(ភ្នំពេញ)៖ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយលោក Ueno Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព ជប៉ុនប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសកម្មភាពមីន។

តាងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា, ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមគាំទ្រយ៉ាងសកម្ម និងផ្តល់កិច្ចសហប្រតិបត្តិការដល់វិស័យ សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា អស់រយៈពេលជាង៣០ឆ្នាំ ដែលកម្ពុជាបានចាត់ទុកជប៉ុន គឺជាដៃគូដ៏លេចធ្លោ និងយូរអង្វែងមួយ។ ការចូលរួមរបស់ជប៉ុន ពិតជាបានរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ផ្តល់ដីសុវត្ថិភាព កាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន និងលើកកម្ពស់វិស័យកសិកម្ម ជាដើម។

ក្នុងនាមកម្ពុជាជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បណ្ឌិត លី ធុជ បានថ្លែងអំណរគុណដល់ប្រទេសជប៉ុន ដែលបានផ្តល់ការគាំទ្រដល់វិស័យសកម្មភាពមីនសកល និងគាំទ្រដល់បណ្តាប្រទេសនានា ដែលមានតម្រូវការក្នុងវិស័យសកម្មភាពមីន។ ជាមួយគ្នានោះ កម្ពុជា សូមគាំទ្រភាពជាប្រធានរបស់ប្រទេសជប៉ុននៃកិច្ចប្រជុំរដ្ឋភាគីអនុសញ្ញាអូតាវ៉ាលើកទី២២ ឆ្នាំ២០២៥ ខាងមុខ។

លោក Ueno Atsushi ឯកអគ្គរាជទូតជប៉ុន បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់នូវកិច្ចសហប្រតិបត្តិយ៉ាងជិតស្និទ្ធ លើកិច្ចប្រតិបត្តិការបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា។ ឯកអគ្គរាជទូតជប៉ុន ក៏បានលើកឡើងអំពីដំណើរ ទស្សនកិច្ចផ្លូវការរបស់លោកស្រីរដ្ឋមន្រ្តីការបរទេសជប៉ុន និងប្រធានស្ថាប័ន JMAS នៅប្រទេសកម្ពុជា ក្នុងខែកក្កដាឆ្នាំ២០២៤នេះ។ ប្រធានស្ថាប័ន JMAS នឹងចូលជួបប្រជុំទ្វេភាគីជាមួយលោកបណ្ឌិត លី ធុជ ផងដែរ៕