(ភ្នំពេញ)៖ លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងបំពេញទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃនៅកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ ។ នេះបើតាមការជូនដំណឹងរបស់ក្រសួងការបរទេសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា។

តាមការប្រកាសរបស់ក្រសួងការបរទេស បានឱ្យដឹងថា ក្នុងអំឡុងពេលទស្សនកិច្ចនេះ រដ្ឋមន្ត្រីការបរទេសជប៉ុន នឹងអញ្ជើញចូលជួបសម្ដែងការគួរសមដាច់ដោយឡែកជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានជំនួបទ្វេរភាគីជាមួយ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា។

ដំណើរទស្សនកិច្ចនេះ នឹងរក្សាសន្ទុះនៃការផ្លាស់ប្ដូរកម្រិតខ្ពស់ជាញឹកញាប់ និងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និង ជប៉ុន៕