(គូឡាឡាំពួ)៖ កាលពីល្ងាច ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ2024 កន្លងទៅនេះ គណៈកម្មការ CHT International Awards 2024 បានរៀបចំពិធីប្រគល់រង្វាន់ CHT International Awards លើកទី10 ដោយបានវាយតម្លៃពីបុគ្គលឆ្នើម និងស្ថាប័នល្អអស្ចារ្យកម្រិតអន្តរជាតិ ដែលក្នុងនោះក៏មានការប្រគល់ប្រភេទពានរង្វាន់ CHT International Outstanding Achievers Award 2024 ជូនដល់លោក ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលសមាគម វិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និងក្រុមហ៊ុន ID Capital ហើយក៏ជាប្រធានសមាគមសម្ពន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាជ័យលាភីខ្មែរតែមួយរូប ប្រព្រឹត្តទៅ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ក្នុងឱកាសនោះ ក៏មានការចូលរួមពី ឯកឧត្តម អ៊ុក ចាន់ដារ៉ា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី ជាអធិបតីមួយរូបផងដែរ និងមានអ្នកចូលរួមជាថ្នាក់ដឹកនាំរដ្ឋ និងឯកជនជិត 400 នាក់។

CHT International Awards 2024 គឺជាវេទិកាមួយបង្កើតឡើងនៅឆ្នាំ 2008 ហើយ ឆ្នាំ 2024 នេះ ជាលើកទី ១០ ដែលបានរៀបចំដោយទទួលស្គាល់ ថ្នាក់ដឹកនាំឆ្នើមៗ និងស្ថាប័នល្អអស្ចារ្យកម្រិតអន្តរជាតិ ដែលបានរីកចំរើនក្នុងវិស័យរបស់គេ និងបាននាំសមទ្ធផលសំខាន់ៗទៅដល់សង្គមជាតិរបស់គេ។ គួរកត់សម្គាល់ផងដែរថា កម្ពុជាធ្លាប់បានទទួលចំនួន 4 រូបរួចហើយដែរដែលមាន ឯកឧត្តម លី ថុច, អ្នកឧកញ៉ា សៀ ឬទ្ធី, ឯកឧត្តម ហេង សុខគង់, និងលោក Scott Nesson (ប្រធានអង្គការ Cambodia Children Fund)។ ជ័យលាភីគឺតំណាងឱ្យបុគ្គលដែលបានទៅដល់ចំណុចកំពូល នៃលទ្ធផលរបស់ជ័យលាភីនីមួយៗ។

លោក ហោ សេរីវឌ្ឍន៍ ត្រូវបានវាយតម្លៃដោយគណៈកម្មការយោងលើសមទ្ធផលរបស់លោកទាំងក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ, ព្រមជាមួយកិច្ចការជួយដល់សង្គមជាតិ។ លោកត្រូវបានទទួលថាជាអ្នកជំនាញក្នុងវិស័យពាណិជ្ជកម្មដែលមានបទពិសោធន៍ជោគជាំ និងការកសាងបណ្ដាញវិនិយោគិន ក្នុង-ក្រៅប្រទេស ដែលបច្ចុប្បន្ន IDI ជាស្ប័នលោកដឹកនាំបានក្លាយជាស្ថាប័នឯកជននាំមុខ នៃប្រព័ន្ធអេកូឡូស៊ីវិនិយោគនៅកម្ពុជាផងដែរ។ ក្នុងកិច្ចការសង្គម លោក ហោ សេរីវឌ្ឍន៍ ក៏ជាអ្នកដឹកនាំជួយសង្គមដ៏ខ្លាំងក្លា ជាពិសេសគឺជាបុគ្គលឯកជនឈាននាំមុខគេលើកិច្ចការសដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា និងក្នុងអំឡុងពេលនៃការរាតត្បាតជម្ងឺកូវីដ-១៩ ដែលលោកបានបង្កើតក្រុមការងារជាអ្នកសម្របសម្រួលប្រឹក្សាយោបល់ និងជួយអន្តរាគមន៍ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋជាប្រចាំថ្ងៃ ដោយសហការជាមួយក្រសួង-ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេស ក្រសួងសុខាភិបាល។ បន្ថែមលើនេះ លោកក៏ជាស្ថាបនិកមូលនិធិកម្ពុជាប្រឆាំងកូវីដ-១៩ ដែលបានកៀគរជំនួយឧបត្ថម្ភជាកញ្ចប់គ្រឿងឧបភោគ-បរិភោគ និងថ្នាំពេទ្យ ជូនដល់ប្រជាពលរដ្ឋជាង មួយម៉ឺន ដែលមានការរួមពីសប្បុរសជនជាតិ និងអន្តរជាតិ ។

ទម្រាំបោះជំហានមកដល់ចំណុចនេះ បណ្ឌិត ហោ សេរីវឌ្ឍន៍ ត្រូវឆ្លងកាត់ការលំបាក និងឧបសគ្គជាច្រើន។ ក្នុងនាមជាឈាមខ្មែរតែមួយរូប បានទទួលពានរង្វាន់ CHT International Awards 2024 ដែលទទួលស្គាល់ការយកចិត្តទុកដាក់ និងជោគជ័យដ៏គួរឱ្យកត់សម្គាល់ និងរះចែងចាំង ក្នុងការគាំទ្រសហគមន៍ក្នុងស្រុក និងអន្តរជាតិ គឺជាមោទកភាពសម្រាប់ជាតិខ្មែរទាំងមូល ហើយក៏រំពឹងទុកថា លោកនឹងពន្លេចចេញចក្ខុវិស័យថ្មីៗល្អៗជាច្រើនទៀត សម្រាប់សុទិដ្ឋិនិយមនៃខ្មែរជំនាន់នេះ និងជំនាន់ក្រោយ៕

*ជីវប្រវត្តិខ្លីរបស់លោក ហោ សេរីវឌ្ឍន៍

លោក ហោ សេរីវឌ្ឍន៍ ជាប្រធានសមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និងក្រុមហ៊ុន អាយឌី ឃែភីថល ម.ក។ លោកក៏ជាប្រធានសមាគមសម្ពន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IEL), សមាជិកក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ, សមាជិកគណៈកម្មាធិការចំពោះកិច្ចទទួលបន្ទុកចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ទូទាំងប្រទេស, ប្រធាន និងជាស្ថាបនិកមូលនិធិកម្ពុជាប្រឆាំងកូវីដ-១៩, សមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមប្រឹក្សាជាតិកម្ពុជា (NAB) និងមានតួនាទីជាថ្នាក់ដឹកនាំក្រុមហ៊ុន និងសមាគមផ្សេងៗទៀតផងដែរ។ លោក ហោ សេរីវឌ្ឍន៍ ក៏អតីតមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា, មន្ត្រីអគ្គលេខាធិការដ្ឋានអាស៊ានទទួលបន្ទុកវិនិយោគ, អនុប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា និងជាអតីត ប្រធានក្រុមអតីតនិស្សិតសាលា Lee Kuan Yew School of Public Policy នៅកម្ពុជាផងដែរ។ លោកជាអតីតសិស្សពូកែចូលរួមប្រឡងជម្រើសជាតិអក្សរសាស្ត្រខ្មែរនៅឆ្នាំ 1999 និងបានបញ្ចប់ការសិក្សាបរិញ្ញាបត្រពាណិជ្ជកម្ម (BCOM), បរិញ្ញាប័ត្រជាន់ខ្ពស់រដ្ឋបាលពាណិជ្ជកម្ម (MBA) និងបរិញ្ញាបត្រជាន់ខ្ពស់រដ្ឋបាលសាធារណៈ (MPA) ពីសាកលវិទ្យាល័យជាតិសិង្ហបុរី សាលា Lee Kuan Yew School of Public Policy, និងទទួលបណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ International Morality University នៃសហរដ្ឋអាមេរិក។ លោកធ្លាប់ទទួលបានពានរង្វាន់ពីស្ថាប័នអន្តរជាតិមួយចំនួន ដូចជា US-ASEAN Business Council ឆ្នាំ 2010 និង Distinguished Leadership Award នៅប៉ូឡូញផងដែរ ហើយពេលនេះលោកទទួលបាន CHT International៕