(សៀមរាប)៖ ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងរមណីយដ្ឋានអង្គរ ត្រូវបានទទួលនូវការយកចិត្តទុកដាក់អំពីសំណាក់អាជ្ញាធរជាតិអប្សរា ដោយមានការអនុគ្រោះក្នុងការជួសជុលតូចតាចនូវលំនៅដ្ឋានក៏ដូចជាសំណង់ឧប្បសម្ព័ន្ធមាន របង ដំបូល ជញ្ចាំង សសរពុក បង្គន់អនាម័យ រោងគោ ទ្រុងមាន់ និងទ្រុងជ្រូកជាដើម នៅលើទីតាំងកំពុងរស់នៅផ្ទាល់តែម្ដងតាមរយៈការចុះពិនិត្យ និងសម្រេចជាប្រចាំដោយក្រុមការងារសហគមន៍នាយកដ្ឋានគ្រប់គ្រង់ដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា។

ជាក់ស្ដែងក្នុងសប្ដាហ៍ទី៣ (ទី១៧ដល់ទី២១) នៃខែមិថុនា ក្រុមការងារសហគមន៍បានចុះពិនិត្យសំណើបានចំនួន៦០ករណី និងសម្រេចអនុញ្ញាតបានចំនួន៥៤ករណី ទៅតាមបណ្ដាលស្រុក/ក្រុងទាំង៥ ដូចខាងក្រោម៖
- ស្រុកបន្ទាយស្រីអនុញ្ញាតបាន ២៣ករណី
- ក្រុងសៀមរាបអនុញ្ញាតបាន ១៩ករណី
- ស្រុកប្រាសាទបាគងអនុញ្ញាតបាន ២ករណី
- ស្រុកអង្គរធំអនុញ្ញាតបាន ៤ករណី
- ស្រុកពួកអនុញ្ញាតបាន ៦ករណី

សូមជម្រាបថា រាល់ការដាក់ពាក្យស្នើសុំច្បាប់ និងការអនុញ្ញាត គឺពុំតម្រូវឱ្យប្រជាពលរដ្ឋបង់ប្រាក់នោះឡើយ។ ជាមួយគ្នានេះ ក្រុមការងារសង្កេតឃើញថាក៏មានអ្នកដែលទទួលបានការអនុញ្ញាតហើយ ប៉ុន្តែពុំបានអនុវត្តត្រឹមត្រូវស្របនឹងការអនុញ្ញាតនោះឡើយ។ ដូច្នេះអាជ្ញាធរជាតិអប្សរាសង្ឃឹមថា ប្រជាពលរដ្ឋដែលទទួលបានការអនុញ្ញាតឱ្យជួសជុលលំនៅដ្ឋានត្រូវអនុវត្តឲ្យស្របតាមចំណុចបច្ចេកទេសដែលមានការទទួលដឹងឮពីអាជ្ញាធរមូលដ្ឋាន និងទទួលស្គាល់ដោយអាជ្ញាធរជាតិអប្សរា៕