(បន្ទាយមានជ័យ)៖ លោក កែ គឹមយ៉ាន បានអំពាវនាវឱ្យគ្រប់គ្នាដាំដាំកូនឈើនៅគ្រប់ទីកន្លែង ជាបុណ្យកុសល និងមូលដ្ឋានភូមិឃុំមានទេសភាពបៃតង រស់រវើកគ្រប់រដូវកាល។ លោក កែ គឹមយ៉ាន តំណាងរាស្រ្តខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីដាំដើមឈើ «រុក្ខទិវា ៩ កក្កដា ២០២៤» ដោយមានការអញ្ជើញចូលរួមពីព្រះសង្ឃ សមាជិកព្រឹទ្ធសភា រដ្ឋសភា ក្រុ​ម​ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្រ្តីរាជការ កងកម្លាំង លោកគ្រូ អ្នកគ្រូ ក្មួយៗយុវជន និស្សិត សិស្សានុសិស្ស ចំនួនជាង២០០០នាក់ នៅសាកលវិទ្យាល័យជាតិមានជ័យ ដើម្បីបំផុសស្មារតីចូលរួមស្តារនិងដាំដើមឈើ នាព្រឹកថ្ងៃថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤នេះ។

ក្នុងឱកាសនោះលោក កែ គឹមយ៉ាន បាននាំមកនូវបណ្តាំសួរសុខទុក្ខ នឹករលឹកពរជ័យពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្តី ប្រគេន និងជូនចំពោះ ព្រះសង្ឈគ្រប់ព្រះអង្គ មន្រ្តីរាជការ កងកម្លាំងគ្រប់ប្រភេទ ប្រជាពលរដ្ឋទាំងអស់។

តាមរយៈរបាយការណ៍របស់លោក ង៉ោ ម៉ែងជ្រួន អភិបាលរងខេត្ត តំណាងលោក អ៊ុំ រាត្រី ក្នុងឱកាសនោះដែរ លោកបានថ្លែងអំណរគុណ កោតសសើរក្រុមការងារគ្រប់ថ្នាក់ អាជ្ញាធរមូលដ្ឋានដែនដីគ្រប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំង ខេត្តបន្ទាយមានជ័យ ដែលបានបន្តចូលរួមចំណែកថែរក្សាការពារសន្តិភាព ស្ថិរភាព និងសន្តិសុខសណ្តាប់ធ្នាប់សង្គម ចូលរួមចំណែកគ្រប់គ្រង ថែរក្សា ការពារ និងអភិរក្សបរិស្ថាន ធនធានធម្មជាតិស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយធ្វើការបណ្តុះដាំកូនឈើនៅតាមសាលារៀ​នចំនួន៤៣០កន្លែង, វត្តអារ៉ាមចំនួន៨៨វត្ត, សាលាឃុំចំនួន១៧, មន្ទីរពេទ្យចំនួន១៨, និងទីបញ្ជាការដ្ឋានចំនួន០១កន្លែង សរុបបាន២៥ ០០០ដើម ហើយនឹងកំពុងបន្តដាំនៅតាមក្រុង ស្រុកមួយចំនួន ដើម្បីបំពេញបន្ថែមទៀត។

ជាមួយគ្នានោះ លោក កែ គឹមយ៉ាន បន្តថា ធនធានព្រៃឈើ ជាសម្បត្តិធម្មជាតិដ៏មហាសាល សម្រាប់ជីវិតមនុស្ស សត្វរស់នៅ ហើយបានដើរតួរនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបរិស្ថាន ដោយបានជួយថែរក្សាការពារ លំនឹងនិងបរិស្ថានធម្មជាតិ ធ្វើឲ្យអាកាសធាតុមានភាពកាន់តែប្រសើរឡើង ខ្យល់បរិសុទ្ធ រក្សាបាននូវនិយ័តភាពប្រភពទឹក ការពារទីជម្រាល និងជីវៈចម្រុះ ព្រមទាំងចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នទៅបរិយាកាស និងជួយទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើង។       

ជាមួយគ្នានេះលោក កែ គឹមយ៉ាន បានអំពាវនាវដល់ព្រះតេជគុណគ្រប់ព្រះអង្គ គ្រប់ទីវត្តអារ៉ាម មន្ត្រីរាជការ មន្ទីរអង្គភាព អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ គ្រប់គ្រឹះស្ថានសិក្សា ក្មួយៗនិស្សិត សិស្សានុសិស្ស បងប្អូនជនរួមជាតិ នៅក្នុងខេត្តបន្ទាយមានជ័យ បន្តរួមគ្នាគ្រប់គ្រង ថែរក្សាការពារ អភិរក្ស ធនធានព្រៃឈើ និងធនធានធម្មជាតិផ្សេងៗទៀតឲ្យមានប្រសិទ្ធិភាពនិងនិរន្តរភាព ដើម្បីជាប្រយោជន៍ដល់មនុស្សជាតិយើងគ្រប់ជំនាន់ ដើ​ម្បី​កាត់បន្ថយទឹកជំនន់ ខ្យល់ន្ទ្រាក់ រន្ទះ រាំងស្ងួត ធ្លាក់ចុះគុណភាពដី  «ការដាំកូនឈើនៅគ្រប់ទីកន្លែងជាបុណ្យកុសលដ៏ប្រពៃធ្វើឱ្យមូលដ្ឋានភូមិ ឃុំ មានទេសភាពបៃតង រស់រវើកគ្រប់រដូវកាល»

ក្នុងពិធីនោះដែរលោក កែ គឹមយ៉ាន បាននាំយកអំណោយផ្តល់ជូនសរុបមានសារុង ២០០០ និងថវិកាជាង១៩លានរៀលផងដែរ៕