(ភ្នំពេញ)៖ អធិការដ្ឋាននគរបាលខណ្ឌកំបូល បានរៀបចំបេីកវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ច សិទ្ធិ និងរបៀបរបប នៃការចងក្រងប្រជាការពារនៅតាមសង្កាត់។ ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល និងមានការចូលរួមពីលោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌ លោកចៅសង្កាត់ លោកនាយប៉ុស្តិ៍ និងមន្ត្រីពាក់ព័ន្ធនានា និងប្រជាការពារទូទាំងខណ្ឌកំបូល ចំនួន៦៤៩នាក់ផងដែរ។
គោលបំណងនេះវគ្គបណ្ដុះបណ្ដាលនេះ ដើម្បីធ្វើឲ្យប្រជាការពារនៅតាមឃុំ សង្កាត់ មានការយល់ដឹងអំពីតួនាទីភារកិច្ច និងសិទ្ធរបស់ខ្លួន ដែលជាត្រីវិស័យបង្ហាញផ្លូវឲ្យពួកគាត់បំពេញការងារប្រកបដោយវិន័យ មានរបៀបរៀបរយ មានសីលធម៌ មានអាកប្បកិរិយាល្អ និងទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ។ ជាងនេះទៀត ក៏ដើម្បីឲ្យប្រជាការពារដឹងពីរបៀបធ្វើការពេលមានហេតុការណ៍ ឬសភាពការណ៍អ្វីមួយកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួនប្រកបដោយជោគជ័យ និងសុវត្ថភាផងដែរ។
អង្គពិធីទាំមូលបានបញ្ជាក់ថា ប្រជាការពារ ពុំមែនជាអង្គការចាត់តាំងរបស់កងកម្លាំងប្រដាប់អាវុធ ឬជាអង្គការចាត់តាំងដែលមានរចនាសម្ព័ន្ធត្រឹមត្រូវ និងមិនមានការកំណត់ ក្របខណ្ឌ ឬឯកសណ្ឋានជាក់លាក់ជាកងកម្លាំងឯកភាពនោះទេ។ ប៉ុន្តែប្រជាការពារភូមិ ឃុំ សង្កាត់ បានដើរតួយ៉ាងសំខាន់ក្នុងការដាស់តឿនក្រើន រំលឹកប្រជាពលរដ្ឋឱ្យចេះប្រុងប្រយ័ត្នការពារទ្រព្យសម្បត្តិ ផ្ទះសំបែង សត្វពាហនៈ។ អប់រំយុវជន យុវនារី កុំឲ្យប្រព្រឹត្តអំពើអបាយមុខផ្សេងៗ ជាពិសេសចូលរួមចំណែកយ៉ាងសំខាន់ក្នុងការចូលរួមថែរក្សាសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗរបស់ជាតិផងដែរ។
ដោយមានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ បានលើកឡើងថា ការបើកវគ្គបណ្តុះបណ្តាលនៅពេលនេះ នឹងធ្វើឲ្យប្រជាការពារមានការយល់ដឹងអំពីតួនាទីភារកិច្ច និងសិទ្ធរបស់ខ្លួន ដែលជាត្រីវិស័យបង្ហាញផ្លូវឲ្យពួកគាត់បំពេញការងារប្រកបដោយវិន័យ មានរបៀបរៀបរយ មានសីលធម៌ មានអាកប្បកិរិយាល្អ និងទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។
លោកអធិការក៏បានបង្កើតនូវសំណួរចម្លើយរវាងរូបលោកផ្ទាល់ជាមួយប្រជាការពារ ស្ដីពីវិធីការពារខ្លួន និងការបង្រ្កាបជនល្មើសពេលមានសភាពការកើតឡើង ហើយលោកបានផ្ដល់នៅគន្លឹះជាច្រើន ដល់ប្រជាការពារសង្កាត់និងភូមិ ដើម្បីធ្វើការឲ្យបានជោគជ័យ ហើយមានសុវត្ថិភាពសម្រាប់ខ្លួនឯងផងដែរ។
ក្រៅពីនេះលោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ បានបង្កើតគ្រុបខូលអេប (CoolApp) សម្រាប់ប្រជាការពារខណ្ឌកំបូល ដើម្បីឲ្យការងាររបស់កម្លាំងប្រជាការពារមានភាពងាយស្រួល និងរលូនទាន់សភាពការណ៍ក្នុងការទំនាក់ទំនងគ្នា ជាពិសេសលើការងារភូមិឃុំមានសុវត្ថិភាព និងការបង្ក្រាបក្រុមក្មេងទំនើង ក៏ដូចជាការពន្លឿនសេវាសាធារណៈផងដែរ៕