(ភ្នំពេញ)៖ លោកកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅព្រឹកថ្ងៃចន្ទ ទី០១ ខែកក្កដា ឆ្នាំ២០២៤

បានដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាធម្មនុញ្ញ និវត្តមកមាតុប្រទេសវិញ ក្រោយបញ្ចប់បេសកកម្មដោយជោគជ័យក្នុងការចូលរួមសន្និសីទអន្តរជាតិនៃតុលាការ ធម្មនុញ្ញសហព័ន្ធរុស្ស៊ី ក្រោមប្រធានបទ «ការការពារសិទ្ធិ និងការពិនិត្យធម្មនុញ្ញភាព» ដែលបានប្រព្រឹត្តទៅ នាទីក្រុង St. Petersburg របស់សហព័ន្ធរុស្ស៊ី ចាប់ពីថ្ងៃទី២៦ ដល់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤។

នៅក្នុងសន្និសីទអន្តរជាតិខាងលើ លោកកិត្តិនីតិកោសលបណ្ឌិតប្រធាន បានថ្លែងបទអន្តរាគមន៍ ចែករំលែកអំពីសមត្ថកិច្ច និងពិសោធន៍របស់ក្រុមប្រឹក្សាធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជា ដោយផ្តោតលើយន្តការនៃការលើកកម្ពស់ និងការការពារសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ក្នុងក្របខណ្ឌនៃការ ពិនិត្យធម្មនុញ្ញភាពនៃច្បាប់។

សន្និសីទអន្តរជាតិ ដែលតុលាការធម្មនុញ្ញនៃសហព័ន្ធរុស្ស៊ី តែងប្រារព្ធធ្វើប្រចាំឆ្នាំ គឺជាវេទិកាមួយមានសារសំខាន់ណាស់ ដោយលើកឡើងនូវគោលការណ៍សំខាន់ៗ នៃរដ្ឋធម្មនុញ្ញ និងច្បាប់ និងផ្តល់ឱកាសដល់តុលាការ ឬក្រុមប្រឹក្សាធម្មនុញ្ញនៃបណ្តាប្រទេស ជាសមភាគី ធ្វើការពិភាក្សាផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក ស្របតាមបរិបទនៃប្រទេសនីមួយៗ ក្នុងទិសដៅអភិវឌ្ឍប្រព័ន្ធធម្មនុញ្ញ និងប្រព័ន្ធច្បាប់ ស្របតាមការវិវត្តនៃសភាពការណ៍ប្រែប្រួល របស់ពិភពលោក។

សូមបញ្ជាក់ថា សន្និសីទអន្តរជាតិរបស់តុលាការធម្មនុញ្ញនៃសហព័ន្ធរុស្ស៊ីប្រចាំ ឆ្នាំ២០២៤នេះ មានការអញ្ជើញចូលរួមពីបណ្តា តុលាការធម្មនុញ្ញ, ក្រុមប្រឹក្សាធម្មនុញ្ញ, និងតុលាការកំពូល មកពី២៤ប្រទេស ដែលក្នុងនោះមានប្រទេសសមាជិកអាស៊ានចំនួន៥ គឺ កម្ពុជា, ឥណ្ឌូណេស៊ី, ថៃឡង់ដ៍, មីយ៉ាន់ម៉ា, និងម៉ាឡេស៊ី។ ក្នុងនោះក៏មានអង្គការ អន្តរជាតិ និងអន្តររដ្ឋាភិបាល ចំនួន២ បានចូលរួមផងដែរ គឹ Court of the Eurasian Economic Union និង Conference of Constitutional Jurisdictions of Africa ៕