(ភ្នំពេញ)៖ នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានចាត់តាំងក្រុមជំនួយការនាំយកសារលិខិតរំលែកមរណទុក្ខ និងបច្ច័យមួយចំនួនជូនដល់ក្រុមគ្រួសារសពរបស់លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ មរតកមនុស្សរស់ចាបុីដងវែង ដែលបានទទួលមរណភាព នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិដូង ឃុំស្វាយទង ស្រុកកំពង់ត្រាច ខេត្តកំពត ដោយរោគាពាធ ក្នុងជន្មាយុ ៨០ ឆ្នាំ ​។​

ក្រុមគ្រួសារសព បានគោរពថ្លែងអំណរគុណ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេកប្បការ ចំពោះភាពកក់ក្តៅនៅក្នុងកាលៈទេសៈលំបាកនេះ ជាពិសេសទឹកចិត្តដ៏មហាកុសល និងក្តីសប្បុរសក្នុងការជួយឧបត្ថម្ភដល់ការព្យាបាលក្នុងរយៈកាលកន្លងមក។ ជាការតបស្នងចំពោះគុណូបការៈដ៏ប្រពៃថ្លៃថ្លានេះ ក្រុមគ្រួសារសពសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយតាមបីបាច់ថែរក្សា សម្តេចមហាបរវធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី សូមប្រកបនឹងពុទ្ធពរ ០៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតទ្បើយ ៕