(ភ្នំពេញ)៖ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានផ្តួចផ្តើមឡើងដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានបញ្ចប់នៅថ្ងៃទី១ ខែកក្កដានេះ ទទួលបានលទ្ធផលជោគជ័យគួរជាទីមោទកៈ ទាំងទិដ្ឋភាពថវិកា និងចំនួនសប្បុរសជន ពោលគឺមានការចូលរួមគាំទ្រពីសប្បុរសជនជាង២៤ម៉ឺននាក់ ជាមួយនឹងថវិកាបរិច្ចាគសរុបសមមូលជាប្រាក់ដុល្លារអាមេរិកចំនួនជាង ៣.៣ លានដុល្លារ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤នេះ។

យោងតាមមូលនិធិគន្ធបុប្ផាកម្ពុជា បើធៀបនឹងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ពីរលើកកន្លងមកនេះ ឃើញថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ នេះ ទទួលបានការចូលរួមកាន់តែផុសផុលពីសប្បុរសជនក្នុងបណ្តាក្រសួង-ស្ថាប័ន, រាជធានី-ខេត្ត, ក្រុមហ៊ុន-សហគ្រាសទាំងតូចទាំងធំ ទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តនានា ដែលនេះឆ្លុះបញ្ចាំងពីចលនាជាតិដ៏សំខាន់មួយក្នុង «ស្មារតីខ្មែរជួយខ្មែរ» ដើម្បីរួមគ្នានាំក្ដីសង្ឃឹម និងភាពញញឹម ដល់ទារក និងកុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។

សូមជម្រាប​ថា មូលនិធិគន្ធបុប្ផាកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃ​កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានស្ថាបនិក និង សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាប្រធានកិត្តិយស បានរៀបចំយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» នេះឡើង ក្នុងគោលបំណងពីរសំខាន់ៗគឺ៖ ១). ដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា និង ២). ដើម្បីរំលឹក និងបំផុសចលនាកៀរគរការបរិច្ចាគក្នុងស្មារតី “ខ្មែរជួយខ្មែរ” ទោះតិចក្ដី ឬច្រើនក្ដី ពីសំណាក់សប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស ដើម្បីរួមគ្នាជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងការផ្ដល់ក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារនៅកម្ពុជា។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណ សប្បុរសជនទាំងក្នុង និងក្រៅប្រទេស, ក្រសួង-ស្ថាប័ន, ក្រុមហ៊ុន-សហគ្រាស និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិទាំងអស់ ដែលបានចូលរួមគាំទ្រយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដោយមធ្យោបាយរាងៗខ្លួន ដូចជា តាមរយៈការចូលរួមបរិច្ចាគ, កិច្ចសហការផ្សព្វផ្សាយ និងការគាំទ្រសកម្មភាពពាក់ព័ន្ធនានា យ៉ាងផុសផុល ដែលបានញុំាងឱ្យយុទ្ធនាការប្រចាំឆ្នាំដ៏មានសារៈសំខាន់មួយនេះរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានលទ្ធផលជោគជ័យយ៉ាងធំធេង ដោយថែមទាំងទទួលបានផងដែរនូវការកោតសរសើររបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែ ចំពោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់ការគិតគូរ និងរៀបចំយុទ្ធនាការដែលមានអត្ថន័យដ៏ធំធេងចំពោះសុខភាពទារក និងកុមារនៅកម្ពុជា​។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានប្រសាសន៍ថា ទោះបីជាយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ នេះ ត្រូវបិទបញ្ចប់នៅពេលនេះមែន តែមូលនិធិគន្ធបុប្ផាកម្ពុជានៅតែបន្តបេសកកម្មកៀគរការបរិច្ចាគជាប្រចាំ ព្រោះថាមន្ទីរពេទ្យគន្ធបុប្ផាត្រូវការថវិកាចំណាយចំនួនប្រមាណ១២ ម៉ឺនដុល្លារ ក្នុងមួយថ្ងៃៗ ឬស្មើនឹងប្រមាណ៤៣លានដុល្លារ ក្នុងមួយឆ្នាំៗ ដើម្បីរក្សានិរន្តភាពនៃកិច្ចដំណើរការក្នុងបេសកកម្មផ្ដល់ការពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារ ព្រមទាំងស្រ្តីមានផ្ទៃពោះរាប់លានករណីក្នុងមួយឆ្នាំៗ ប្រកបដោយគុណភាព, ឥតថ្លៃ និងមិនមានការរើសអើង។

ក្នុងន័យនេះ មូលនិធិគន្ធបុប្ផាកម្ពុជា សូមអំពាវនាវដល់សប្បុរសជននានា ទាំងនៅក្នុងស្រុក និងនៅប្រទេស សូមបន្តនូវទឹកចិត្តសប្បុរស និងវប្បធម៌ចែករំលែកដ៏ថ្លៃថ្លានេះ រួមគ្នាជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងការនាំមកនូវក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារនៅកម្ពុជា ទោះតិចក្ដី ច្រើនក្ដី ដើម្បីរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប៕