(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីម្តងទៀតថា គ្មានការចរចា ឬសន្ទនាពីរឿងបុគ្គលរបស់មេដឹកនាំគណបក្សសង្រ្គោះជាតិ ដែលធ្វើខុសនឹងច្បាប់នោះឡើយ និងហាមផ្តាច់ការយកបាតុកម្មធ្វើជាគំនាបសម្រាប់កិច្ចចរចា។ សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា រឿងបុគ្គលរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ និងលោក កឹម សុខា អនុប្រធានបក្ស មានតែការតថ្លៃតាមផ្លូវតុលាការមួយប៉ុណ្ណោះ។ (សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖)

ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលសម្តេចអញ្ជើញចែកសញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យបញ្ញាជាតិ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅវិទ្យាស្ថានជាតិអប់រំ។

គណបក្សសង្រ្គោះជាតិ គ្រាដែលមេដឹកនាំរបស់ខ្លួនកំពុងប្រឈមទៅនឹងប្រព័ន្ធតុលាការនោះ បានចាត់ទុកស្ថានការណ៍នយោបាយនៅកម្ពុជា មានភាពអួរអាប់ និងចាត់ទុកស្ថានការណ៍នយោបាយនាពេលបច្ចុប្បន្នថា កំពុងជួបនូវវិបត្តិ នឹងទទូចអង្វរម្តងហើយម្តងទៀតសូម ចរចាជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបញ្ចប់ស្ថានការណ៍ទាំងអស់នេះ។

នៅចំពោះមុខនិស្សិត និងមន្រ្តីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល នឹងមានការផ្សាយផ្ទាល់តាមទំព័រ Facebook និង Fresh News ផងនោះ សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅ កាន់សាធារណជនថា ប្រទេសកម្ពុជា មិនមានវិបត្តិនយោបាយនោះឡើយ ប្រជាពលរដ្ឋកម្ពុជាកំពុងប្រកបរបរចិញ្ចឹមជីវិតជាប្រក្រតីភាព ហើយដំណើរការ នៃការចុះឈ្មោះបោះឆ្នោតក៏កំពុងដំណើរការទៅជាធម្មតានោះដែរ។ សម្តេចតេជោ ហ៊ុន សែន ថា មានវិបត្តិរបស់បុគ្គល ដែលធ្វើខុសនឹងច្បាប់តែប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «សូមកុំយកករណីបុគ្គលធ្វើជាករណីនយោបាយ ហើយកុំចាត់ទុកដាក់ថា ជាសកម្មភាពស្របច្បាប់ នៃការបញ្ចេញមតិ ខ្ញុំសូមទូន្មានសាជាថ្មីកំហុសបុគ្គល មិនអាចយកអង្គការចាត់តាំងនយោបាយមួយ យកមកទប់ស្កាត់ទេ។ វប្បធម៌សន្ទនា ធ្វើចំពោះតែរឿងណា ដែលវាស្ថិតលើសមត្ថកិច្ច នៃបក្សនយោបាយ ឬរដ្ឋាភិបាល ឬអ្វីដែលត្រូវនិយាយគ្នា ប៉ុន្តែរឿងរ៉ាវរបស់អង្គណាអង្គណុងត្រូវធ្វើ ដូចជាអង្គតុលាការត្រូវកាត់ទោស អ្នកដែលធ្វើខុស។ ម៉ាប្រទេសហ្នឹង គេកាត់អស់ប៉ុន្មានហើយ មនុស្សប៉ុន្មាននាក់ ដែលគេកាត់ទោស ហើយអ្នកអែងត្រូវដឹងថា កាត់ទោសហ្នឹង គឺអ្នកអែងធ្វើស្អី មិនមែនមនុស្សទាំងអស់ គេដើរចាប់យកមកកាត់ទោសឯណា»

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា «ខ្ញុំសូមបញ្ជាក់ថា នៅកម្ពុជា គ្មានវិបត្តិនយោបាយ គ្មានវិបត្តិផ្ទៃក្នុង សម្រាប់ផ្ទាល់ខ្លួនរបស់អ្នកអែងវិបត្តិ និងក្រុមរបស់ អ្នកអែងវិបត្តិ គឺជារឿងរបស់អ្នកអែងដោះស្រាយជាមួយនឹងតុលាការ មិនមែនជាសមត្ថកិច្ចរបស់បក្សនយោបាយ ហើយក៏មិនមែនជាសមត្ថកិច្ចរបស់ រាជរដ្ឋាភិបាលនោះទេ។ រឿងណា ដែលទៅដល់តុលាការហើយ គឺជារឿងរបស់តុលាការ ខ្ញុំអត់ជ្រៀតជ្រែកបានទេ»

សម្តេចតេជោ ហ៊ុន សែន ក៏បានព្រមានបក្សប្រឆាំងផងដែរ ចំពោះគម្រោងធ្វើបាតុកម្ម ដើម្បីដាក់គំនាបសម្រាប់ការចរចាទាំងឡាយលើសំណុំរឿងរបស់មេដឹកនាំ បក្សប្រឆាំង។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មិនអាចឲ្យនរណាមួយបំផ្លាញនូវស្ថេរភាព សន្តិភាព ស្ថេរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គមបានទេ។ សម្តេចតេជោថា សេចក្តីត្រូវការរបស់ប្រជាជនពេលនេះ គឺសន្តិភាព សេចក្តីត្រូវការរបស់ប្រជាជន គឺស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម ដើម្បីការអភិវឌ្ឍ។

សម្តេចតេជោ បានបញ្ជាក់ដូច្នេះ «កុំស្អីឡើងគំរាមធ្វើបាតុកម្ម ! គំរាមគេធ្វើបាតុកម្ម ដើម្បីចរចា អត់ផ្លូវទេអាពៅ និយាយគ្នាឲ្យច្បាស់។ ចង់ចរចានិយាយគ្នាឲ្យត្រង់ និយាយគ្នាឲ្យស្រួល បាតុកម្ម ចរចា! បើអញចរចាឆ្កែសុទ្ធហ្អា! ប្រាប់ឲ្យហើយ!»

សូមបញ្ជាក់ថា បច្ចុប្បន្នគណបក្សសង្រ្គោះជាតិ កំពុងជួបស្ថានការណ៍អាក្រក់ដូចជា សំពៅអត់ក្តោងទៅហើយ ដោយសារលោក សម រង្ស៊ី ប្រធានបក្ស បាននិង កំពុងនិទ្ទេសខ្លួននៅក្រៅប្រទេស ដើម្បីគេចចេញពីសំណាញ់ច្បាប់ និងថ្នាក់ដឹកនាំបក្សជាច្រើនរូបត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារជាបន្តបន្ទាប់ និងខ្លះទៀត កំពុងប្រឈមផ្លូវច្បាប់ ខណៈដែលលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ៥ខែ និងពិន័យជាប្រាក់ ៨០ម៉ឺនរៀលពីបទ «បដិសេធក្នុងការចូលខ្លួន» តាមមាត្រា ៥៣៨ នៃក្របទណ្ឌល។

ឆ្លើយតបស្ថានការណ៍អាក្រក់នេះ គណបក្សប្រឆាំងមួយនេះ កំពុងធ្វើការជួបជុំអ្នកគាំទ្ររបស់ខ្លួនជារៀងរាល់ថ្ងៃនៅទីស្នាក់ការក្នុងសង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ ហើយក៏តែងបានទទូចចង់ចរចាជាមួយ គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចផងដែរ។ ទន្ទឹមចង់បានការចរចាបក្សនេះ ក៏បានគំរាមធ្វើបាតុកម្ម ដើម្បីទាមទារ ឲ្យមានការលើកលែងការចោទប្រកាន់ទាំងឡាយលើមេដឹកនាំបក្សរបស់ខ្លួន តែការគំរាមនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ដាក់ចេញវិធានការណ៍ទប់ទល់ និង ដាក់បទបញ្ជាឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀម កម្ចាត់សកម្មភាព ដែលសម្តេចចាត់ទុកថា ជាការបំផ្លាញស្ថេរភាព និង ភាពសុខសាន្តរបស់ប្រទេសជាតិ៕