(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ គណៈប្រតិភូនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដឹកនាំដោយលោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋាន គយ និងរដ្ឋាករកម្ពុជា បានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ ក្រុមប្រឹក្សាសហប្រតិបត្តិការគយលើកទី ១៤៣/១៤៤ នៅទីស្នាក់ការកណ្តាលរបស់អង្គការគយពិភពលោក (WCO) នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ដោយមានការចូលរួមពីអគ្គនាយកគយ និងតំណាងរដ្ឋបាលគយនៃប្រទេសជាសមាជិកចំនួន១៨៦, អគ្គលេខាធិការ WCO និងមន្ត្រីជាន់ខ្ពស់នៃលេខាធិការដ្ឋានផងដែរ។

កិច្ចប្រជុំនេះ ដឹកនាំដោយលោក Edward Kieswetter (អគ្គនាយករដ្ឋបាលគយអាហ្វ្រិកខាងត្បូង ដែលទទួលបានជ្រើសតាំងជាប្រធានអង្គប្រជុំសម្រាប់ឆ្នាំ២០២៤ និង២០២៥)។

ប្រធានអង្គប្រជុំបានស្វាគមន៍ និងសម្ដែងអំណរគុណចំពោះវត្តមាន និងការចូលរួមដ៏ច្រើនកុះកររបស់អគ្គនាយកគយ និងតំណាងរដ្ឋបាលគយដែលជាប្រទេសសមាជិក និងបានវាយតម្លៃខ្ពស់ ចំពោះសមាជិកទាំងអស់ ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រឆ្នាំ២០២៣-២០២៤ បានដោយជោគជ័យ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច, កិច្ចសម្រួលពាណិជ្ជកម្ម, ការការពារសន្តិសុខ និងខ្សែច្រវាក់ផ្គត់ផ្គង់, ការធ្វើបរិវត្តកម្មឌីជីតាល់, ការលើកកម្ពស់សមភាពយេនឌ័រក្នុងរដ្ឋបាលគយ និងការអភិវឌ្ឍភាពធន់ក្រោមភាពមិនច្បាស់ និងតឹងតែងនៃសេដ្ឋកិច្ចពិភពលោក។

អង្គប្រជុំបានស្តាប់របាយការណ៍ និងពិភាក្សាផ្តោតសំខាន់លើការងារមួយចំនួន រួមមាន៖ ១.ការកសាងសមត្ថភាព, ២៖ ការងារបច្ចេកទេសគយ ជាពិសេសរបាយការណ៍ នៃការសិក្សាពិនិត្យឡើងវិញ ជាយុទ្ធសាស្រ្តលើប្រព័ន្ធសុខដុមនីកម្ម (HS), ៣៖ អនុលោមភាព និងកិច្ចសម្រួលពាណិជ្ជកម្ម, ៤៖ គោលនយោបាយ និងអភិបាលកិច្ចរបស់ WCO និង ៥៖ កិច្ចការហិរញ្ញវត្ថុ និងសវនកម្មរបស់ WCO។

ទន្ទឹមនេះ អង្គប្រជុំ ក៏បានពិភាក្សាយ៉ាងផុសផុលលើការងារពាក់ព័ន្ធនឹងគោលដៅយុទ្ធសាស្រ្តចំបងរបស់ WCO រួមមាន៖ កិច្ចសម្រួលពាណិជ្ជកម្ម, ការប្រមូលចំណូល, សន្តិសុខ និងការពារសង្គម, ការអភិវឌ្ឍរដ្ឋបាលគយវៃឆ្លាតដោយប្រើប្រាស់ AI, គម្រោងរដ្ឋបាលគយបៃតង, ពាណិជ្ជកម្មអេឡិចត្រូនិក, ការលើកកម្ពស់សមភាពយេនឌ័រ និងបរិយាប័ន និងការអភិវឌ្ឍ/កែទម្រង់របស់ WCO ។

អង្គប្រជុំក៏បានពិភាក្សា និងអនុម័តលើឯកសារសំខាន់ៗមួយចំនួនរួមមាន ១៖ ផែនការអនុវត្ត ឆ្នាំ២០២៤-២០២៥, ២៖ ផែនការយុទ្ធសាស្រ្តឆ្នាំ២០២៥-២០២៨, ៣៖ គោលនយោបាយកែទម្រង់របស់ WCO ៤៖ សេចក្តីសម្រេច ស្តីពីការពង្រឹងភាពធន់រវាងរដ្ឋបាលគយ និងវិស័យឧស្សាហកម្ម។

នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងអគ្គលេខាធិការនៃអង្គការ គយពិភពលោក បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាងអង្គការគយពិភពលោក និង អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ស្តីពីការដាក់សាលាជាតិគយ ទៅជាមជ្ឈមណ្ឌលបណ្តុះបណ្តាលប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិករបស់អង្គការគយពិភពលោកនៅកម្ពុជា (WCO Regional Training Center in the Asia Pacific)។

ឆ្លៀតក្នុងឱកាសនៃកិច្ចប្រជុំនេះ គណៈប្រតិភូនៃរដ្ឋបាលគយកម្ពុជា បានជួបប្រជុំទ្វេភាគីជាមួយ៖

១៖ គណៈប្រតិភូនៃរដ្ឋបាលគយឥណ្ឌា ក្នុងគោលបំណងពិភាក្សាដើម្បីពន្លឿនការរៀបចំឯកសារក្របខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលគយទាំងពីរ និងការគាំទ្រគ្នានៅក្នុងតំបន់
២៖ គណៈប្រតិភូនៃរដ្ឋបាលគយ ហ្វីលីពីន ដើម្បីពិនិត្យលទ្ធភាពរៀបចំសេចក្តីព្រាងអនុស្សរណៈយោគយល់គ្នាលើការជួយគ្នាលើកិច្ចការគយ
និង៣៖ គណៈប្រតិភូនៃរដ្ឋបាលគយបេឡារុស ដើម្បីបន្តជំរុញពន្លឿននីតិវិធីផ្ទៃក្នុង សំដៅចុះហត្ថលេខាលើ អនុស្សរណៈ យោគយល់គ្នាលើកិច្ចសហប្រតិបត្តការ និងការជួយគ្នាទៅវិញទៅមកលើការងារគយ ។

សូមជម្រាបផងដែរថា កិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាសហប្រតិបត្តិការគយលើកទី ១៤៥/១៤៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ នៅលេខាធិការដ្ឋានអង្គការគយពិភពលោក នាទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក៕