(ភ្នំពេញ)៖ បុគ្គលឈ្មោះ ពេជ ហ៉ីម អាយុ៥០ឆ្នាំ ដែលជាម្ចាស់គណនី Tiktok ឈ្មោះ pich. Techsey នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ បានចេញមកសារភាព នូវទោសកំហុសរបស់ខ្លួន បន្ទាប់ពីបានបង្ហោះព័ត៌មានមិនពិត ជុំវិញករណីកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបគ្រឿងញៀន ក្នុងក្លិបកំសាន្ត ថាំងហ៊ួយ KTV កាលពីយប់រំលងអាធាត្រថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤កន្លងទៅ។

បុគ្គលរូបនេះ បានសុំការអភ័យទោស ពីនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ, នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងកងកម្លាំងនគរបាលជាតិទាំងអស់ មេត្តាអធ្យាស្រ័យយោគយល់ ដោយក្តីអនុគ្រោះដល់ខ្លួន ដែលបានប្រព្រឹត្តកំហុសនេះ ហើយសូមសន្យាថា ខ្លួននឹងកែប្រែនូវកំហុសឆ្គងទាំងអស់ ចាប់ពីពេលនេះតទៅ។

បុគ្គលឈ្មោះ ពេជ ហ៉ីម បានបញ្ជាក់យ៉ាងដូច្នេះថា «បន្ទាប់ពីចែករំលែកវីឌីអូរួចមក ទើបខ្ញុំដឹងថាខ្លួនឯងពិតជាបានប្រព្រឹត្តកំហុសឆ្គង ក្នុងការចែករំលែកព័ត៌មានមិនពិត ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់កងកម្លាំងនគរបាលជាតិ ក៏ដូចជាមន្ទីរប្រឆាំងគ្រឿងញៀន ដែលតែងតែខិតខំបំពេញភារកិច្ចការងារ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនសង្គមជាតិកម្ពុជាទាំងមូល ។

ខ្ញុំបាទពិតមានការសោកស្តាយ នូវកំហុសឆ្គងរបស់ខ្ញុំបាទ ខ្ញុំបាទសូមធ្វើការសំណូមពរដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ពិសេស ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក នាយកមន្ទីរប្រឆាំងគ្រឿងញៀន និងកងកម្លាំងនគរបាលជាតិទាំងអស់ មេត្តាអធ្យាស្រ័យយោគយល់ ដោយក្តីអនុគ្រោះដល់រូបខ្ញុំបាទ ដែលបានប្រព្រឹត្តកំហុសនេះ ខ្ញុំសូមសន្យាថា កែប្រែនូវកំហុសឆ្គងទាំងអស់របស់ខ្ញុំបាទ ចាប់ពីពេលនេះតទៅ។

ប្រសិនបើខ្ញុំបាទ មិនបានកែប្រែកំហុស ហើយនូវតែប្រព្រឹត្តកំហុសបន្តទៀត ខ្ញុំបាទសុំទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជាទាំងស្រុង»៕