(ភ្នំពេញ)៖ លោក Julian Otinkorang មន្រ្តីអង្គការសហប្រជាជាតិ សម្រាប់រៀបចំគម្រោងហ្វឹកហ្វឺនត្រីភាគី កម្ពុជា-កូរ៉េ-អ.ស.ប បានដឹកនាំប្រតិភូនៃសាធារណរដ្ឋកូរ៉េ ជប៉ុន និងអូស្រ្តាលី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានទទួលស្វាគមន៍ការអញ្ជើញមកដល់របស់ប្រតិភូទាំងអស់យ៉ាងកក់ក្តៅ និងបានពាំនាំពាក្យពេចន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា, នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ និង លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិ ។

ជំនួបនេះត្រូវបានរៀបចំឡើងដើម្បីត្រួតពិនិត្យពីបច្ចុប្បន្នភាពនៃការប្រុងប្រៀបរបស់កម្ពុជា ដែលនឹងធ្វើជាម្ចាស់ផ្ទះនៃគម្រោងហ្វឹកហ្វឺនត្រីភាគី កម្ពុជា-កូរ៉េ-អ.ស.ប នាងចុងឆ្នាំ២០២៤នេះ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងថា អគារចំនួន៣ខ្នង ដែលត្រៀមសម្រាប់វគ្គហ្វឹកហ្វឺនដ៏សំខាន់នេះ រួមមានអគារសិក្សា សាលប្រជុំ និងអាគារស្នាក់នៅ អាចនឹងបញ្ចប់ការសាងសង់នាខែកញ្ញាខាងមុខនេះ។ អគារទាំង៣ខ្នង ដែលកំពុងបណ្តែតខ្លួនក្នុងទីតាំងសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាន៍នេះ នឹងបំពាក់ដោយគ្រឿងអេឡិចត្រូនិចទំនើបៗ ទាន់សម័យ ដើម្បីផ្តល់ភាពងាយស្រួលដល់សិក្ខាកាម។ ជាមួយគ្នានោះក៏បាននឹងកំពុងស្ថាបនាផ្លូវបេតុង ៧គីឡូម៉ែត្រ និងបានស្ថាបនាផ្លូវគ្រួសក្រហមរួចរាល់ ៦គីឡូម៉ែត្រ។

លោក Julian Otinkorang បានបង្ហាញសេចក្តីរីករាយ ដែលបានត្រឡប់មកដល់ទឹកដីកម្ពុជាម្តងទៀត ដើម្បីសហការលើគម្រោងដ៏សំខាន់នេះជាមួយក្រុមការងារធំ និងចម្រុះជាតិសាសន៍។

លោកសង្ឃឹមថា វគ្គហ្វឹកហ្វឺននេះ នឹងកាន់តែទទួលបានលទ្ធផលជោគជ័យល្អជាងឆ្នាំមុនទៅទៀត។ លោកបានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះកម្ពុជា ក្នុងការខិតខំប្រឹងរៀបចំយ៉ាងយកចិត្តទុកដាក់ លើគម្រោងហ្វឹកហ្វឺនត្រីភាគីនេះ។

មិនខុសគ្នាពីមន្រ្តីតំណាងអង្គការសហប្រជាជាតិ ប្រតិភូនៃសាធារណរដ្ឋកូរ៉េ ជប៉ុន អូស្រ្តាលី ក៏បានបង្ហាញស្នាមញញឹមបញ្ជាក់ពីអារម្មណ៍រីករាយ ដែលបានមកទឹកដីកម្ពុជា។ ដោយឡែក ចំពោះភាគីសាធារណរដ្ឋកូរ៉េ បានស្នើសុំឱ្យមានកម្មវិធីផ្ទេរ និងប្រគល់សម្ភារៈ ជាលើកទី២ របស់សាធារណរដ្ឋកូរ៉េ សម្រាប់គម្រោងហ្វឹកហ្វឺនត្រីភាគនេះ៕