(ភ្នំពេញ)៖ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានស្នើដល់ លោក ស្សាហារ៉ូឌីន ប៊ីន អ៊ន(Shaharuddin Bin Onn) ឯកអគ្គរាជទូតថ្មី ប្រទេសម៉ាឡេស៊ីប្រចាំនៅកម្ពុជា លើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងរដ្ឋសភាកម្ពុជា និងម៉ាឡេស៊ី ឱ្យកាន់តែសកម្មនិងស៊ីជម្រៅឡើងថែមទៀត ដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋប្រទេសទំាងពីរ និងសហគមន៍អាស៊ាន ផងដែរ។ ជាមួយគ្នានេះសម្តេចប្រធានរដ្ឋសភា បានស្នើដល់ឯកអគ្គរាជទូតជួយជំរុញបន្ថែមដល់ការវិនិយោគ ពាណិជ្ជកម្ម និងការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសផ្នែកបច្ចេកវិទ្យាដល់យុវជនកម្ពុជាឱ្យបានច្រើនបន្ថែមទៀត។

សម្តេចរដ្ឋសភាធិបតី បានលើកឡើងដូច្នេះ នៅក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ លោក ស្សាហារ៉ូឌីន ប៊ីន អ៊ន នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជាបើកទ្វារចំហស្វាគមន៍ លោកឯកអគ្គរាជទូត និងសហការីគ្រប់ពេលវេលានៅក្នុងការសម្របសម្រួលនិងធ្វើកិច្ចសហប្រតិបត្តិការដើម្បីពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរឹងមាំនៃប្រទេសទំាងពីរដែលមានជាង៦០ឆ្នាំមកនេះ ឱ្យកាន់តែរឹងមាំថែមទៀតនៅលើគ្រប់វិស័យ ទំាងខាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងដែលរាជរដ្ឋាភិបាលប្រទេសទំាងពីរបានឯកភាពគ្នា ជាពិសេសនៅក្នុងដំណើរទស្សនកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ទៅកាន់ប្រទេសម៉ាឡេស៊ីកាលពីដើមឆ្នាំ២០២៤នេះ ដែលបានបង្ហាញពីការបន្តទំនាក់ទំនងកម្ពុជា-ម៉ាឡេស៊ី មិនដាច់រយៈពីថ្នាក់ដឹកនាំចាស់ មកថ្នាក់ដឹកនាំថ្មី។ ចំពោះទំនាក់ទំនងរដ្ឋសភាប្រទេសទំាងពីរ សម្តេចប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា សភាប្រទេសទំាងពីរបានធ្វើកិច្ចសហប្រតិបត្តិការគ្នាជាច្រើននៅក្នុងក្របខណ្ឌពហុភាគី ប៉ុន្តែនៅមានកម្រិតនៅក្នុងក្របខណ្ឌទ្វេភាគី ដែលត្រូវយកចិត្តទុកពង្រឹងពង្រីកបន្ថែមទៀត។ រដ្ឋសភាកម្ពុជា បានបង្កើតក្រុមមិត្តភាពសភាកម្ពុជា-ម៉ាឡេស៊ី តាំងពីអាណត្តិទី១មក និងគួរបន្តជំរុញកិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរឱ្យបានរឹងមាំ ស៊ីជម្រៅថែមទៀត តាមរយៈក្រុមមិត្តភាព សមាជិកសភាជាស្រ្តី សមាជិកសភាវ័យក្មេង និងកម្រិតអគ្គលេខាធិការដ្ឋាន ជាដើម។ សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បន្តថា កម្ពុជា-ម៉ាឡេស៊ីមានសក្តានុពលជាច្រើន ដែលអាចធ្វើការរួមគ្នា ដើម្បីបម្រើផលប្រយោជន៍ប្រជាជននិងប្រទេសទំាងសងខាង នៅក្នុងនោះមានដូចជា កម្ពុជាមានសក្តានុពលសម្រាប់ការផលិតអាហារហាឡាល់ (Halal) សម្រាប់ប្រទេសម៉ាឡេស៊ីនាំចេញទៅក្រៅប្រទេស និងការបង្កើនចំនួនជើងហោះហើរត្រង់រវាងប្រទេសទំាងពីរជាដើម។

លោក ស្សាហារ៉ូឌីន ប៊ីន អ៊ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធានរដ្ឋសភាដែលបានចំណាយពេលវេលាដ៏មមាញឹកទទួលជួបពិភាក្សាការងារជាមួយលោកនិងសហការីនាឱកាសនេះ។ លោកអគ្គរាជទូត បានអបអរសាទរចំពោះសម្តេចរដ្ឋសភាធិបតី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភានីតិកាលទី៧ និងជាស្រ្តីដំបូងគេនៅកម្ពុជាដែលទទួលបានតួនាទីដ៏ឧត្តុង្គឧត្តម នេះ។

លោកបានគំាទ្រប្រសាសន៍លើកឡើងរបស់សម្តេចរដ្ឋសភាធិបតី និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំនៅក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីដែលមានស្រាប់ ឱ្យកាន់តែរឹងមាំ និងធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា ជាពិសេស បន្តអនុវត្តនូវគម្រោងនៃកិច្ចសហប្រតិបត្តិការដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានកំណត់ ក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្តី ទៅកាន់ប្រទេសម៉ាឡេស៊ីកាលពីចុងខែកុម្ភៈកន្លងទៅ ដូចជាវិស័យពាណិជ្ជកម្ម និងវិនិយោគ ការងារនិងការអប់រំ បណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ (TVET) ការតភ្ជាប់ បច្ចេកវិទ្យាឌីជីថល និងឧស្សាហកម្មអាហារហាឡាល់ (Halal)។ លោក បានជម្រាបជូនសម្តេចរដ្ឋសភាធិបតី ថា រូបលោកពិតជាមានកិត្តិយសណាស់ ដែលបានមកបំពេញបេសកកម្មការទូតនៅកម្ពុជា ដែលជាមិត្តដ៏ល្អរបស់ម៉ាឡេស៊ី ហើយថាកម្ពុជាមានតួនាទីដ៏សំខាន់ក្នុងតំបន់ និងលើឆាកអន្តជាតិផងដែរ៕