(កំពង់ចាម)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញពីការប្ដេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលបន្ដពីរាជរដ្ឋាភិបាល នីតិកាលមុនៗ ក្នុងការដាក់ចេញនូវគោលនយោបាយជាបន្ដបន្ទាប់ដើម្បីជួយដល់កសិករ និងវិនិយោគផ្សេងៗ លើវិស័យកសិកម្មឲ្យកាន់តែល្អប្រសើរនៅទូទាំងប្រទេស។

ការលើកឡើងបែបនេះរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងនៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពរួមគ្នាជាមួយលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ហ៊ុនម៉ាណែត ប្រារព្ធពិធីអបអរសាទរទិវាមច្ឆជាតិ ១ កក្កដា លើកទី១៩ ព្រមទាំងលែងត្រី១.៥លានក្បាលចូលទៅក្នុងបឹងធំ ដែលជាបឹងធម្មជាតិដ៏ធំ ស្ថិតក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលនៅតែបន្ដធ្វើ ព្រោះការអន្ដរាគមន៍ទៅដល់ប្រជាពលរដ្ឋខាងកសិកម្ម មិនមែនតែតម្លៃផលិតផលនោះទេ សំខាន់ទី១៖ មានទីផ្សារ, ទី២៖ ផលចំណេញក្រោយកាត់ការចំណាយអាចបានកាន់តែច្រើន។ រាជរដ្ឋាភិបាលនៅក្នុងអាណត្តិទី៧នេះ នឹងប្ដេជ្ញាចិត្តបន្ដពីរាជរដ្ឋាភិបាលអាណត្តិមុនៗ ដើម្បីដាក់ចេញនូវគោលនយោបាយជាបន្ដបន្ទាប់ ក្នុងការជួយដល់កសិកររបស់យើងទូទាំងប្រទេស ក៏ដូចជាការវិនិយោគផ្សេងៗនៅក្នុងវិស័យកសិកម្មរបស់យើង»

បើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត, បច្ចុប្បន្ននេះ ដីធ្វើកសិកម្មកាន់តែថយ ទៅជាលំនៅឋាន ប្រែក្លាយទៅជាក្រុង ដែលរុញដល់វិស័យឧស្សាហ៍កម្ម និងទេសចរណ៍ផ្សេង ហើយការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល នៅក្នុងការជួយដល់វិស័យកសិកម្មសំខាន់ណាស់ ការកសាងប្រព័ន្ធធារាសាស្ដ្រ អាងស្ដុកទឹក ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដ ផ្លូវតភ្ជាប់សម្រាប់ដឹកជញ្ជូន អគ្គិសនីជាដើម។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា យុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាលក្នុងការជួយដល់វិស័យកសិកម្មឧស្សាហ៍កម្ម ដូចជា ស្រូវ អង្ករ កៅស៊ូ ស្វាយចន្ទី បានអនុវត្តច្រើននាពេលកន្លងទៅ។ ជាក់ស្ដែង គ្រាន់តែយុទ្ធសាស្ដ្រក្នុងការទាក់ទាញអ្នកវិនិយោគមកពីក្រៅប្រទេស ដើម្បីប្រើប្រាស់វត្ថុធាតុដើមនៅក្នុងប្រទេសកម្ពុជា ក៏បានជួយមួយផ្នែកធំដល់ប្រជាកសិករផងដែរ។

ទាក់ទិនការងារវារីវប្បកម្មវិញ សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឲ្យជំរុញវារីវប្បកម្មតាមគ្រប់រូបភាព ទាំងទឹកសាប និងសមុទ្រ ដោយលើកកម្ពស់ការស្រាវជ្រាវបច្ចេកទេស បង្កាត់-ភ្ញាស់វារីសត្វកម្រដែលប្រឈមនឹងការផុតពូជ ដើម្បីអភិរក្ស និង កូនត្រីពូជដែលមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ដើម្បីលើកកម្ពស់ជីវភាពវារីវប្បករផង និងកាត់បន្ថយ សម្ពាធមកលើធនធានជលផលធម្មជាតិផង។

សម្តេចធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានណែនាំឲ្យបង្កើនការត្រួតពិនិត្យគុណភាព សុវត្ថិភាព សមត្ថភាពកែច្នៃ និង ការអភិវឌ្ឍខ្សែច្រវាក់តម្លៃជលផល ដើម្បីពង្រឹងភាពប្រកួតប្រជែងរបស់ផលិតផល ជលផលកម្ពុជា, ទាំងសម្រាប់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស ហើយអំពាវនាវ និងលើកទឹកចិត្តឲ្យដៃគូអភិវឌ្ឍ និង វិស័យឯកជន ចូលរួមគាំទ្រឲ្យកាន់តែខ្លាំងថែមទៀត តាមរយៈការផ្តល់បច្ចេកទេស និងដើមទុន រួមទាំងហិរញ្ញប្បទានការប្រាក់ទាប ដើម្បីជំរុញវារីវប្បកម្ម និង ការកែច្នៃផល ផលិតផលជលផលកម្ពុជា។

បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយក្រសួងបរិស្ថាន ត្រូវ បង្កើនការយកចិត្តទុកដាក់ឲ្យកាន់តែខ្លាំងក្លាថែមទៀត ក្នុងការកាត់បន្ថយផលប៉ះពាល់បង្កឡើង ដោយការប្រែប្រួលអាកាសធាតុ ដើម្បីធានាចីរភាព និងនិរន្តរភាពនៃការអភិវឌ្ឍវិស័យកសិកម្ម៕