រកាសការជីកព្រែកហ៊្វូណនតេជោ ដែលជាការផ្តួចផ្តើមគំនិតរបស់ខ្មែរជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនោះ ក៏ទណ្ឌិត សម រង្ស៉ី បានប្រឆាំងនិងថែមទាំងចោទថា វាជានយោបាយរបស់ប្រទេសចិន ទាក់ទិនទៅនឹងគំរោងសាងសង់មូលដ្ឋានជើងទឹករាមក្នុងខេត្ត ព្រះសីហនុ។ ប៉ុន្តែការចោទប្រកាន់ក្នុងចេតនាទុច្ចរឹតក្នុងបំណងចង់ឱ្យសហរដ្ឋអាមេរិក និងប្រទេសក្នុងតំបន់ដែលមិនពេញចិត្តនឹងប្រទេសចិន ឱ្យងាកមកប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជានោះ ត្រូវបានបរាជ័យទាំងស្រុង។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា ព្រែកជីកហ៊្វូណនតេជោ នឹងត្រូវចាប់ផ្តើមបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហា ខាងមុខនេះហើយ។

ក្រោយភាពបាក់មុខ និងរងការស្តីបន្ទោសពីប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅស្រុកដោយសារ តែនយោបាយប្រឆាំងចំពោះការរីកចំរើនរបស់ជាតិខ្មែរខ្លួនឯងនេះមក ទណ្ឌិត សម រង្ស៉ី បានងាកមក មុខព្រួញប្រឆាំងថ្មីរបស់ខ្លួនមួយទៀត ក្រោយដឹងថា មានកូនខ្មែរក្នុងស្រុកក្នុងសម័យដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ អាចកសាងបាននូវសមត្ថភាពកម្មវិធី CoolApp ដែលប្រទេសដទៃ ក៏មានកម្មវិធីប្រហាក់ប្រហែលគ្នា។

គួរកត់សម្គាល់ថា កម្មវិធីប្រហាក់ប្រហែលគ្នានេះ ត្រូវបានប្រទេសនីមួយៗបានបង្កើតរៀងៗខ្លួន ដូចជានៅប្រទេសចិន មានកម្មវិធី Wechat, នៅវៀតណាម មានកម្មវិធី Zalo, នៅកូរ៉េខាងត្បូង មានកម្មវិធី Kakao Talk, នៅរុស្ស៊ី មានកម្មវិធី Telegram ខណៈកម្ពុជាក៏ទើបមានដំបូងនូវកម្មវិធី CoolApp។ ប៉ុន្តែទណ្ឌិត សម រង្ស៉ី មិនចង់ឱ្យខ្មែរមានភាពច្នៃប្រឌិត និងអាចបង្កើតកម្មវិធីបានដោយខ្លួនឯងឡើយ។ ទណ្ឌិតរូបនេះបានបន្តនយោបាយប្រឆាំង នឹងផលប្រយោជន៍របស់ជាតិខ្មែរជាបន្តទៀត។

គេរំពឹងថា ការប្រឆាំងរបស់ទណ្ឌិតរូបនេះ គង់នឹងប្រឈមភាពបរាជ័យ ដូចអ្វីដែលទណ្ឌិតរូបនេះ ធ្លាប់បានប្រឆាំងនឹងគំរោងព្រែកជីកហ៊្វូណនតេជោ កន្លងមកនេះ។

ស្ថាបនិកលោក លឹម ជាវុត្ថា បានថ្លែងថា ក្នុងរយៈពេល១១ថ្ងៃមកនេះ តួលេខអ្នកដោនឡូតប្រើប្រាស់កម្មវិធី CoolApp មានជិត២០ម៉ឺននាក់ហើយ និងតួលេខនេះនឹងរំពឹងការកើនឡើងជាបន្ថែមទៀត៕