(ភ្នំពេញ)៖ គម្រោង SENOVIE របស់ប្រទេសបារំាង ជាគម្រោងដែលសិក្សាអំពីជំងឺមហារីកសុដន់ ហើយគម្រោងនេះ ធ្វើការសិក្សាទាំងលើបច្ចេកទេសវេជ្ជសាស្ត្រ និងសិក្សាទាក់ទងទៅនឹងដំណើរជីវិតរបស់អ្នកជំងឺ (Parcours des Patientes) ដោយរាប់បញ្ចូលទាំងការស្វះស្វែងរកការព្យាបាល ស្មារតីសតិអារម្មណ៍ និងភាពខ្មាស់អៀនជាដើម។ ក្រៅពីនោះក៏មានគម្រោងពិនិត្យរកជំងឺមហារីកសុដន់ ដំណាក់កាលដំបូងផងដែរនាពេលខាងមុខនេះ។

គម្រោង SENOVIE គឺធ្វើបានឡើងនៅក្នុងប្រទេសចំនួន ៤ រួមមាន៖ ប្រទេស បេណាំង ( BENIN ), ម៉ាលី ( MALI), កម្ពុជា ( CAMBODIA ) និងបារាំង ( FRANCE)។ គម្រោងនេះគឺមានរយៈពេល ១ឆ្នាំ ហើយសម្រាប់នៅកម្ពុជា គឺបានសហការជាមួយមន្ទីរពេទ្យកាល់ម៉ែត ដោយយកឯកសាររបស់អ្នកជំងឺមហារីកសុដន់ទាំងអស់ ដែលមានរយៈពេល៥ឆ្នាំ មកសិក្សា។

លោកស្រីបណ្ឌិត Clémence Schantz សង្គមវិទូ ទទួលបន្ទុកផ្នែកស្រាវជ្រាវនៃវិទ្យាស្ថានស្រាវជ្រាវដើម្បីការអភិវឌ្ឍនៃប្រទេសបារាំង បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅចុងខែមិថុនា ឆ្នាំ២០២៤ ថា គម្រោង SENOVIE ប្រទេសបារំាង បានសហការជាមួយក្រសួងសុខាភិបាល និងមន្ទីរពេទ្យកាល់ម៉ែត ដើម្បីផលិតទិន្នន័យស្តីពីជំងឺមហារីកសុដន់នៅកម្ពុជា ព្រោះកន្លងមកនេះ កម្ពុជា ពុំមានទិន្និន័យនៃអ្នកកើតជំងឺមហារីកសុដន់ជាក់លាក់នោះឡើយ។

លោកស្រីបណ្ឌិតបានបន្ដថា «ដូច្នេះគោលបំណងរបស់យើង គឺចង់បានទាំងបរិមាណ និងគុណភាពនៃទិន្នន័យ ដែលមានលក្ខណៈគ្រប់គ្រាន់ ដើម្បីពន្យល់ពីអ្វីដែលជាដំណើរការព្យាបាលជំងឺមហារីកសុដន់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់»។

ជំងឺមហារីកសុដន់ ឈរនៅលំដាប់ទីមួយក្នុងចំណោមជំងឺមហារីកទាំងអស់ដែលមានលើស្រ្តី ហើយអត្រាមរណភាពក៏ខ្ពស់ជាងគេ ក្នុងចំណោមជំងឺមហារីកទាំងឡាយដែលកើតមានលើស្រ្តី នៅក្នុងពិភពលោក។ បើយោងតាមការប៉ាន់ប្រមាណរបស់វិទ្យាស្ថានស្រាវជ្រាវដើម្បីអភិវឌ្ឍរបស់បារាំង (IRD) បានឱ្យដឹងថា «ស្ត្រី៥០នាក់ក្នុងចំណោម ១០០,០០០នាក់ នៅកម្ពុជាមានជំងឺមហារីកសុដន់»

ជាមួយគ្នានេះលោកសាស្ដ្រាចារ្យ ហ៊ុន ចំរើន អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត បានឱ្យដឹងថា «គ្រប់បណ្តាប្រទេសទាំងអស់លើសកលលោក ជំងឺមហារីកជាឃាតករលាក់មុខ។ យោងតាមការប៉ាន់ប្រមាណរបស់អង្គការសុខភាពពិភពលោក ជំងឺមហារីកនៅកម្ពុជាមាននិន្នាការកើនឡើងគួរឱ្យកត់សម្គាល់ ដូច្នេះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ក្រោមការដឹកនាំរបស់លោកសាស្រ្តាចារ្យ ឈាង រ៉ា កំពុងយកចិត្តទុកដាក់ជាខ្លាំងលើបញ្ហានេះ និងដាក់ចេញនូវយុទ្ធសាស្រ្តអាទិភាព ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកាចសាហាវនេះ»

ដូចនេះគម្រោង SENOVIE នេះពិតជាមានសារៈសំខាន់ណាស់ ពីព្រោះបន្ទាប់ពីគម្រោងនេះបញ្ចប់ កម្ពុជានឹងមានទិន្នន័យពិតប្រាកដរបស់អ្នកជំងឺមហារីកសុដន់ ដែលមកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត មានព័ត៌មានពិតរបស់អ្នកជំងឺ ដើម្បីធ្វើការសិក្សាបន្តបន្ទាប់ទៀតដោយពឹងផ្អែកលើទិន្នន័យពិត ស្ថានភាពពិត នៅក្នុងប្រទេសដើម្បីឈានទៅរកការធ្វើរោគវិនិច្ឆ័យទាន់ពេលវេលា និងការព្យាបាលប្រកបដោយប្រសិទ្ធិភាព៕