(ម៉ាឡេស៊ី)៖ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ (ESEA) ទទួលបន្ទុកនៅប្រទេសម៉ាឡេស៊ី បានសហការជាមួយគណៈកម្មាធិការគណបក្ស សាខាគណបក្ស ប្រចាំប្រទេសម៉ាឡេស៊ី រៀបចំពិធីអបអរសាទរខួបទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤) និងសំណេះសំណាលពិសាអាហារសាមគ្គី ជាមួយបងប្អូនខ្មែរឥស្លាម ពលករ ពលការិនី និងនិស្សិត ដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសម៉ាឡេស៊ី ដែលមានអ្នកចូលរួមប្រមាណ ១២០នាក់។

កម្មវិធីអបអរសាទរនៅប្រទេសម៉ាឡេស៊ី ត្រូវបានរៀបចំឡើង ដើម្បីរំលឹកអំពីប្រវត្តិរបស់គណបក្សប្រជាជនកម្ពុជា ដែលបានតស៊ូ ពុះពារការលំបាកគ្រប់បែបយ៉ាង និងសមិទ្ធផលធំៗជូនជាតិ និងប្រជាជន ដែលគណបក្សបានសម្រេចបាននាពេលកន្លងមកដូចជាសុខសន្តិភាព ឯកភាព ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍលើគ្រប់វិស័យនាពេលបច្ចុប្បន្ន។ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ (ESEA) បន្ទុកនៅប្រទេសម៉ាឡេស៊ី បានសហការជាមួយគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី រៀបចំកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដែលមានសមាជិកចូលរួមសរុបប្រមាណ ១២០នាក់។

គោលបំណង នៃការរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជានៅលើទឹកដីប្រទេសម៉ាឡេស៊ី ជាមួយបងប្អូនខ្មែរឥស្លាមយើងនេះ គឺដើម្បីផ្តល់ឱកាសដល់បងប្អូន និស្សិត សមាជិក សមាជិកាគណបក្សបានជួបជុំគ្នា ទោះបីជាកំពុងស្នាក់នៅ សិក្សា និងធ្វើការនៅប្រទេសម៉ាឡេស៊ី និងដើម្បីផ្សព្វផ្សាយដល់សមាជិក សមាជិកាគណបក្សគ្រប់រូប និងប្រជាពលរដ្ឋកម្ពុជា ជាពិសេសស្រទាប់យុវជននៅក្រៅប្រទេស ឱ្យបានយល់ដឹងច្បាស់ អំពីប្រវត្តិ សកម្មភាព និងប្រពៃណីស្នេហាជាតិដ៏ថ្លៃថ្លា របស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងសមិទ្ធផលទាំងឡាយ ដែលគណបក្សសម្រេចបានជូនជាតិមាតុភូមិ ក្នុងរយៈពេលជាង ៤៥ឆ្នាំមកនេះ៕