(ព្រះសីហនុ)៖ លោក ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងថា ទាំងអស់គ្នា គួរវិនិយោគទុនលើជនពិការ ព្រោះជនពិការ ក៏ជាអតិថិជនដែលមានសក្ដានុពល មួយដែរហើយបច្ចុប្បន្ននេះ ជនពិការមានរហូតដល់ ជាង៥០ម៉ឺននាក់ ដូច្នេះចំបាច់ឲ្យទាំងអស់គ្នា សហការរួមគ្នាផ្ដល់សេវា ដល់ជនពិការដូចជនមិនពិការផងដែរ ដូចជាការបង្កលក្ខណៈងាយស្រួលដល់ជនពិការ ដែលមានជម្រាលចេញ ចូលដោយគ្មានឧបសគ្គរារាំង ចំណតយានយន្តពិសេស របស់ជនពិការ និងបន្ទប់ទឹកមានធ្នាក់ដៃ ដើម្បីជនពិការអាចប្រើប្រាស់បាន។
ការថ្លែងរបស់លោក ឯម ច័ន្ទមករា ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការកាត់បន្ថយភាពក្រីក្រ របស់ជនពិការតាមរយៈការលើកម្ពស់ កំណើនការងារ និងអាជីពសមស្របសម្រាប់ជនពិការ ដើម្បីបង្កើនជីវភាពរស់នៅសមរម្យ និងពង្រឹងភាពជាម្ចាស់ក្នុងវិស័យទេសចរណ៍» ដោយមានការសហការជាមួយ ក្រុមការងារសកម្មភាពជនពិការ នៃក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។ ក្នុងសិក្ខាសាលានេះដែរ ក៏មានការចូលរួមពី លោក ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារសកម្មភាព ជនពិការក្រសួងទេសចរណ៍ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងតំណាងវិស័យឯកជន មានផ្ទះសំណាក់ សណ្ឋាគារ សេវាកំសាន្ត តំណាងខេត្ត កងកម្លាំងប្រដាប់អាវុធ មន្រ្តីពីតំណាងមន្ទីរ ស្ថាប័នពាក់ព័ន្ធ ចំណុះខេត្តព្រះសីហនុ សរុប ប្រមាណជាង៦០រូប។
លោក ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ក៏បានឲ្យដឹងដែរថា ការងារពិការភាព គឺជាការងារពហុវិស័យ ចាំបាច់ទាមទារឲ្យមាន ការយកចិត្តទុកដាក់ ពីគ្រប់ស្ថាប័នពាក់ព័ន្ធ ទាំងរដ្ឋ និងឯកជន ដើម្បីជនពិការភាពកម្ពុជាគ្រប់រូបទទួលបាននូវ ផលប្រយោជន៍ជាក់លាក់ ស្របតាមច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ អនុសញ្ញាសិទ្ធិជនពិការ និងយុទ្ធសាស្រ្ត អ៉ិន ឈន់ ធ្វើឲ្យសិទ្ធក្លាយជាការពិត។
ជាមួយគ្នានោះដែរ លោក ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារសកម្មភាព ជនពិការក្រសួងទេសចរណ៍ បានបញ្ជាក់ដែរថា គោលបំណង នៃការរៀបចំសិក្ខាសាលាផ្សព្វផ្សាយថ្ងៃនេះ គឺដើម្បីជំរុញការអនុវត្តច្បាប់ស្តីពីកិច្ចការពារ លើកកម្ពស់សិទ្ធិជនពិការ កម្មវិធីនយោបាយរដ្ឋាភិបាល ចំពោះជនពិការ ផ្តល់ឱកាសការងារ លើកទឹកចិត្តដល់ជនពិការដែលមានលក្ខណៈសម្បត្តិ សមត្ថភាព បំពេញនូវមុខងារ តួនាទី ការទទួលខុសត្រូវក្នុងមុខតំណែងចូលបម្រើការងារ លើកកម្ពស់សេចក្តីថ្លៃថ្នូរ សុខុមាលភាព និងសិទ្ធិរបស់ជនពិការកម្ពុជា តាមរយៈការទទួលស្គាល់សមត្ថភាពជនពិការ ប្រសើរជាងការមើលឃើញតែពិការភាព របស់ជនពិការ និងចូលរួមបំពេញនូវកាតព្វកិច្ចរបស់កម្ពុជា ជាហត្ថលេខីនៃ អនុសញ្ញាដែលទាក់ទងសិទ្ធិមនុស្ស និងសិទ្ធិជនពិការ។
លោក ហោ សារុន បានបន្តថា វិស័យទេសចរណ៍ គឺជាឧស្សាហកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ដែលមានលក្ខណៈជាប្រព័ន្ធ ប្រទាក់ក្រឡា រវាងគ្រប់សមាសភាពចូលរួម ទាំងការចូលរួមដោយផ្ទាល់ និងដោយប្រយោល ហើយក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជរដ្ឋាភិបាល បានបោះជំហានទៅមុខយ៉ាងស្វាហាប់ និងដឹកនាំប្រទេសឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះរួមមានវិស័យទេសចណ៍ ដែលជាវិស័យអាទិភាពដ៏សំខាន់មួយ ក្នុងការកសាងសេដ្ឋកិច្ច សង្គម ដោយបាននាំមកនូវចំណូលជូនជាតិ ផ្តល់ឱកាសការងារ និងចូលរួមដល់ការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។
ក្នុងនោះដែរ លោកអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបញ្ជាក់ថា ការរីកចម្រើន នៃវិស័យទេសចរណ៍កម្ពុជា បានឆ្លុះបញ្ចាំងយ៉ាងប្រត្យក្សអំពីសារៈសំខាន់ នៃកត្តាសន្តិសុខ សុវត្ថិភាព ស្ថិរភាពនយោបាយ ដែលជាកត្តាកំណត់ និងជាមូលដ្ឋានសម្រាប់ធានាចីរភាព កំណើននៃវិស័យទេសចរណ៍ ជាក់ស្តែងក្នុងឆ្នាំ២០១៥ កន្លងមកនេះ កម្ពុជាទទួលបានទេសចរអន្តរជាតិ ៥,៨លាននាក់ ក្នុងកំណើន៦,១% បើប្រៀបធៀបនឹងឆ្នាំ២០១៤ នាំចំណូលចូលសេដ្ឋកិច្ចជាតិប្រមាណ ៣,១២ពាន់លានដុល្លារ និងបង្កើតឱកាសការងារ ដោយផ្ទាល់ប្រមាណ ៦០ម៉ឺននាក់ ដោយឡែក ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៦នេះ កម្ពុជាទទួលទេសចរណ៍អន្តរជាតិបាន ២,៣៦០,៩៣២នាក់ ក្នុងអត្រាកំណើន២.៦% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៥ ដែលរំពឹងថានឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៥លាននាក់ នៅឆ្នាំ២០១៦នេះ និងពី៧លាន ទៅ៧,៥លាននាក់ ក្នុងឆ្នាំ២០២០ ដោយនាំមកនូវចំណូលចូលសេដ្ឋកិច្ចជាតិប្រមាណ ៥ពាន់លានដុល្លារ៕