(កំពង់ចាម)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា កម្ពុជាបាននាំចេញផលិតផលជលផលចំនួន៥០តោនក្នុងឆ្នាំ២០២៣ និង៣៨តោន នាដើមឆ្នាំ២០២៤នេះ ទៅកាន់ប្រទេសចិន ក្រោយពីប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា។

ការថ្លែងបែបនេះរបស់លោករដ្ឋមន្រ្តី បានធ្វើឡើងក្នុងទិវាមច្ឆជាតិ ០១ កក្កដា លើកទី១៩ នៅទីតាំងបឹងធំ ក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត។

លោករដ្ឋមន្រ្តី បានថ្លែងថា៖ «កម្ពុជាសម្រេចបានការនាំចេញផលិតផលជលផលទាំងស្រស់ និងកែច្នៃរួចចំនួនជិត៣ពាន់តោន ក្នុងឆ្នាំ២០២២ និងជាង៣,៥០០តោន ក្នុងឆ្នាំ២០២៣ ទៅប្រទេសជិតខាង ហើយកម្ពុជាក៏បាននាំចេញផលិតផលជលផលចំនួន៥០តោន ក្នុងឆ្នាំ២០២៣ និង៣៨តោន កាលពីដើមឆ្នាំ២០២៤នេះ ទៅកាន់ប្រទេសចិនដែរ ក្រោយពីប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នាកាលពីឆ្នាំ២០២០»

លោកបានបន្តថា អ្វីកាន់តែគួរឱ្យកត់សម្គាល់ជាងនេះ កម្ពុជាក៏បាននាំត្រីងៀតចំនួន ៣,៧តោន ទៅកាន់ប្រទេសអូស្រ្តាលីជាលើកដំបូង នៅដើមឆ្នាំ២០២៤នេះ ផងដែរ ដែលទាំងនេះ សុទ្ធសឹងតែជាលទ្ធផលនៃកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍនានា លើការពង្រឹងគុណភាព សុវត្ថិភាព និងការកែច្នៃផលផលិតផលជលផលកម្ពុជា ទាំងសម្រាប់ទីផ្សារក្នុងស្រុកនិងបរទេស។

គួរបញ្ជាក់ផងដែរថា ទិន្នផលជលផលដែលកម្ពុជាបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិក្នុងឆ្នាំ២០២៣ មានដូចជាការនាំចេញផលផលិតផលជលផលស្រស់ ៣,៤២៤តោន និងការនាំចេញផលផលិតផលជលផលកែច្នៃ ១៨៦តោន និងការនាំចេញទៅកាន់ប្រទេសចិនរួមមាន បង្កងប៉ាក់រស់ចំនួន១តោន, អន្ទង់បង្កក ចំនួន២តោន និងកំពិសបង្កកចំនួន ៤៧តោន។

បន្ថែមពីនោះ គិតត្រឹមរយៈពេល០៥ខែក្នុងឆ្នាំ២០២៤ កម្ពុជាបាននាំចេញផលិតផលជលផលទៅកាន់ទីផ្សារប្រទេសចិនបានប្រមាណ៣៨តោន ដូចជាកំពិសបង្កកចំនួន៣៥.៨០តោន, បង្កងប៉ាករស់ចំនួន​ ២.៣០តោន និងអន្ទង់រស់ប្រមាណ ០.២តោនផងដែរ។

លោករដ្ឋមន្រ្តី បានបញ្ជាក់ថា ដើម្បីពង្រឹងការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍអនុវិស័យជលផល ឱ្យកាន់តែរីកចម្រើន ស្របតាមបរិបទនៃការវិវឌ្ឍសេដ្ឋកិច្ច នយោបាយ និងសង្គម ជាពិសេសគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំសេចក្តីព្រាងច្បាប់ជលផលថ្មី ដែលទើបបញ្ចប់ការកែសម្រួលផ្នែកទោសប្បញ្ញត្តិដោយក្រសួងយុត្តិធម៌ និងកំពុងពិនិត្យកែសម្រួលចុងក្រោយលើខ្លឹមសារសំខាន់ៗ មុននឹងបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីដាក់ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្នុងពេលឆាប់ៗខាងមុខនេះ។ សេចក្តីព្រាងច្បាប់ថ្មីនេះ នឹងផ្តល់មូលដ្ឋានគតិយុត្តកាន់តែរឹងមាំនិងស៊ីជម្រៅថែមទៀត គាំទ្រដល់ការអនុវត្តការងារក្នុងអនុវិស័យជលផល៕