Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លើកនេះ អាមេរិក​ និង កូរ៉េខាងត្បូង ងាកមករៀបចំសមយុទ្ធវាយប្រហារតាមផ្លូវអាកាស ទៅលើរោងចក្រនុយក្លេអ៊ែរកូរ៉េខាងជើងវិញ

19-09-2016 15:21

(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងរៀបចំផែនការក្នុងការធ្វើសមយុទ្ធ វាយប្រហារតាមដែនអាកាសទៅលើ រោងចក្រនុយក្លេអ៊ែរ របស់កូរ៉េខាងជើង ដែលការហ្វឹកហ្វឺនក្នុងការ ប្រើប្រាស់ប្រព័ន្ធការពារដែនអាកាសនេះដែរ នឹងត្រូវប្រព្រឹត្តទៅ នៅខែតុលា ខាងមុខ។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៊ិនហួរ នៅមុននេះបន្តិច នារសៀលថ្ងៃចន្ទ ទី១៩ ខែកញ្ញា។

សមយុទ្ធដែលនឹងត្រូវរៀបចំឡើង ដោយដោតទង់ពណ៌ក្រហម ហើយនិងធ្លាប់ត្រូវបានអាមេរិករៀបចំ ឡើងម្តងដែរកាលពីឆ្នាំ១៩៧៥ នេះ នឹងត្រូវធ្វើឡើងនៅឯមូលដ្ឋានទ័ពអាកាស Eielson ក្នុងរដ្ឋ Alaska ភាគពាយ័ព្យអាមេរិក ទល់មុខនឹងដែនដីភាគខាងកើតរបស់រុស្ស៊ីចាប់ពី ថ្ងៃទី០៣ ដល់ ២១ ខែតុលា។ សមយុទ្ធឆ្នាំ២០១៦នេះ អាមេរិកនិងកូរ៉េខាងត្បូង នឹងដាក់រោងចក្រនុយក្លេអ៊ែរកូរ៉េខាងជើង ទៅជាគោលដៅ វាយលុក បន្ទាប់ពីការធ្វើតេស្តនុយក្លេអ៊ែរជាលើកទី០៥ កាលពីថ្ងៃទី០៩ ខែកញ្ញា នោះ។

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូង ដែលបានត្រៀមខ្លួនចូលរួមសមយុទ្ធខាងលើនេះ តាំងពីឆ្នាំ ២០១៣ មកនោះ នឹងបញ្ចេញយន្តហោះ ចម្បាំង F-15k ចំនួន ០៦គ្រឿង និងយន្តហោះដឹកជញ្ជូន C-130H ពីរគ្រឿង ទៅចូលរួមផងដែរ។ ដោយឡែកសម្រាប់សហរដ្ឋអាមេរិកវិញ នឹងបញ្ជូនយន្តហោះប្រយុទ្ធ ដូចជា F-16 និង F-15C រហូតដល់ទៅ ៥០គ្រឿងមកចូលរួម។

ងាកមកកាន់ប្រទេស នូវែលសេឡង់ និងអង្គការ NATO វិញ បានគ្រោងបញ្ជូនតែយន្តហោះដឹកទំនិញ និងយន្តហោះចាក់សាំងប៉ុណ្ណោះ ទៅចូលរួម៕