(សៀមរាប)៖ លោក ជា ស្រ៊ុន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងបញ្ជាក់ថា ផ្លូវនៅតាមជនបទមានសារៈសំខាន់ណាស់ នៅក្នុងការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ចនៅតាមជនបទ និងកាត់បន្ថយគម្លាតតំបន់ជនបទ និងទីក្រុង។

លោក ជា ស្រ៊ុន បានថ្លែងដូចនេះនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤នេះ នាឱកាសតំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារស្តារឡើងវិញ ផ្លូវក្រាលដីល្បាយក្រួសចំនួន ៥ខ្សែ ប្រវែងសរុប ៦ ១៩០ ម៉ែត្រ, ទទឹង ៥ ម៉ែត្រ, សាងសង់លូមូលមុខបីចំនួន ២កន្លែង និងផ្លាក ឈមោះផ្លូវចំនួន ៥កន្លែង ស្ថិតនៅភូមិខ្លាឃ្មុំ ភូមិត្រពាំងវែង ភូមិសាលា និងភូមិតាលៀន ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប ដែលគម្រោងនេះអនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ។

ជុំវិញការស្ថាបនាផ្លូវខាងលើនេះ, លោក ជា ស្រ៊ុន ក្រៅពីបានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងស្ថាបនាផ្លូវទាំង៥ ខ្សែនេះ សម្រេចបានតាមផែនការ និងប្រកបដោយគុណភាពហើយនោះ លោកបានបញ្ជាក់ដែរថា ក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ មានគោលបំណងប្រែក្លាយតំបន់ជនបទនៃកម្ពុជា ឱ្យក្លាយជាតំបន់អភិវឌ្ឍន៍រីកចម្រើនប្រកប ដោយបរិយាបន្ន និងមាននិរន្តរភាពផងដែរ។

ជាមួយនឹងគម្រោងខាងលើនេះដែរ ឧត្តមសេនីយ៍ទោ ហាយ ហ៉ីង នាយករងនាយកដ្ឋានវិស្វកម្ម តំណាងឧត្តមសេនីយ៍ឯក សឿន រឿត នាយកនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ បានឱ្យដឹងថា ដោយទទួលបានគោលការណ៍ឯកភាពពីក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរួចមក នាយកដ្ឋានវិស្វកម្មនៃក្រសួងការពារជាតិ ក៏បានអនុវត្តការងារនេះក្នុងគោលដៅជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើចរាចរទៅមក ការដឹកជញ្ជូនកសិផល និងដំណាំបន្ទាប់បន្សំរបស់ ប្រជាពលរដ្ឋមកកាន់ទីផ្សារ ជួយសម្រួលដល់សិស្សានុសិស្ស ធ្វើដំណើរទៅកាន់សាលារៀនជាដើម។

ឧត្តមសេនីយ៍ទោ ហាយ ហ៉ីង បានបន្ថែមថា មកដល់ពេលនេះផ្លូវ និងលូខាងលើ បានធ្វើការត្រួតពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារអនុវត្តសម្រេចបាន ១០០ ភាគរយ, គិតមកដល់ពេលនេះឃើញថា មានរយៈពេលជាង ៦ខែ ក្នុងរយៈពេលធានាសុពលភាព។

សូមបញ្ជាក់ដែរថា បន្ទាប់ពីចុះពិនិត្យគម្រោងផ្លូវនិងលូខាងលើរួច លោក ជា ស្រ៊ុន និងក្រុមការងារអន្តរក្រសួង បានចុះជួបសំណេះសំណាល ជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋចំនួន ៩៥នាក់ ដោយក្នុងពិធីនោះ លោកក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ សូមចូលរួមថែទាំផ្លូវ និងលូ នៅក្នុងមូលដ្ឋានរបស់ពួកគាត់ឲ្យបានគង់វង់យូរអង្វែង និងចាត់ទុកផ្លូវនិងលូទាំង នោះជារបស់ពួកគាត់។

នាឱកាសនោះដែរលោក ជា ស្រ៊ុន ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចែកជូនប្រជាពលរដ្ឋនៅឃុំគោកធ្លកលើ ដោយក្នុងម្នាក់ៗទទួលបានក្រម៉ាចំនួន ១ផងដែរ៕