(ភ្នំពេញ)៖ ក្នុងឱកាសដែលឯកឧត្តម គួច ចំរើន ត្រូវបានប្រកាសតែងតាំងជា អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ជាផ្លូវការនៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ, អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានផ្ញើសារលិខិតអបអរសាទរ ក្នុងឱកាសដែលឯកឧត្តមទទួលបាននូវតួនាទីភារកិច្ចថ្មី។

ក្នុងលិខិតរបស់អ្នកឧកញ៉ា គិត ម៉េង មានខ្លឹមសារថា «ខ្ញុំបាទ និងភរិយា ព្រមទាំងប្រធានសភាពាណិជ្ជកម្មរាជធានី-ខេត្ត ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងសមាជិក សមាជិកាទាំងអស់នៃសភាពាណិជ្ជកម្មកម្ពុជា សូមចូលសម្តែងនូវអំណរសាទរយ៉ាងក្លៀវក្លា និងស្មោះអស់ពីដួងចិត្ត ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លាដែល ឯកឧត្តមត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជា អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។

ព្រះរាជទានត្រាស់បង្គាប់តែងតាំងជា អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នេះគឺជាសក្ខី ភាពឆ្លុះបង្ហាញអំពីការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈដ៏មោះមុតរបស់ ឯកឧត្តម ដែលបានលះបង់អស់កម្លាំង កាយ និងប្រាជ្ញាស្មារតី ដោយមិនខ្លាចនឿយហត់ ក្នុងការបម្រើឧត្តមប្រយោជន៍ជូនជាតិ។

យើងខ្ញុំជឿជាក់ថា ភាព ជោគជ័យដ៏វិសេសវិសាលដែល ឯកឧត្តម ទទួលបាននេះ នឹងចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ និង ខេត្តកណ្តាល ឱ្យកាន់តែរីកចម្រើនរុងរឿងបន្ថែមទៀត ក្រោមមាគ៌ាដឹកនាំដ៏ថ្លៃថ្លាប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ជាថ្មីម្តងទៀត ស្ថិតក្នុងឱកាសដ៏ល្អថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមជូនពរបវរមហាប្រសើរជូនដល់ ឯកឧត្តម និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រលាញ់ សូមបានប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕