(បន្ទាយមានជ័យ)៖ លោក សៅ សារឿន នាយផ្នែកចរាចរណ៍ក្រុងប៉ោយប៉ែត នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦នេះ បានដឹកនាំកម្លាំងនគរបាល នៃអធិការដ្ឋានក្រុង ចុះធ្វើការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ និងបោសសម្អាតអនាម័យ តាមទីសាធារណៈនៅក្នុងក្រុង ដើម្បីត្រៀមទទួលបុណ្យភ្ជុំបិណ្ឌ ដែលនឹងខិតជិតមកដល់ នាពេលឆាប់ៗខាងមុខ។
លោក សៅ សារឿន បានឲ្យដឹងថា ដោយអនុវត្តតាមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំបញ្ជាដោយលោកអធិការក្រុង ធិន ស៊ិនដេត និងកម្លាំងនគរបាល ចំនួន២០នាក់ទៀត បានចុះធ្វើអនាម័យបោសសម្អាតសម្រាម និងរៀបចំសណ្តាប់ធ្នាប់ នៅចំណុចរង្វង់មូល មុខច្រកចេញចូលព្រំដែន រហូតដល់ចំណុចមុខធនាគារអេស៊ីលីដា។
លោកបន្តថា កំណើននៃភ្ញៀវទេសចរ ដែលចេញចូលតាមច្រកទ្វារអន្តរជាតិ ក្រុងប៉ោយប៉ែត មានការកើនឡើងជារៀងរាល់ថ្ងៃ ដូច្នេះធ្វើឱ្យតាមទីសាធារណៈ ដែលមានភាពស្មោគគ្រោក មានសម្រាម ហើរពាសវាលពាសកាល ពិសេសការចោល ការទុកដាក់សម្រាម ការចតយានយន្តគ្រប់ប្រភេទ ការតាំងលក់ ជាហេតុធ្វើឲ្យប៉ះពាល់ដល់មុខមាត់ក្រុង និងខេត្ត និងប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋទូទៅ ដោយបូករួមទាំងសុខភាពភ្ញៀវទេសចរផងដែរ។
ជាមួយនឹងបោសសម្អាត កម្លាំងក៏បានធ្វើការរៀបចំរបៀបរបបសណ្តាប់ធ្នាប់ នៃការលក់ដូរ ការចតយានយន្តគ្រប់ប្រភេទ ដើម្បីកុំឲ្យមានការកកស្ទះលើដងផ្លូវ សម្រួលដល់ការធ្វើចរាចរណ៍ របស់ភ្ញៀវជាតិ និងអន្តរជាតិ។ ជុំវិញសកម្មភាពនេះ ប្រជាពលរដ្ឋ នៅក្នុងប៉ោយប៉ែត បានសាទរនឹងចំណាត់ការរបស់លោកស្នងការខេត្ត ដែល បានចាត់ឲ្យមន្រ្តីរបស់ខ្លួន ចុះសម្អាតអនាម័យ និងរៀបចំសណ្តាប់ធ្នាប់បែបនេះ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋធ្លាប់រិះគន់ថា អាជ្ញាធរក្រុងប៉ោយប៉ែត មិនបានគិតគូរដល់មុខមាត់ក្រុងរបស់ខ្លួនទេ ដោយទុកឲ្យសម្រាម នៅចំណុចរង្វង់មូល ស្ថិតនៅពាសវាលពាសកាល គ្មានការទុកដាក់ក្នុងធុងឱ្យបានត្រឹមត្រូវ និងគ្មានធុងសម្រាម ហើយបើមាន ធុងនោះខូចខាតរយាស និងធ្វើឲ្យសម្រាមធ្លាក់រាយប៉ាយ៕