(កូរ៉េ)៖ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ (ESEA) ទទួលបន្ទុកប្រទេសកូរ៉េ បានសហការជាមួយគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា និងសាខាគណបក្ស ប្រចាំសាធារណរដ្ឋកូរ៉េ រៀបចំកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤) និងសំណេះសំណាលពិសាអាហារសាមគ្គី ចំនួន ៨ទីតាំងនៅសាធារណរដ្ឋកូរ៉េ ដែលមានការអញ្ជើញចូលរួមពីប្រធានសាខា អនុប្រធានសាខា ជនបង្គោល សមាជិក-សមាជិកា សរុបប្រមាណ ៣០០នាក់។

កម្មវិធីអបអរសាទរនៅសាធារណរដ្ឋកូរ៉េ ត្រូវបានរៀបចំឡើង ដើម្បីរំលឹកអំពីប្រវត្តិរបស់គណបក្សប្រជាជនកម្ពុជា ដែលបានតស៊ូ ពុះពារការលំបាកគ្រប់បែបយ៉ាង និងសមិទ្ធផលធំៗជូនជាតិ និងប្រជាជន ដែលគណបក្សបានសម្រេចបាននាពេលកន្លងមកដូចជាសុខសន្តិភាព ឯកភាព ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍលើគ្រប់វិស័យនាពេលបច្ចុប្បន្ន។ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ (ESEA) ទទួលបន្ទុកប្រទេសកូរ៉េ បានសហការជាមួយគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ រៀបចំកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ចំនួន ៨ទីតាំង នៅតាមតំបន់រួមមាន៖ តំបន់អឺយចុងប៊ូ តំបន់អានសាន តំបន់ស៊ូវ៉ុន តំបន់ក្វាងជូ (២ទីតាំង) តំបន់គូមី (២ទីតាំង) និងតំបន់ថេហ្គូ ដែលមានសមាជិកចូលរួមសរុបប្រមាណ ៣០០នាក់។

គោលបំណង នៃការរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជានៅលើទឹកដីសាធារណរដ្ឋកូរ៉េ ជាមួយបងប្អូនខ្មែរយើងនេះ គឺដើម្បីផ្តល់ឱកាសដល់បងប្អូន សមាជិក សមាជិកាគណបក្សបានជួបជុំគ្នា ទោះបីជាកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ និងដើម្បីផ្សព្វផ្សាយដល់សមាជិក សមាជិកាគណបក្សគ្រប់រូប និងប្រជាពលរដ្ឋកម្ពុជា ជាពិសេសស្រទាប់យុវជននៅក្រៅប្រទេស ឱ្យបានយល់ដឹងច្បាស់ អំពីប្រវត្តិ សកម្មភាព និងប្រពៃណីស្នេហាជាតិដ៏ថ្លៃថ្លា របស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងសមិទ្ធផលទាំងឡាយ ដែលគណបក្សសម្រេចបានជូនជាតិមាតុភូមិ ក្នុងរយៈពេលជាង ៤៥ឆ្នាំមកនេះ៕