(បន្ទាយមានជ័យ)៖ ផ្លូវដែកកម្ពុជា-ថៃ ត្រូវបានចាក់បេតុងតភ្ជាប់គ្នាហើយ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦នេះ។ ជាមួយការតភ្ជាប់ផ្លូវដែកកម្ពុជា-ថៃ នេះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញបំណងចង់ឃើញសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ ធ្វើដំណើរតាមរថភ្លើងកម្ពុជា-ថៃ ដែលមានជាលើកដំបូងនេះ ដើម្បីលើកកម្ពស់ការដឹកជញ្ជូននៃប្រទេសទាំងពីរ។

ក្នុងឱកាសអញ្ជើញចាក់បេតុងតភ្ជាប់ផ្លូវដែក នាព្រឹកមិញនេះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានឲ្យដឹងថា ផ្លូវដែកកម្ពុជា-ថៃ អាចនឹងដាក់ឲ្យដំណើរការជាផ្លូវការ​ នៅមុនដំណាច់ឆ្នាំ២០១៦នេះ។ បើតាមលោកទេសរដ្ឋមន្រ្តី ការដាក់ឲ្យដំណើរការជំហ៊ានដំបូងនេះ ផ្លូវដែកខាងកម្ពុជា រត់បានត្រឹមខេត្តបាត់ដំបងប៉ុណ្ណោះ។ តែទោះជាយ៉ាងណារាជរដ្ឋាភិបាល កំពុងស្វែងរកថវិកាជួសជុលផ្លូវដែករបស់កម្ពុជា ឲ្យបានដល់រាជធានីភ្នំពេញ។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបង្ហាញក្តីរំពឹងថា ការដាក់ឲ្យដំណើរការផ្លូវដែកកម្ពុជា-ថៃនេះ នឹងជួយឲ្យការដឹកជញ្ជូនរវាងប្រទេសកម្ពុជា និងថៃ បានកាន់តែងាយស្រួល និងល្អប្រសើរ ហើយក៏ជួយកាត់បន្ថយការចំណាយលើការដឹកជញ្ជូនផងដែរ៕

រូបភាព៖ លោក ត្រាំ លីរតនៈ