(ឧត្តរមានជ័យ)៖ ជនសង្ស័យប្រុសស្រីចំនួន៦នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ ឃាត់ខ្លួនបានជាមួយនឹងការដកហូតវត្ថុតាងថ្នាំញៀន និងសម្ភារមួយចំនួន នៅស្រុកត្រពាំងប្រាសាទ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤។

បើតាមលោកវរសេនីយ៍ទោ យ៉ាង វ៉ាន ប្រធានមន្ទីរយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជងាវុធហត្ថឧត្តរមានជ័យ បានថ្លែងថា ដោយអនុវត្តតាមបទបញ្ជា និងការណែនាំពីលោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ កម្លាំងមូលដ្ឋាកងរាជអាវុធស្រុកត្រពាំងប្រាសាទ បានបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន ២ករណីផ្សេងគ្នា ក្នុងឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ឃាត់ខ្លួនជនសង្ស័យសរុប៦នាក់ ដកហូតគ្រឿងញៀន៧កញ្ចប់តូចធំ និងសម្ភារ មួយចំនួន។

លោក យ៉ាង វ៉ាន បានថ្លែងទៀតថា ករណីទី១ កម្លាំងកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ នៅចំណុចភូមិសែនសុខ និងភូមិទួលប្រាសាទ ដកហូតគ្រឿងញៀន២កញ្ចប់តូចធំ និងករណីទី២ឃាត់ខ្លួនស្ត្រី ជាជនសង្ស័យម្នាក់ នៅចំណុចចំការស្វាយចន្ទី នៅភូមិសែនសុខ ឃុំទំនប់ដាច់ ដកហូតគ្រឿងញៀន៥កញ្ចប់តូចធំ និងសម្ភារមួយចំនួន។

បច្ចុប្បន្នជនសង្ស័យប្រុស ស្រី ទាំង៦នាក់ និងវត្ថុតាងថ្នាំញៀន ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមច្បាប់៕